(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយស្រុកសន្ទុក បានលើកឡើងថា វិស័យអប់រំជាវិស័យគ្រឹះដ៏រឹងមាំ ក្នុងការជំរុញ និងធ្វើឲ្យសង្គមជាតិមានការរីកចម្រើនទ្វេរឡើង។

ការលើកឡើងបែបនេះរបស់ប្រធានក្រុមការងារចុះ ជួយស្រុកសន្ទុក ធ្វើឡើងនាថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៨ ក្នុងកម្មវិធីជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូជាង៦០០នាក់ ជាសមាជិកា សមាជិកាគណបក្សប្រជាជនកម្ពុជា ដើម្បីស្វែងយល់ពីការងារអប់រំ និងផ្លាស់ប្ដូរយោបល់គ្នា ព្រមទាំងចែករំលែកពីការវិវត្តន៍ និងការរីកចម្រើនថ្មីៗ ក្នុងវិស័យអប់រំរបស់កម្ពុជា។

លោក ជា ចាន់តូ បានថ្លែងបញ្ជាក់ថា « វិស័យអប់រំកម្ពុជា ក៏ដូចវិស័យដទៃទៀត សុទ្ធតែមានសារសំខាន់នៅក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ។ ប៉ុន្តែវិស័យអប់រំ ជាវិស័យគ្រឹះដ៏រឹងមាំដែលជម្រុញ និងធ្វើឲ្យសង្គមជាតិ មានការរីកចម្រើនរឹងមាំព្រោះថា វិស័យនេះមានតួនាទី បណ្ដុះធនធានមនុស្សសម្រាប់អភិវឌ្ឍន៍ប្រទេស»។

លោក ជា ចាន់តូ បន្តទៀតថា ទោះបីកម្ពុជាជាដែនដីសុវណ្ណភូមិ សម្បូរទៅដោយសម្បត្តិធម្ម យ៉ាងណាក៏ដោយបើខ្វះធនធាន ប្រកបដោយសមត្ថភាពនោះ មិនទាញយកភោគទ្រព្យទាំងនេះមកកសាង
និងអភិវឌ្ឍន៍បានដែរ។ មួយវិញទៀត ដើម្បីសម្រេចបាននូវគោលដៅ ពលរដ្ឋម្នាក់ៗពិសេស លោកគ្រូ អ្នកគ្រូ ដែលជាអ្នកផ្ដល់ចំណេះដឹង ដល់មនុស្សផងទាំងពួង ត្រូវបង្កើនស្មារតីឯកភាព និងសហកាគ្នា
ឲ្យរឹងមាំ កសាងវិស័យអប់រំឲ្យក្លាយជា វិស័យស្នូលសម្រាប់រួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងជាតិមាតុភូមិ។

ប្រធានក្រុមការងារចុះជួយស្រុកសន្ទុក ក៏បានផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូថា ក្រៅពីជាអ្នកអប់រំ និងផ្ដល់ចំណេះដឹងដល់អ្នកបន្តវេណជំនាន់ក្រោយនោះ លោកគ្រូ អ្នកគ្រូ ក៏ត្រូវមានតួនាទីអប់រំសិស្ស
ឲ្យយល់ដឹងពីការវិវត្តន៍ និងប្រវត្តិសាស្ត្ររបស់ប្រទេស ដើម្បីកុំឲ្យពួកគេដើរ ជាន់ដានចាស់ដែលកម្ពុជាបានឆ្លងកាត់។

ជាមួយគ្នានោះ លោកក៏បានអំពាវនាវឲ្យពលរដ្ឋ ប្រចាំខេត្តកំពង់ធំទាំងអស់គ្នា ទៅចូលរួមបោះឆ្នោត​ជ្រើស​តាំងតំណាងរាស្រ្ដ ម្រាប់អាណ្ណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ៕