(ភ្នំពេញ)៖ នគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក យឹម សារ៉ាន់ អធិការខណ្ឌ បានបើកប្រតិបត្តិការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាឆ្មក់ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ប្រភេទម៉ាទឹកកក ដោយឃាត់ខ្លួនបានជនសង្ស័យស្រីប្រុសចំនួន៥នាក់ និងឆែកឆេរដកហូតបានថ្នាំញៀន៦កញ្ចប់ ទម្ងន់ជិត១០០ក្រាម និងវត្ថុតាងមួយចំនួនទៀតផងដែរ។
ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ ស្ថិតនៅក្នុងបន្ទប់ជួលមួយកន្លែងនៅភូមិសាមគ្គី៣ សង្កាក់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក សុខ បញ្ញា នាយរងផ្នែកសន្តិសុខ បានថ្លែងថា ក្រោយឃាត់បានជនសង្ស័យទាំង៥នាក់ ខាងលើនេះ ក្នុងនោះមាន ស្រី១នាក់ ប្រុស៤នាក់ ដោយឆែកឆេររកឃើញ ថ្នាំញៀនម៉ាទឹកកកចំនួន៦ កញ្ចប់ធំ១ កញ្ចប់ទម្ងន់ជិត១០០ក្រាម និងដកហូតបានកាំភ្លើងខ្លីបាញ់គ្រាប់កង់មួយដើម។
បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ រួមជាមួយវត្ថុតាងត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ នាំខ្លួនមកសួរនាំដើម្បីកសាងសុំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕