Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងរាស្រ្តមណ្ឌលរតនគិរី ចុះពិនិត្យ និងជួសជុលផ្លូវលំ១ខ្សែ ក្នុងក្រុងបានលុង ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង

04-06-2018 16:05

(រតនគិរី)៖ លោក ប៊ូ ឡាំ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី អមដំណើរដោយអភិបាលក្រុងបានលុង រួមជាមួយថ្នាក់ដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះពិនិត្យ និងជួសជុលផ្លូវលំ១ខ្សែ ស្ថិតក្នុងភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ដែលបានរងការខូចខាតដោយសារភ្លៀង នារយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា ចុងក្រោយនេះ។

ថ្លែងក្នុងឱកាសនោះផងដែរ តំណាងរាស្ត្រមណ្ឌលរតនគិរី បានធ្វើការសំណូមដល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់នេះ សូមឲ្យជួយចូលរួមថែរក្សាផ្លូវលំ ១ខ្សែនេះទាំងអស់គ្នា ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងភូមិ ជាពិសេសចំពោះសិស្សនុសិស្ស ងាយស្រួលក្នុងការធ្វើដំណើរទៅមក បន្ទាប់ពីក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះមកជួយជួសជុលផ្លូវនេះ ឲ្យបានល្អ ស្អាត ក្នុងរយៈពេលដ៏ខ្លីនាពេលខាងមុខនេះ ពោលគឺក្រោយមេឃភ្លៀងធ្លាក់។

ជាមួយគ្នានោះដែរលោក ប៊ូ ឡាំ ក៏បានបញ្ជាក់ថា ការដែលរូបគាត់ ចុះមកពិនិត្យ និងជួយជួសជុលផ្លូវលំ ១ខ្សែនាពេលនេះ គឺមិនមែនមកឃោសនា សុំសម្លេងឆ្នោតពីប្រជាពលរដ្ឋនោះទេ ប៉ុន្តែនេះជាការមើលឃើញពីការលំបាក ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងភូមិនេះជាក់ស្តែងតែម្តង៕