(តាកែវ)៖ រសៀលថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ឋស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ដោយមានការសម្របសម្រួលពីអង្គការ HEIFER INTERNATIONAL CAMBODAI លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងសហការី បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយ បងប្អូនសមាជិកសហគមន៍ចំនួន៥០រូប តំណាងសហគមន៍កសិកម្មចំនួន១១ ស្ថិតក្នុងខេត្តតាកែវចំនួន៩ និងខេត្តកំពតចំនួន២។
ពិធីនោះក៏មានការចូលរួមពីលោកឱកញ៉ា គឹម សាវុធ អគ្គនាយកក្រុមហ៊ុន ខ្មែរហ៊្វូតគ្រុប ដែលក្រុមហ៊ុននេះបានទទួលគម្រោងឥណទានពិសេសរបស់រាជរដ្ឋាភិបាល ក្នុងការសាងសង់ឃ្លាំងស្តុកស្រូវចំនួន៥០,០០០តោន និងឡសំងួតស្រូវចំនួន១៥០០តោន/ថ្ងៃ ដែលផ្តល់ជូនតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និងក៏មានការចូលរួមពីលោក ស៊ឹម ដារ៉ា តំណាងអង្គការ HEIFER INTERNATIONAL CAMBODIA។
គោលបំណងនៃពិធីសំណេះសំណាលនោះ គឺ
១៖ ផ្សព្វផ្សាយអំពីព័ត៍មាននៃការតភ្ជាប់ទីផ្សាររវាងសហគមន៍កសិកម្មអ្នកផលិត និងអ្នកទទួលទិញ
២៖ ធ្វើការផ្សព្វផ្សាយអំពីគោលការណ៍ឥណទានសហគមន៍
៣៖ ប្រគល់-ទទួលកំព្យួទ័រជូនដល់សហគមន៍
ឆ្លៀតក្នុងឱកាសនោះ លោក កៅ ថាច បានធ្វើការជម្រាបជូនដល់សមាជិកសហគមន៍ អំពីការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល លើវិស័យកសិកម្មជាពិសេសបញ្ហាកសិករ ក្នុងនោះការទំលាក់ទុន ជាបន្តបន្ទាប់តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើការផ្តល់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុននាំចេញស្រូវ អង្ករ និងដល់សហគមន៍កសិករដោយយកអត្រាការប្រាក់ទាប។
បន្ថែមលើនេះ លោក កៅ ថាច បានណែនាំឲ្យសហគមន៍ពង្រីកការផលិតស្រូវសែនក្រអូប ដែលកំពុងមានទីផ្សារ ហើយត្រូវរៀបចំកិច្ចសន្យា កសិកម្មជាមួយអ្នកទទួលទិញ ដែលមានកេរ្តិ៍ឈ្នោះ ដូចយ៉ាងក្រុមហ៊ុនខ្មែរហ៊្វូតគ្រុបដែលបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងធ្វើការទទួលទិញស្រូវ ពីសហគមន៍ជាច្រើន ដោយការទិញនោះធ្វើឡើងតាមតំលៃទីផ្សារ។
ទន្ទឹមនេះ លោកបន្តលើកទឹកចិត្តដល់បងប្អូនសហគមន៍ ពង្រឹកការចញ្ចឹមសត្វ ដាំបន្លែដោយគ្មានជាតិគីមី និងដំណាំផ្សេងៗ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកអោយបានច្រើន។
ដោយឡែកចំពោះបញ្ហាស្នើសុំឥណទាន ក្នុងករណីសហគមន៍នៅក្នុងតំបន់នេះ មានតម្រូវការឥណទានដើម្បីពង្រីកការផលិតស្រូវ ចញ្ចឹមសត្វ ឬដាំដុះ ធនាគាអភិវឌ្ឍន៍ជនបទ រង់ចាំទទួលពាក្យសុំខ្ចីពីបងប្អូន ដោយអត្រាការប្រាក់ទាប។
បន្ថែមលើនេះ ជាការលើកទឹកចិត្តដល់សហគមន៍ដែលបានចូលរួម លោក កៅ ថាច បានឧបត្ថមកំព្យួទ័រ ចំនួន១១ គ្រឿងដើម្បីសម្រួលដល់ការកត់ត្រាទិន្នន័យ និងបញ្ចីស្នាមផ្សេងៗ។
បន្ថែមលើនេះ ដោយការបោះឆ្នោតថ្នាក់ជាតិជិតមកដល់ លោក កៅ ថាច ស្នើសុំបងប្អូនសហគមន៍ និងសមាជិក អញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រទាំងអស់គ្នានៅថ្ងៃទី២៩ ខែកក្កដា ដើម្បីប្រើប្រាស់សិទ្ធិជាពលរដ្ឋដែលមានសិទ្ធិ និងសេរីភាពពេញលេញក្នុងការជ្រើសរើសប្រមុខរាជរដ្ឋាភិបាល ក្នុងការបន្តដឹកនាំនិងអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិជាបន្តទៀត៕