(ភ្នំពេញ)៖ ប្រជាពលរដ្ឋជាង៣០គ្រួសារ ដែលរស់នៅជុំវិញ វត្តឧណ្ណាលោម ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានទទូចស្នើសុំដល់សាលារាជធានី និងក្រសួងធម្មការ ជួយអន្តរាគមន៍ និងសុំឲ្យអាជ្ញាធរមានវិធានការដោះស្រាយ បញ្ឈប់រាល់ការបូរជាសព ដែលជាបញ្ហាប្រឈម និងការរស់នៅរបស់ពួកគាត់យ៉ាងខ្លាំង។
ការស្នើយ៉ាងទទូចនេះ បន្ទាប់ពីពួកគាត់ទ្រាំលែងបាននៅក្លិនផ្សែងឈ្ងៀមចេញពីមេនបូរជាសព នៅក្នុងវត្តឧណ្ណាលោម ដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅ របស់ពួកគាត់យ៉ាងខ្លាំង។
ប្រជាពលរដ្ឋបានលើកឡើងថា ផ្សែងហុយទ្រលោមមានក្លិនឈ្ងៀម ដែលចេញការបូរជាសពនៅក្នុង វត្តឧណ្ណោលោម ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ ជាយូរណាស់មកហើយ រាល់ពេលដែលបូរជាសពម្តងៗ ធ្វើឲ្យពួកគាត់ពិបាកទ្រាំដកដង្ហើម ពិបាកហូបចុក ផ្សែងឈ្ងៀមចូលពេញលំនៅឋានរបស់ពួកគាត់។
បើតាមប្រជាពលរដ្ឋទាំងអស់នោះ កន្លងមកកាលពីអតីតអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានចេញសេក្តីណែនាំ និងឲ្យបញ្ឈប់នៅការបូរជាសពបន្តទៀត នៅក្នុងវត្តឧណ្ណាលោម តែរហូតមកដល់ពេលនេះ នៅតែមានការបូរជាសពដដែល។ ដូច្នេះពួកគាត់ទទូច សូមអាជ្ញាធររាជធានីភ្នំពេញ និងក្រសួងធម្មការ ឬអាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយនៅបញ្ហាខាងនេះផងជូនពួកគាត់ផង៕