(ភ្នំពេញ)៖ សម្រាប់សិស្សនិស្សិត ដែលកំពុងសិក្សា សាធារណៈជនទូទៅ ដែលមានបំណងចង់ស្វែងរកការងារធ្វើ ឬអ្នកមានការងារហើយចង់ផ្លាស់ប្តូរការងារ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខនេះក្រុមហ៊ុនចំនួន៧ ក្នុងនោះមានក្រុមហ៊ុន World Bridge ក្រុមហ៊ុនទូរស័ព្ទ Smart ក្រុមហ៊ុន បុរីប៉េងហួត ក្រុមហ៊ុន True Money ក្រុមហ៊ុនឡាន Chevrolet ក្រុមហ៊ុន DKSH និងក្រុមហ៊ុន Master Suki Soup នឹងមានតម្រូវការបុគ្គលិកបន្ទាន់ជាង៦០០កន្លែង។ កិច្ចសម្ភាសនេះ ធ្វើឡើងនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ ស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៥ល្ងាច។
ក្រុមហ៊ុនធំៗ ទាំង៧ប្រកាសជ្រើសរើសបុគ្គលិក ក្នុងពិធីផ្សព្វផ្សាយជាផ្លូវការរបាយការណ៍តម្រូវការជំនាញរបស់និយោជកសម្រាប់ឆ្នាំ២០១៧ និង ទស្សនវិស័យការងារកម្ពុជាឆ្នាំ២០១៨ របស់ NEA ពិធីផ្សព្វផ្សាយរបាយការណ៍អង្កេតចំនួនពីរស្តីពី «តម្រូវការជំនាញរបស់និយោជក សម្រាប់ឆ្នាំ២០១៧» និង «ទស្សនវិស័យការងារកម្ពុជាឆ្នាំ២០១៨» ពិធីនេះប្រព្រឹត្តឡើក្រោមវត្តមានលោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិបណ្តុះបណ្តាល និងលោកសស្រី Maria Sargren ឯកអគ្គរដ្ឋទូតស៊ុយអែត ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចូលរួមពីភាគីពាក់ព័ន្ធមកពីគ្រឹះស្ថានឯកជន និងស្ថាប័នរដ្ឋជាច្រើន។
វេទិកាការងារនេះ ជាផ្នែកមួយនៃយន្តការវេទិកាការងាររបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ឱកាសដល់សាធារណៈជន ពិសេសយុវជនដែលចង់ស្វែងការងារធ្វើ ឬអ្នកចង់ផ្លាស់ប្តូរការងារ អាចទទួលបានការងារកាន់តែងាយស្រួល ចំណេញពេលវេលា និងនៅមួយកន្លែង។ វេទិកានេះបានរួមចំណែកជួយពន្លឿនដំណើរការជ្រើសរើសបុគ្គលិក ដល់និយោជកឲ្យបានជួប និងសម្ភាសផ្ទាល់ជាមួយអ្នកកំពុងស្វែងរកការងារធ្វើ។
គួរបញ្ជាក់ផងដែរថា របាយការណ៍អង្កេតស្តីពីតម្រូវការជំនាញរបស់និយោជកឆ្នាំ២០១៧នេះ គឺជាការអង្កេតលើកទី៤ ដែលធ្វើឡើងដោយ NEA បានធ្វើការសម្ភាសប្រមូលទិន្នន័យពីតំណាង គ្រឹះស្ថាន សហគ្រាសជាសំណាកគំរូចំនួនជាង៦០០ នៃវិស័យដែលប្រើប្រាស់កម្លាំងពលកម្មច្រើន និងមានជវភាពបំផុតចំនួន១០ រួមមាន៖ វិស័យសណ្ឋាគារនិងការស្នាក់នៅ, សំណង់, អប់រំនិងបណ្តុះបណ្តាល, ហិរញ្ញវត្ថុនិងធានារ៉ាប់រង, កែច្នៃម្ហូប អាហារនិងភេសជ្ជៈ, វាយនភ័ណ្ឌ កាត់ដេរសម្លៀកបំពាក់និងផលិតស្បែកជើង, សុខាភិបាល, ព័ត៌មានវិទ្យា, ឡូជីស្ទីក និងការដឹក ជញ្ជូន ព្រមទាំងផលិតកម្មកៅស៊ូនិងផ្លាស្ទីក។
សូមជម្រាបផងដែរថានៅក្នុងគម្រោងស្តីពី «ការគាំទ្រការអភិវឌ្ឍជំនាញ និងការងារសម្រាប់យុវជននៅកម្ពុជា» ដែលគាំទ្រថវិកាដោយទីភ្នាក់ងារ សហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ ប្រទេសស៊ុយអែត (SIDA) តាមរយៈទីភ្នាក់ងារផ្តល់សេវាការងារសាធារណៈស៊ុយអែត (SPES) ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បានធ្វើការអង្កេត និងប្រមូលទិន្នន័យស្តីពីតម្រូវការជំនាញរបស់និយោជកក្នុងឆ្នាំ២០១៧ និងទស្សនវិស័យ ការងារកម្ពុជាឆ្នាំ២០១៨ ដើម្បីធ្វើការវិភាគទៅលើស្ថានភាពទីផ្សារការងារនៅកម្ពុជា ជាពិសេសភាពមិនស៊ីគ្នា នៃជំនាញការព្យាករណ៍ពីតម្រូវការជំនាញតាមប្រភេទ នៃមុខរបរ និងវិស័យការងារ៕