(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តបន្ទាយមានជ័យ បានសហការជាមួយនគរបាលក្រុងសិរីសោភ័ណ បំបែកសំណុំរឿងឃាតកម្ម ឃាត់ខ្លួនជនសង្ស័យជាឃាតក២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ដែលបានវាយសម្លាប់ជនរងគ្រោះ ជាជាងកាត់សក់ ដោយប្លន់យកម៉ូតូនៅក្រុងសិរីសោភ័ណ។
នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលការិយាល័យជំនាញ បាននាំជនសង្ស័យទាំង២នាក់ ទៅធ្វើតម្រាប់ឡើងវិញពីសកម្មភាពជនស្ស័យ និងបក្ខពួក ដែលបានធ្វើសកម្មភាពវាយសម្លាប់ជនរងគ្រោះ។
សូមជម្រាបថា ករណីឃាតកម្មនេះ បានកើតឡើងកាលពីយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចខាងក្រោយវិទ្យាល័យខ្លាកូន ប្រហែល៧០០ម៉ែត្រ ជើងភ្នំខ្លាកូន ស្ថិតនៅភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
ប្រតិបត្តិការស្វែងរកចាប់ខ្លួនជនសង្ស័យជាឃាតក សមត្ថកិច្ចចំណាយពេលមួយសប្តាហ៍ស្រាវជ្រាវ ស៊ើបអង្កេត ទើបឈានទៅរកកំណត់មុខសញ្ញាជនសង្ស័យ និងចាប់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨។
ប្រតិបត្តិការនេះ ក្រោមការដឹកនាំកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ។
លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់មាន៖
១៖ ឈ្មោះ លុញ សុគា ហៅខ្មៅ ប្រកបមុខរបរ ដើរវាយសារ៉ាស្បែកជើង និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន រស់នៅភូមិសូភី ស្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ
២៖ ឈ្មោះ ស៊ុន សុះ ក្លែងជាស្រ្តី អាយុ៣៧ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ ជនរងគ្រោះមានឈ្មោះ ឈ្មោះ ភឿន ស៊ីមឿន ក្លែងខ្លួនជាស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
សមត្ថកិច្ច បានឲ្យដឹងបន្តថា បក្ខពួក២នាក់ទៀត (មិនស្គាល់អត្តសញ្ញាណ) បាននាំជនរងគ្រោះ ចេញពីកន្លែងផឹកស៊ី ម្តុំវេទិកាខេត្ត (សួនមានជ័យ) ជិះម៉ូតូ២គ្រឿង សរុបគ្នា៥នាក់ (ក្នុងនោះ មានម៉ូតូជនរងគ្រោះ១គ្រឿងម៉ាកហុងដា ឌ្រីម ស៊េរីឆ្នាំ២០០៤) ដើម្បីល្បួងជនរងគ្រោះទៅជក់គ្រឿងញៀន ផឹកស្រា និងរួមភេទប្រុសដូចគ្នា នៅចំណុចកើតហេតុខាងលើ (ទីកន្លែងពួកគេធ្លាប់ទៅជក់គ្រឿងញៀន) ដើម្បីប្លន់យកម៉ូតូជនរងគ្រោះ។
លោកស្នងការរង បានឱ្យដឹងទៀតថា បន្ទាប់ពីទៅដល់កន្លែងកើតហេតុ ជនសង្ស័យឈ្មោះ ស៊ុន សុះ ប្រុសក្លែងជាស្រី បានរួមភេទ (តាមមាត់) ខណៈនោះស្រាប់តែជនសង្ស័យឈ្មោះ លុញ សុគា បានយកដបស្រាវាយក្បាលជនរងគ្រោះពីក្រោយ ហើយយកដបស្រាចាក់ចំមុខជនរងគ្រោះ។ នៅពេលនោះ បក្ខពួក២នាក់ទៀត ក៏យកដុំថ្មវាយទៅលើជនរងគ្រោះបណ្តាលឱ្យស្លាប់តែម្តង។ បន្ទាប់ពីធ្វើសកម្មភាពរួច ពួកគេទាំង៤នាក់ ក៏រត់គេចខ្លួនបាត់ យកទាំងម៉ូតូជនរងគ្រោះទៅជាមួយផងដែរ។
ក្រោយពីកើតហេតុនោះហើយ រំលងដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ទើបកម្មករធ្វើសាលារៀន នៃវិទ្យាល័យខ្លា កូនប្រទះឃើញសពជនរងគ្រោះ មានភាពហើមស្អុយ អាក្រាតកាយខាងក្រោម បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់ឆ្លើយសារភាពថា រូបគេពិតជាបានសម្លាប់ជនរងគ្រោះ ដោយប្រើវិធី ល្បួងទៅផឹកស្រា និងជក់គ្រឿងញៀន ហើយនាំរួមភេទ ដើម្បីប្លន់យកម៉ូតូ។ ម៉ូតូរបស់ជនរងគ្រោះនោះ ត្រូវបានបក្ខពួកគេ២នាក់ទៀត ជិះយកទៅបាត់ហើយ។
លោកស្នងការរងបានបញ្ជាក់ឱ្យដឹងទៀតថា ជនសង្ស័យរងការចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន បើតុលាការរកឃើញមានកំហុស អាចនឹងប្រឈមជាប់ពន្ធនាគារអស់មូយជីវិត។ ចំណែកបក្ខពួក២នាក់ទៀត ដែលកំពុងរត់គេចខ្លួន សមត្ថកិច្ចបន្តស្រាវជ្រាវតាមស្វែងរកចាប់ខ្លួនដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានផ្តល់ប្រាក់ចំនួន៥០០ដុល្លារ ជាការលើកទឹកចិត្តដល់កងកម្លាំងនគរបាល ដែលបានបង្ក្រាបករណីឃាតកម្មនេះផងដែរ៕