(ភ្នំពេញ)៖ លោក សំហេង បុរស អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាភិបាលបេឡាជាតិអតីតយុទ្ធជន តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ ដោយបានប្រកាសផ្សព្វផ្សាយជាផ្លូវការ គោលការណ៍ចំនួន៤ចំណុច ដើម្បីជួយដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋទូទៅ ក្រោយការប្រកាសដាក់ចេញពីម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី១១ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា។
ថ្លែងជំនួសមុខឲ្យរដ្ឋមន្រ្តី វង សូត, លោក សំហេង បុរស បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញគោលការណ៍៤ចំណុចសំខាន់ៗ ជួយដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋទូទៅ។
លោក សំហេង បុរស បានថ្លែងបែបនេះ នៅចំពោះមុខអ្នកសារព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីការផ្សព្វផ្សាយគោលនយោបាយ លើវិស័យអតីតយុទ្ធជន និងគាំពារសង្គម ដែលរៀបចំធ្វើនៅថ្ងៃរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននោះ លោក សំហេង បុរស បានបញ្ជាក់ឲ្យដឹងថា ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបលើកទី១១ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវគោលការណ៍៤ចំណុចសំខាន់ៗរួមមាន៖
១៖ បន្តធ្វើការសាងសង់ផ្ទះបន្ថែម ឲ្យបានច្រើនថែមទៀតជូនទៅដល់បងប្អូនអតីតយុទ្ធជន ដោយបានដកថវិកាពីមូលនិធិអតីតយុទ្ធជនកម្ពុជាចំនួន៤០០០លានរៀល ដើម្បីយកមកធ្វើផ្ទះជូនបងប្អូនអតីតយុទ្ធជន
២៖ ការឧបត្ថម្ភសាច់ប្រាក់ដល់ស្រ្តីជាពលរដ្ឋក្រីក្រក្នុងពេលមានផ្ទៃពោះ និងពេលសម្រាលកូន ដែលនឹងត្រូវអនុវត្តចាប់ពីពាក់កណ្តាលឆ្នាំ២០១៩ខាងមុខ។ ប្រជាពលរដ្ឋក្រីក្រ ពេលមានផ្ទៃពោះ និងសម្រាលកូន នឹងទទួលបានប្រាក់ឧបត្ថម្ភ៣ដំណាក់កាលរួមមាន៖
-ដំណាក់កាលទី១៖ ការឧបត្ថម្ភមុនពេលសម្រាល គឺក្នុងអំឡុងពេលមានផ្ទៃពោះ ទទួលបានការឧបត្ថម្ភជាសាច់ប្រាក់ចំនួន៤ដង ដោយក្នុង១ដង គឺទទួលបាន៤ម៉ឺនរៀល
-ដំណាក់កាលទី២៖ ការឧបត្ថម្ភពេលសម្រាលកូន គឺនៅពេលសម្រាលកូន នឹងទទួលបានការឧបត្ថម្ភសាច់ប្រាក់ចំនួន២០ម៉ឺនរៀល
-ដំណាក់កាលទី៣៖ ការឧបត្ថម្ភពេលសម្រាល គឺនៅពេលក្រោយសម្រាលកូនរួច នឹងទទួលបានប្រាក់ឧបត្ថម្ភសាច់ប្រាក់ចំនួន២០ដង ដោយក្នុង១ដងទទួលបាន៤ម៉ឺនរៀល។
៣៖ ចូលរួមជួយបង់វិភាគទានជំនួសគ្រួសារពលី មរណៈ ដែលជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ចំនួន៥០ភាគរយ ដែលស្មើនឹង៣៥០០រៀល ចូលទៅបេឡាមរណៈសង្រ្គោះ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ ពេលសមាជិកសមាគមទទួលបានមរណភាព និងទទួលថវិកាចំនួន៤លានរៀលសម្រាប់រៀបចំបុណ្យសព។
៤៖ ការផ្តល់សេវាថែទាំសុខភាពជូនដល់គ្រួសារពលី មរណៈទាំងអស់ទាំងគ្រួសារដែលជាសមាជិកសមាគម និងមិនមែនជាសមាជិក សមាគម តាមរយៈមូលនិធិសមធម៌។
ការប្រកាសផ្សព្វផ្សាយគោលនយោបាយលើវិស័យអតីតយុទ្ធជន និងគាំពារសង្គម របស់ក្រសួងសង្គមកិច្ច នាពេលនេះ បានធ្វើឡើងក្រោយពេលដែល នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ ដាក់ចេញការងារសាងសង់លំនៅឋាន សម្រាប់អតីតយុទ្ធជន គឺជារឿងអាទិភាព។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលបានសម្រេចដកថវិកាប្រមាណ១លានដុល្លារអាមេរិក ពីការសាងសង់បន្ទាយយោធាលេខ១២៨ សម្រាប់ទ្រទ្រង់សកម្មភាព សមាគមអតីតយុទ្ធជនកម្ពុជា និងដោះស្រាយបញ្ហារបស់អតីតយុទ្ធជន។
ក្រៅពីនោះ សម្តេចតេជោ ហ៊ុន សែន ក៏បបានប្រកាសថារាជរដ្ឋាភិបាលអាណត្តិថ្មីនឹងសម្រេចឧបត្ថម្ភថវិកាប្រមាណ៧៦ម៉ឺនរៀល ដល់ស្រ្តីក្រីក្រនៅទូទាំងប្រទេសកម្ពុជា ចាប់ពីដំណាក់កាលមានផ្ទៃពោះ រហូតដល់ក្រោយពេលសម្រាល។ ការឧបត្ថម្ភនេះ នឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីពាក់កណ្តាលឆ្នាំ២០១៩តទៅផងដែរ៕