(កោះកុង)៖ គណៈពង្រឹងមូលដ្ឋានស្រុកស្រែអំបិលបានថ្លែងថា កម្ពុជាបានឆ្លងកាត់ឧបសគ្គជាច្រើនស្ទើរាប់មិនអស់ ក្នុងការស្វែងរកសុខសន្តិភាពនិងការអភិវឌ្ឍន៍ជូនប្រជាពលរដ្ឋ ទំរាំមកដល់សព្វថ្ងៃនេះ ដោយក្នុងនោះបានផ្តល់សុខសន្តិភាព ស្ថេរភាពនយោបាយយ៉ាងល្អប្រសើរ និងបានជម្រុញដល់ការអភិវឌ្ឍន៍ ទាំងក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រមានការរីកចម្រើនយ៉ាងខ្លាំងគ្រប់មូលដ្ឋាននៅទូទាំងប្រទេស។
នេះជាការលើកឡើងរបស់លោក លី សាម៉េត ក្រុមការងារចុះជួយអភិវឌ្ឍន៍ ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុងដែលបានលើកឡើងនៅក្នុងពិធីបុណ្យចម្រើនព្រះជន្ម និងស្រោចស្រពសុគន្ធវារី និងសំណេះសំណាលជាមួយពុទ្ធបរិស័ទ និងការប្រគេនបច្ច័យសំរាប់កសាងវត្តស្រែអំបិលនាចុងសប្តាហ៍កន្លងមកថ្មីៗនេះ។
លោកបានលើកឡើងថា មុននឹងកម្ពុជាឆ្លងផុតពីសង្គ្រាមរាំរ៉ៃ រហូតទទួលបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍មកដល់សព្វថ្ងៃនេះ គឺរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានពុះពារគ្រប់ឧបសគ្គក្នុងការស្វែងរកសុខសន្តិភាពនិងការអភិវឌ្ឍន៍ជូនជាតិមាតុភូមិដោយធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្តពេញបរិបូរណ៍ទាំងសិទ្ធិក្នុងការរស់នៅ និងការប្រកបមុខរបផ្សេងៗ ទៀតជាដើម។
លោកបានបន្តថា ក្រោយពីកម្ពុជាទទួលបានសុខសន្តិភាពហើយនោះ រាជរដ្ឋាភិបាលបានជម្រុញគ្រប់យុទ្ធសាស្រ្ត គ្រប់នីតិវិធី ដើម្បីពន្លឿនការងារអភិវឌ្ឍន៍ប្រទេសជាតិដូចជា ផ្លូវ មានផ្លូវខ្វាត់ខ្វែង ជួយសម្រួលដល់ការធ្វើដំណើរបានកាន់តែឆាប់រហ័ស មានស្ពាន មានវត្តអារាម ទីផ្សារនិងមានសាលារៀនស្ទើគ្រប់មូលដ្ឋាន។ ក្នុងគោលដៅនេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្ស ព្រោះប្អូនៗកុមារគឺជាទំពាំងស្នងឬស្សីដែលមិនអាចខ្វះបាន ក្នុងការពង្រីកធនធានមនុស្សឲ្យកាន់តែប្រសើររួមគ្នាអភិឌ្ឍន៍ដើម្បីឲ្យប្រទេសជាតិយើង មានការទទួលស្គាល់គ្រប់ផ្នែក នៅលើឆាកអន្តរជាតិ។
លោក លី សាម៉េត លើកឡើងបន្តថា ដោយសារមានសេចក្តីគោរពស្រលាញ់យ៉ាងខ្លាំង និងស្មោះត្រង់ជានិច្ចមកលើសម្តេចតេជោ ហ៊ុន សែន និងដើម្បីចូលរួមចំណែកអភិវឌ្ឍន៍នៅតាមមូលដ្ឋានឲ្យប្រជាពលរដ្ឋទទួលបានគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងជាប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយៗនោះ រូបលោកផ្ទាល់បានចំណាយថវិកាផ្ទាល់ខ្លួនជាង ៤០០លានរៀល ក្នុងការចូលរួមអភិវឌ្ឍន៍ទៅលើវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រនៅក្នុងឃុំស្រែអំបិល និងឃុំដងពែង ។ ការអភិវឌ្ឍន៍ទាំងអស់ខាងលើនោះសម្រាប់វិស័យអាណាចក្ររួមមាន ការជួយសាងសង់ស្នាក់ការគណបក្ស
ប្រជាជនកម្ពុជា ការស្ថាបនាផ្លូវគ្រួសក្រហម ចាក់ដីបំពេញដើម្បីសាងសង់ប៉ុស្តិ៍រដ្ឋបាលដងពែង ។ ចំណែកនៅក្នុងវិស័យពុទ្ធចក្រ បានជួយអភិវឌ្ឍន៍កើតចេញសមិទ្ធផលនានាជាច្រើនទៀត ព្រោះវិស័យទាំងពីរនេះ មានសារៈសំខាន់ណាស់ ដើម្បីជាប្រយោជន៍យើងគ្រប់ៗគ្នា៕