(សៀមរាប)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិកាស្តីពី «ធុរកិច្ចធាតុចូលកសិកម្ម និងគ្រឿងយន្តកសិកម្ម» ដែលរៀបចំឡើងដោយ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយគម្រោងស្តីពី កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ឬហៅថាកាវ៉ាក់ (Cambodia Agricultural Value Chain Program, CAVAC)។

វេទិកានេះត្រូវបានរៀបចំឡើងក្នុងគោលបំណងចំនួន៤រួមមាន៖

*ទី១៖ ការផ្សា​ភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀត រវាងស្ថាប័នរដ្ឋនិងវិស័យឯកជន និងវិស័យឯកជន ជាមួយអ្នកផលិតផ្ទាល់
*ទី២៖ គាំទ្រ និងលើកទឹកចិ​ត្តឲ្យវិស័យឯកជនចូលរួម និងបំពេញតួនាទីទ្វេ​ឡើងថែមទៀត ក្នុងការអភិវឌ្ឍវិស័យកសិកម្ម តាមរយៈការផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្ម បច្ចេកទេសជ្រើសរើស និងប្រើប្រាស់ពូជឲ្យបានសមស្រប ទៅតាមស្ថានភាព និងគុណភាពដី និងប្រភពទឹក ជាពិសេសបច្ចេកទេស នៃការប្រើប្រាស់គ្រឿងយន្តកសិកម្មទំនើបៗ ដែលកំពុងតែមានឥទ្ធិពលលើវិស័យនេះ
*ទី៣៖ ផ្តល់ឱកាសឲ្យវិស័យឯកជន ដាក់តាំងបង្ហាញផលិតផល និងបច្ចេកទេសថ្មីៗ ដែលជាធាតុចូលកសិកម្មចំបាច់ សម្រាប់អភិវឌ្ឍវិស័យកសិកម្មកម្ពុជា
*ទី៤៖ ប្រមូលយកបញ្ហាប្រឈមគ្រប់អនុវិស័យ ដែលបានជួបប្រទះក្នុងការអនុវត្តជាក់ស្តែង មកពិនិត្យ និងរកដំណោះស្រាយជាបន្តបន្ទាប់តាម​លទ្ធភាព និងការចាំបាច់។​

នៅក្នុងពិធីដ៏មានសារសំខាន់នេះ ក៏មានការ​ចូលរួមផងដែរ ពីសំណាក់លោកអនុរដ្ឋលេខាធិការ, លោកប្រតិភូរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញគម្រោងកាវ៉ាក់ មន្រ្តីរាជការក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សមាជិកសហគមន៍កសិកម្ម អាជីវករ ក្រុមហ៊ុន និងដៃគូអភិវឌ្ឍប្រមាញ ជាង២៥០​នាក់៕