(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្រៃ្តយ៍ គណបក្សខ្មែររួបរួមជាតិ ជាបក្សរាជានិយមមួយទៀតនៅកម្ពុជា គ្រោងប្រគល់ទួនាទីប្រធានគណបក្សឱ្យទៅលោក ញឹក ប៊ុនឆៃ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨ ខាងមុននេះ ដើម្បីស្រង់ប្រជាប្រិយភាពបក្សឡើងវិញ សម្រាប់ការចូលរួមប្រកួតប្រជែងការបោះឆ្នោត នៅចុងខែក្រោយ។ នេះបើតាមការបញ្ជាក់របស់លោក សិង្ហ គីរី ប្រធានគណបក្សខ្មែរ រួមរួបជាតិបច្ចុប្បន្ន ដែលថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃនេះ។
លោក សឹង្ហ គីរី បានបញ្ជាក់ថា ទីតាំងធ្វើសមាជប្រគល់តួនាទីជូនលោក ញឹក ប៊ុនឆៃ វិញនឹងធ្វើឡើងនៅក្នុងគេហដ្ឋានផ្ទាល់របស់លោក ស្ថិតនៅសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ វេលាម៉ោង៨៖៣០នាទីព្រឹក នៅថ្ងៃសៅរសប្តាហ៍នេះ ដោយបើកទូលាយឱ្យប្រព័ន្ធផ្សព្វជាតិ និងអន្តរជាតិ ចូលរួមយកព័ត៌មានបានធម្មតា។
លោក សឹង្ហ គីរី បានថ្លែងយ៉ាងដូច្នេះថា «គណបក្សខ្មែររួបរួមជាតិ គ្រោងប្រគល់តួនាទីប្រធានបក្សឱ្យទៅលោក ញឹក ប៊ុនឆៃ វិញនៅថ្ងៃទី៩ ខែមិថុនា ប៉ុន្តែមិនដឹងថា លិខិតស្នាមធ្វើទាន់ ឬមិនទាន់»។ ក្នុងករណីដែលធ្វើលិខិតស្នាមមិនទាន់ការប្រគល់តួនាទីបក្សអាចយឺតជាងនេះ។ លោកបានបន្តថា បន្ទាប់ពីប្រគល់តួនាទីជូនលោក ញឹក ប៊ុនឆៃ វិញ លោកខ្លួនឯងផ្ទាល់នឹងក្លាយជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍វិញ។
ដោយឡែកពាក់ព័ន្ធសុខភាពរបស់លោក ញឹក ប៊ុនឆៃ វិញត្រូវបានលោក សឹង្ហ គីរី បានអះអាងថា គឺធម្មតាមិនមានអ្វីជាបញ្ហាចោទទេ។
សូមបញ្ជាក់ថា លោក ញឹក ប៊ុនឆៃ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។ លោក ញឹក ប៊ុនឆៃ អតីតប្រធានគណបក្សខ្មែររួបរួមជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ពាក់ព័ន្ធករណីផលិតគ្រឿងញៀន កាលពីឆ្នាំ២០០៧ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
លោកត្រូវបានចោទប្រកាន់ចំនួន២បទល្មើសរួមមានពីបទ សមគំនិត ក្នុងបទផលិតគ្រឿងញៀន និងនាំចូលសារធាតុសម្រាប់ផ្សំគ្រឿងញៀន ប្រព្រឹត្តនៅចំណុចភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០០៧៕