(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨នេះ នៅលើបណ្តាញសង្គម Facebook មានការចែកចាយយ៉ាងព្រោងព្រាតករណី ព្រះសង្ឃមួយអង្គ បានបញ្ចេញរូបភាពដេកជាមួយនារីម្នាក់ និងអង្គុយធ្វើជាមេខ្លាឃ្លោកទៀតផង។ ករណីនេះបានធ្វើឱ្យផ្ទុះការរិះគន់យ៉ាងចាស់ដៃពីសំណាក់ប្រជាពលរដ្ឋខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ ជាពិសេសនោះ អ្នកដែលធ្លាប់បានយកចង្ហាន់ទៅប្រគេន ព្រះសង្ឃតែម្តង ដល់ក្នុងវត្តក៏ដូចូជា ធ្លាប់បានឱ្យព្រះសង្ឃស្រោចទឹកលើកជាតារាសីទៀតផង។
ព្រះសង្ឃដែលរងការរិះគន់យ៉ាងព្រោងព្រាត ត្រូវបានគេស្គាល់ថា ជាព្រះចៅអធិការវត្តភ្នំបាក់លើ ស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រះនាម ព្រះគ្រូសោទរ ស្រិល វណ្ណា ដែលគេដឹងថា ជាព្រះសង្ឃពូកែខាងស្រោចទឹកដ៏ល្បី ធ្វើឱ្យពុទ្ធបរិស័ទជិតឆ្ងាយ អ្នកមាន អ្នកក្រ អ្នកធ្វើការ អ្នករស៊ី គ្រប់ស្រទាប់វណ្ណៈទៅឱ្យព្រះអង្គស្រោចទឹកផងដែរ។
ពាក់ព័ន្ធទង្វើរអសីលធម៌ និងខុសវិន័យធម៌របស់ព្រះចៅអធិការវត្តភ្នំបាក់លើនេះ ត្រូវបានក្រសួងធម្មការ និងថ្នាក់ដឹកនាំសង្ឃ ប្រកាសចេញវិធានការណ៍យ៉ាងម៉ឺងម៉ាត់ជាទីបំផុត ចំពោះបុគ្គលសង្ឃអង្គនេះ។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨នេះ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក សេង សុមុនី បានបញ្ជាក់ថា ក្រោមការណែនាំផ្ទាល់ពីសំណាក់ ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រួចមកលោកបានពិភាក្សាជាមួយគណៈសង្ឃ លើវិធានការមិនលើកលែងឱ្យនោះឡើយ ដែលជាការប៉ះពាល់មុខមាត់យ៉ាងធ្ងន់ធ្ងរ ទៅលើវិស័យសាសនា នៅកម្ពុជា ដែលជាសាសនារបស់រដ្ឋ និងជាការទប់ស្កាត់សកម្មភាពទាំងឡាយរបស់បុគ្គលសង្ឃមួយចំនួន ដែលបានរុញច្រានសាសនារបស់ជាតិកាន់តែធ្លាក់ចុះ។
ដោយឡែក អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បរវ ក៏បានអះអាងផងដែរថា លោកបានចាត់ឱ្យមន្ទីរធម្មការ និងសាសនាខេត្ត បើកប្រជុំគណៈសង្ឃជាបន្ទាន់ ដើម្បីចាត់វិធានការណ៍លើករណីនេះ យ៉ាងម៉ឺងម៉ាត់ជាទីបំផុតផងដែរ។
ប្រជាពលរដ្ឋរស់នៅខេត្តបន្ទាយមានជ័យម្នាក់ បាននិយាយថា លោកក៏ធ្លាក់ទៅវត្តនេះ ហើយឱ្យព្រះសង្ឃស្រោចទឹកទៀតផង និងពេលទៅម្តងៗ ឃើញតែមានមនុស្សទៅឱ្យលោកដោះអំពើដោយអុជធូក ហើយម្នាក់ៗសុទ្ធតែក្តៅដែលត្រូវអំពើរបស់គេ។ ដោយឡែក នៅលើបណ្តាញសង្គម Facebook ស្រ្តីម្នាក់ដែលមានអាខោនឈ្មោះ MoTa Gimmick បានបង្ហោះសារថា «ស្គាល់លោកម្នាក់នេះអត់ ខំគោរពជឿជាក់ តែទីបំផុតរត់តាមស្រី ដេកជាមួយស្រី ហើយកហុសថាទៅមើលជំងឺនៅសុរិន»។
សូមបញ្ជាក់ថា កន្លងទៅបុគ្គលសង្ឃមួយចំនួន ដែលគ្រប់ទៅដោយស្បង់ចីវរ បានលួចទំនាក់ទំនងស្នេហាជាមួយស្រី ដែលជាកត្តាដឹកនាំវិស័យសាសនា កាន់តែធ្លាក់ខណៈដែលរាជរដ្ឋាភិបាល បាននិងកំពុងខិតខំយ៉ាងខ្លាំងក្លា ធ្វើឱ្យវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ រីកចម្រើនកាន់តែខ្លាំងឡើងនោះ៕