(កណ្តាល)៖ ព្រះគ្រូមហាថេរលោកតា ហង្សភ្នំត្បែងមានជ័យ ហង្ស ដារ៉ា ប្រធានស្ថាបនិករបស់គណបក្សសញ្ជាតិកម្ពុជា នៅថ្ងៃនេះ បានមានថេរដីកាព្រលះធ្ងន់ៗ បកស្បែកមុខទណ្ឌិត សម រង្ស៊ី មេចលនាសង្រ្គោះជាតិ និងបបួលទណ្ឌិតរូបនេះ ចូលខ្លួនមកតតាំងនៅមុខតុលាការទាំងអស់គ្នា ដើម្បីវែកញែករកខុសត្រូវ ពាក់ព័ន្ធការចោទព្រះអង្គថាជាជនជាតិវៀតណាម។
ព្រះគ្រូមហាថេរលោកតាហង្សភ្នំត្បែងមានជ័យ ហង្ស ដារ៉ា បានមានថេរដីកានៅថ្ងៃចន្ទទី៤ ខែមិថុនា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសព្រះអង្គនិមន្តអញ្ជើញអបអរសាទរ អង្គសមាជវិសាមញ្ញគណបក្សសញ្ជាតិកម្ពុជា ស្ថិតនៅក្នុងស៊ីធរ ភូមិស៊ីធរ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមានសមាជិកចូលរួមប្រមាណ៤៥០០នាក់។
ដោយសំដៅទៅកាន់ លោក សម រង្ស៊ី, ព្រះគ្រូមហាថេរលោកតាហង្សភ្នំត្បែងមានជ័យ ហង្ស ដារ៉ា បានមានថេរដីកាយ៉ាងដូច្នេះថា៖ «ចង់មកដណ្តើមសមិទ្ធិផលអ្នកតស៊ូទាំងឡាយ សម្លាប់អ្នកតស៊ូអស់ យកតែអ្នកបរទេសមកធ្វើការ ដូច្នេះអាត្មាមិនសុខចិត្តទេ បើហ្អែងមិនមិនសុខចិត្តហ្អែងប្តឹងជាមួយអញ។ ចូលតុលាការ អាណាក្តិចឈាម បន្តិចយួន ហ្អែងចូលគុក។ បើហ្អែងមិនសុំទោសអញទេ អញជេរហ្អែងឱ្យណាណី អាង្វៀង ចាន់ស៊ី អាកូនអាង្វៀង ចាន់ សន»។
ទន្ទឹមនឹងនេះ ព្រះតេជគុណ ហង្ស ដារ៉ា ក៏បានចេញមុខការពារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ចំពោះការវាយប្រហារដោយលោក សម រង្ស៊ីផងដែរ។ ព្រះអង្គ បានមានថេរដីកាថា សម្តេចតេជោ បានខិតខំកសាងអភិវឌ្ឍប្រទេសពីបាតដៃទទេ ប៉ុន្តែត្រូវជនអគិតបំភ្លៃលាបពណ៌លើសម្តេចទៅវិញ។
ស្ថាបនិកគណបក្សសញ្ជាតិកម្ពុជា បានមានថេរដីកាបន្តថា «ញាតិញោមគិតមើលវាថាអាត្មាយួន ហេតុអីបានហ្អែងថាអញយួន អាណាមានភស្តុតាង អាហ្នឹងអត់ចូលគុក អាហ្នឹងឪវាឈ្មោះ ង្វៀង ចាន់សន ហៅសម សេរី។ អាង្វៀង ចាន់សន ហ្នឹងដាក់គ្រាប់បែកសម្លាប់ព្រះកុសមៈនារីរ័ត្ន សម្តេចឪនៅវាំងឆ្នាំ១៩៥៤ ហើយរត់ទៅស្រុកយួនបាត់ទៅ។ នែ! អាដាក់គ្រាប់បែកហ្នឹង គឺចង់សម្លាប់ព្រះបរមរតនកោដ្ឋលើកទី១ សម្តេចឪ។ អាពូជក្បត់ ហើយមានអ្នកហៅវាថា អ្នកស្នេហាជាតិ វាធ្វើរាល់ថ្ងៃហ្នឹងចង់សងសឹកឱ្យឪវាទេ វាមិនមែនធ្វើដើម្បីប្រជារាស្ត្រទេ។ ម៉ែវាឈ្មោះអី ម៉ែវាឈ្មោះមីអែម អែមអើយអាន់ធើងអែម ដឹងម៉េចទេពាក្យហ្នឹង? អើបងស្រឡាញ់អូន អញ្ចឹងអាត្មាត្រូវនិយាយរឿងនេះឱ្យអស់ពុកវាឈ្មោះ អាង្វៀង ចាន់ស៊ី»។
ព្រះគ្រូមហាថេរលោកតាហង្សភ្នំត្បែងមានជ័យ ហង្ស ដារ៉ា បានបកស្បែកមុខទណ្ឌិត សម រង្ស៊ី ដែលបានលើកយកយុទ្ធសាស្ត្រ៤ចំណុចកន្លងមក ដើម្បីផ្តួលរាជរដ្ឋាភិបាលកម្ពុជាគឺ៖
ទី១៖ ប្រើគ្រប់នយោបាយឱ្យប្រជារាស្រ្តខ្មែរ និងអន្តរជាតិស្អប់រដ្ឋាភិបាលក្រុងភ្នំពេញ ដោយកលល្បិចពិសពុល និយាយបំប៉ោង និយាយបំផ្លើស ខុសពីការពិតនូវសភាពការកម្ពុជា។
ទី២៖ ប្រើគ្រប់មធ្យោបាយ គ្រប់វិធីឱ្យប្រជារាស្រ្តខ្មែរក្រ ទោះបីជួលក្រុមហ៊ុនបរទេសណាក៏ដោយ ឱ្យតែសេដ្ឋកិច្ចខ្មែរក្នុងប្រទេសធ្លាក់ចុះ ប្រជាជនខ្មែរក្រីក្រលំបាក ដើម្បីចោទរដ្ឋាភិបាលក្រុងភ្នំពេញថាអសមត្ថភាព ងាយស្រួលធ្វើការឃោសនា ប្រម៉ែប្រមូលប្រជារាស្រ្ត ឱ្យស្អប់រដ្ឋាភិបាលភ្នំពេញ។
ទី៣៖ ទាមទាឱ្យមហាសន្និបាតអង្គការសហប្រជាជាតិនៅចុងឆ្នាំ ២០១៨នេះ ដកកៅអីស្របច្បាប់ប្រទេសកម្ពុជាពីរដ្ឋាភិបាលភ្នំពេញឱ្យនៅទំនេរ បើទោះបីរដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្សឈ្នះឆ្នោតណាមួយ ដឹកនាំដោយគណបក្សចាស់ថ្មីក៏ដោយ។
ទី៤៖ គេបង្កាត់ភ្លើងសង្គ្រាមឱ្យឆាបឆេះពីភាគឦសាន្ត ដោយសម្អាងយកលេសថាជនជាតិ ដេហ្គាម៉ុងតាញ៉ានេះជាខ្មែរ យកមកធ្វើចលនាតស៊ូ ដើម្បីឱ្យស្របតាមសិទ្ធិសញ្ញាទីក្រុងប៉ារីស ស្ដីអំពីចម្បាំងភាគីខ្មែរនឹងខ្មែរ ដើម្បីខ្លួនគេបានរួចទុក្ខទោសទាំងឡាយ ដែលគេបានធ្វើខុសក្បត់ជាតិ៕