(សឹង្ហបុរី)៖ លោកស្រី Ana Birchall រដ្ខមន្ត្រីការពារជាតិរ៉ូម៉ានី តាមរយៈសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានស្នើសុំធ្វើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើគ្រប់វិស័យ ចាប់ពីពេលនេះទៅថ្ងៃអនាគត។ ការអះអាងរបស់ប្រមុខការពារជាតិរ៉ូម៉ានីនេះ បានធ្វើឡើងក្នុងអំឡុងពេលដែល លោកស្រី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៧ នៅប្រទេសសឹង្ហបុរី នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨។
ក្នុងនាមរដ្ឋាភិបាលប្រទេសរ៉ូម៉ានី លោកស្រី Ana Birchall បានបញ្ជាក់ថា ប្រទេសរ៉ូម៉ានីមានបំណងពង្រឹង កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាង ប្រទេសរ៉ូម៉ានី និងកម្ពុជា ពិសេសវិស័យសេដ្ឋកិច្ច។ លោកស្រីបានបន្តថា បន្ទាប់ពីឆមាសទី១ ឆ្នាំ២០១៩ ប្រទេសរ៉ម៉ានី នឹងក្លាយជាប្រធាន នៃក្រុមប្រឹក្សាអឺរ៉ុប ដែលតាមរយៈនេះ លោកស្រីសង្ឃឹមថា ជាឱកាសមួយដ៏ល្អសម្រាប់ប្រទេសទាំង២ ក្នុងការពង្រឹងកិច្ចប្រតិបត្តិការទ្វេភាគី ហើយកិច្ចសហប្រតិបត្តិការនេះ គឺអាចធ្វើឡើងក្នុងក្របខ័ណ្ឌទ្វេភាគីរវាងកម្ពុជា-រ៉ូម៉ានី ក៏ដូចជាកិច្ចសហប្រតិបត្តិការ រវាងសហគមន៍អឺរ៉ុប និងកម្ពុជាផងដែរ។
លោកស្រី បានចាត់ទុក ជំនួបទ្វេភាគីជាមួយសម្តេចពិជ័យសេនា ទៀ បាញ់ ពេលនេះមានសារសំខាន់ ព្រោះថាឆ្នាំនេះ ជាឆ្នាំរំលឹកខួបលើកទី៥៥ នៃការភ្ជាប់ទំនាក់ទំនងកាទូតរវាងកម្ពុជា-រ៉ូម៉ានី។ ក្នុងនាមរដ្ឋាភិបាលប្រទេសរ៉ូម៉ានី លោកស្រី Ana Birchall បានថ្លែងអំណរគុណ ចំពោះព្រះរាជតួនាទី នៃអតីតព្រះមហាវីរមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ ដែលព្រះអង្គបានបង្កើតទំនាក់ទំនងកាទូតរវាងកម្ពុជា-រ៉ូម៉ានី។
លោកស្រីបានបញ្ជាក់ថា ដើម្បីបង្ហាញព្រះរាជតួនាទីរបស់ព្រះអង្គ ក្នុងនាមជាព្រះបិតាស្ថានិក នៃប្រទេសហ្វ្រង់កូហ៊្វូនីនោះ ប្រទេសរ៉ូម៉ានី និងរៀបចំរូបសំណាក់ពាក់កណ្តាលខ្លួនរបស់ អតីតព្រះមហាវីរមហាក្សត្រ សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ នៅលើទីលានហ្វ្រង់កូហ៊្វូនី ក្នុងទីក្រុងប៊ូការ៉េស (Bucharest) ប្រទេសរ៉ូម៉ានីផងដែរ។
តាមរយៈសម្តេចពិជ័យសេនា ទៀ បាញ់, លោកស្រីរដ្ឋមន្រ្តីការពារជាតិរ៉ម៉ានី បានស្នើសុំធ្វើកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងមហាផ្ទៃនៃកម្ពុជា ក្នុងវិស័យផ្លាស់ប្តូរព័ត៌មាន ផ្សេងៗដូចជា ឧក្រិដ្ឋកម្ម និងធ្វើការសហការជាមួយកម្ពុជា លើវិស័យផ្សេងៗទៀត ដើម្បីជំរុញកិច្ចប្រតិបត្តិការ និងទំនាក់ទំនងប្រទេសទាំង២ ឲ្យកាន់តែរីកចម្រើន។
ជាការឆ្លើយតប សម្តេចពិជ័យសេនា ទៀ បាញ់ បានសំដែងការអបអរសាទរចំពោះ ប្រទេសរ៉ូម៉ានី ដែលមានបំណងបង្កើនកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយកម្ពុជា។ សម្តេច ទៀ បាញ់ បានសំដែងនូវសេចក្តីសង្ឃឹមថា តាមរយៈទំនាក់ទំនង ដែលមានស្រាប់រវាងប្រទេសទាំង២ និងជំរុញឲ្យប្រទេសទាំង២ កម្ពុជា និងរ៉ូម៉ានី កាន់តែពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយគ្នាឲ្យកាន់តែមានរីកចម្រើនឡើងថែមទៀត។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានថ្លែងអំណរគុណ ដល់ប្រទេសរ៉ូម៉ានី ដែលបានធ្វើរូបសំណាក ព្រះបរមរតនកោដ ដាក់តាំងនៅលើទីលានហ្វ្រង់កូហ៊្វូនី ក្នុងទីក្រុងប៊ូការ៉េស ប្រទេសរ៉ូម៉ានី ដែលព្រះអង្គបានត្រួសត្រាយ ផ្លូវភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំង២ កម្ពុជា-រ៉ូម៉ានី៕