(ពោធិ៍សាត់)៖ អភិបាលខេត្តពោធិ៍សាត់លោក ម៉ៅ ធនិន នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានផ្តាំផ្ញើដល់មហាគ្រួសារប្រជាការពារទាំងអស់ ត្រូវបន្តការខិតខំប្រឹងប្រែង សម្របសម្រួល ដោះស្រាយបញ្ហាប្រឈម និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែទូលំទូលាយ នៅក្នុងដែនសមត្ថកិច្ច មិនត្រូវធ្វើអ្វីបង្កការថ្នាំងថ្នាក់ បង្កការលំបាក គាបសង្កត់មកលើពួកគាត់ តាមរូបភាពណាមួយនោះឡើយ។ ជាពិសេស «បើចង់ឲ្យស្រូវលូតលាស់បានល្អ ទទួលបានទិន្នផលខ្ពស់ និងបង្កើនជីវភាពគ្រួសារនោះ បងប្អូនត្រូវនាំគ្នាដកស្រងែចេញ ឲ្យអស់កុំលាយឡំ»។
លោកអភិបាលខេត្ត បានថ្លែងយ៉ាងដូច្នេះ នៅស្នាក់ការគណបក្សស្រុកបាកាន ក្នុងពិធីសំណេះសំណាល និងពិសាបាយសាមគ្គី ប្រកបដោយភាពស្និតស្នាល ជាមួយបងប្អូនក្រុមគ្រួសារប្រជាការពារ និងមេភូមិ មកពី៥ឃុំ មានឃុំត្រពាំងជង ឃុំស្នាមព្រះ ឃុំខ្នារទទឺង ឃុំបឹងបត់កណ្តោល និងឃុំមេទឹក ក្នុងស្រុកបាកាន ចំនួន១៤៣៤នាក់ ដោយបានការចូលរួមពីទីប្រឹក្សាក្រសួងមហាផ្ទៃ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងមន្ត្រីសាលាស្រុក។
លោក ម៉ៅ ធនិន បានថ្លែងថា សន្តិភាព ស្ថេរភាព សន្តិសុខសណ្តាប់សាធារណៈ ជាកត្តាគន្លឹះដែលផ្តល់ភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។ ទោះជាយ៉ាងនេះក៏ដោយ បញ្ហាដែលត្រូវយកចិត្តទុកដាក់ជាប្រចាំនៅមូលដ្ឋាននោះ គឺគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ធានាសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ឋ។
ភាពកក់ក្តៅ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន គឺផ្តើមចេញពីការខិតខំប្រឹងប្រែង តស៊ូឧស្សាហ៍ព្យាយាម មិនគិតពីការនឿយហត់របស់បងប្អូន កម្លាំងប្រជាការពារ ព្រោះថា អ្នកទាំងនោះភាគច្រើន គឺជាមេភូមិ អនុភូមិ ហេតុនេះហើយតែងតែចូលរួមសហការយ៉ាងជិតសិទ្ធ ជាមួយមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលជាប់ជានិច្ច ក្នុងការថែរក្សាការពារសុវត្ថិភាព ស្ថេរភាពសង្គម។
លោកបានថ្លែងទៀតថា ប្រជាការពារគឺជាកម្លាំងដែលរស់នៅផ្ទាល់ជាមួយប្រជាពលរដ្ឋ ឆាប់ទទួលបានព័ត៌មានសំខាន់ៗ និងទាន់ហេតុការណ៍ភ្លាមៗពីគ្រប់មូលដ្ឋាន ដោយកត្តានេះហើយ បានជាលោក បាន ចាត់ទុកបងប្អូនប្រជាការពារ ជាមហាគ្រួសារតែមួយ រស់នៅក្រោមដំបូលតែមួយ ដើម្បីបានស្គាល់គ្នា ជួយគ្នាទៅវិញទៅមក ក្នុងគ្រាជួបការលំបាក់ផ្សេងៗ។
ក្នុងនាមមហាមេគ្រួសារប្រជាការពារ សូមឲ្យបងប្អូនបន្តការខិតខំប្រឹងប្រែង សម្របសម្រួល ដោះស្រាយបញ្ហាប្រឈម និងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែទូលំទូលាយ នៅក្នុងដែនសមត្ថកិច្ច មិនត្រូវធ្វើអ្វីបង្កការថ្នាំងថ្នាក់ បង្កការលំបាក គៀបសង្កត់មកលើពួកគាត់ តាមរូបភាពណាមួយនោះឡើយ ត្រូវចាត់ទុកពលរដ្ឋដូចជាឳពុក ជាម្តាយ ជាបង ជាប្អូន ក្នុងមហាគ្រួសារតែមួយ។
ជាមួយគ្នានោះ លោកក៏បានជម្រាបជូនផងដែរ អំពីសមិទ្ធផលធំៗជាច្រើន ដូចជាហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ ទំនប់ ប្រឡាយ ដែលប្រជាពលរដ្ឋខេត្តពោធិ៍សាត់យើងទទួលបានពីប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសូមអំពាវនាវ ដល់ប្រជាការពារក៏ដូចប្រជាពលរដ្ឋជាង៤៨ម៉ឺននាក់ និងជាង១២ម៉ឺនគ្រួសារ ចូលរួមថែរក្សា និងប្រើប្រាស់សមិទ្ធផលទាំងនេះ បានយូរអង្វែង ព្រមទាំងសូមអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។
ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានចែកជូនវត្ថុកំដរដៃ ដល់ប្រជាការពារ និងមេភូមិ ដែលបានចូលរួម១៤៣៤នាក់ ក្នុងម្នាក់ៗទទួលបានសារុង១ អង្ករ១០គីឡូក្រាម និងបានពិសាបាយសាមគ្គីមួយពេលយ៉ាងកក់ក្តៅផងដែរ៕