(ភ្នំពេញ)៖ ការដ្ឋានសាងសង់ស្ថានីយ៍បូមទឹកបឹងត្របែក ស្ថិតនៅលើកំណាត់ផ្លូវ២៧១ ជិតច្រមុះជ្រូកក្បាលថ្នល់ ខណ្ឌចំការមន មកដល់ពេលនេះ ការដ្ឋានទាំងមូលម្រេចបានស្ទើរតែ១០០%ហើយ ពោលគឺនៅក្នុងសប្តាហ៍នេះ នឹងដាក់ឲ្យដំណើរការម៉ូទ័រថ្មី១១គ្រឿង ដែលមានសមត្ថភាពបូមទឹកកើនឡើង៣ដង បើធៀបសមត្ថភាពស្ថានីយ៍បូមទឹកចាស់ ដើម្បីរំដោះទឹកចេញ ពីភាគខាងត្បូងរាជធានីភ្នំពេញនៅក្នុងរដូវវស្សានេះ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា មកដល់នឹងព្រឹកថ្ងៃទី០៤ ខែមិថុនានេះ ក្រុមការងារជំនាញ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាន និងកំពុងធ្វើតេស្តម៉ូទ័របូមទឹកថ្មី ចំនួន ៥គ្រឿងនៅស្ថានីយ៍បឹងត្របែកនេះ ហើយក្នុងសប្តាហ៍នេះ ម៉ូទ័រថ្មីចំនួន១១គ្រឿង នឹងដាក់ឲ្យដំណើរការទាំងអស់ ដែលមានសមត្ថភាពបូមទឹក២៣,៣ម៉ែត្រគូប ក្នុង១វិនាទី គឺមានន័យថា កម្លាំងវានឹងកើន ៣ដង បើធៀបនឹងសមត្ថភាពស្ថានីយ៍បូមទឹកចាស់។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ហើយថា ស្ថានីយ៍បូមទឹកបឹងត្របែក បានបំពាក់ម៉ូទរ័ថ្មីខ្នាតធំចំនួន១១គ្រឿង។ ម៉ូទរ័ថ្មីនេះមានសមត្ថភាពបូមទឹក២៣,៣ម៉ែត្រគូបក្នុង១វិនាទី គឺកើន៣ដងធៀបនឹងស្ថានីយ៍ចាស់។
ក្រៅពីកសាងស្ថានីយ៍នេះហើយ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានដំណើរការស្តារ និងបុកស៊ីផាយអមប្រឡាយបឹងត្របែកផងដែរ ដើម្បីបើកមុខទឹកឲ្យហូរបានលឿន ក្នុងការនាំទឹកមកផ្គត់ផ្គង់ស្ថានីយ៍បូមបឹងត្របែកឲ្យបានទាន់ពេលវេលា។
បើតាមមន្ត្រីជំនាញរដ្ឋបាលរាជធានី ក៏បានបញ្ជាក់ដែរថា កំពស់ទឹកដែលត្រូវតំកល់ក្នុងប្រឡាយ ត្រូវមានកំពស់៣ម៉ែត្រ៨០ តែបើកំពស់ទឹកឡើងដល់៦ម៉ែត្រ១៥គឹម៉ូទរ័ បូមថ្មីនេះអាចដំណើរការបូមដោយស្វ័យប្រវត្តិតែម្តង។ តាមរយៈស្ថានីយ៍បូមទឹកបឹងត្របែកថ្មីនេះ នឹងកាត់បន្ថយការលិចលង់ដោយសារជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រខណ្ឌ៣ គឺខណ្ឌដូនពេញ ខណ្ឌ៧មករា និងខណ្ឌចំការមន៕