(បាត់ដំបង)៖ ក្រសួងទេសចរណ៍ សហការជាមួយមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបើកវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៏ទេសចរណ៍សហគមន៍ ដល់សិក្ខាកាម១០០នាក់ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ មានរយ:ពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៨ ខែឧសភា ក្រោមវត្តមានលោក មាន វ៉ាន់ដេត ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នៃក្រសួងទេសចរណ៍ និងលោក ទៀង ម៉ូរិន ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ នៃសាកលវិទ្យាល័យបាត់ដំបង។
លោក មាន វ៉ាន់ដេត បានឲ្យដឹងថា ដោយសារតែកម្ពុជាបច្ចុប្បន្ន មានការរីចម្រើនលើគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍ មានសន្ទុះឡើងខ្លាំងពីមួយឆ្នាំ ទៅមួយឆ្នាំគួរឲ្យកត់សម្គាល់ ទន្ទឹមនឹងការរីកចម្រើនលើវិស័យទេសចរណ៍នេះហើយ ក៏មានតម្រូវការធនធានមនុស្សជាច្រើន ដើម្បីបម្រើឲ្យទីផ្សារទេសចរណ៍ បង្កើតការងារជូនប្រជាពលរដ្ឋ និងដើម្បីឆ្លើយតបតម្រូវការនេះ ក្រសួងទេសចរណ៍ បានបណ្តុះបណ្តាល ជំនាញមគ្គុទ្ទេសក៏ទេសចរណ៍សហគមន៍ នៅតាមតំបន់ និងបណ្តាខេត្តនានាកន្លងបានជាច្រើននាក់។
លោក មាន វ៉ាន់ដេត បានបញ្ជាក់ថា ក្នុងវគ្គបណ្តុះបណ្តាលជំនាញនាថ្ងៃនេះ គឺធ្វើឡើងស្របពេលដែល ក្រសួងទេសចរណ៍ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ការរៀបចំវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៏ទេសចរណ៍សហគមន៍ខេត្តបាត់ដំបងនេះ មិនត្រឹមតែបានចូលរួម ដោះស្រាយបញ្ហាកង្វះខាតមគ្គុទ្ទេសក៏ទេសចរណ៍ នៅតាមបណ្តាសហគមន៍ ក្នុងខេត្តបាត់ដំបងនេះប៉ុណ្ណោះទេ តែថែមទាំងផ្តល់ឱកាសដល់សិស្ស និស្សិត យុវជន ចាប់យកអាជីពជាមគ្គុទ្ទេសក៏ទេសចរណ៍ សម្រាប់សហគមន៍របស់ខ្លួន ជាពិសេសចូលរួមដល់ការលើកកម្ពស់ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ ដែលជាតម្រូវការចាំបាច់ សម្រាប់ផ្តល់សេវាកម្មប្រកបដោយគុណភាពខ្ពស់ ដល់ភ្ញៀវទេសចរ ដែលកំពុងតែបន្តកើនឡើងឥតឈប់ឈរ នារយៈកាលជាងមួយទស្សវត្សរ៍ចុងក្រោយនេះ។
តាមរយៈវគ្គបណ្តុះបណ្តាលមគ្គុទ្ទេសក៏ទេសចរណ៍សហគមន៍នេះ អង្គពិធីទាំងមូល ជាពិសេសសិក្ខាកាម បានសម្តែងនូវសេចក្តីត្រេកអរ ដោយបានកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងបានសំដែងថ្លែងអំណរគុណ ចំពោះក្រសួងទេសចរណ៍ ជាពិសេសចំពោះលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដែលតែងតែយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយគុណភាព និរន្តរភាព ការទទួលខុសត្រូវ និងបរិយាប័ណ្ណ សំដៅធ្វើយ៉ាងណាឲ្យភាគីពាក់ព័ន្ធ ក្នុងវិស័យទេសចរណ៍ទាំងអស់ រួមទាំងប្រជាពលរដ្ឋក្នុងសហគមន៍ និងមូលដ្ឋាន អាចទទួលបានផលប្រយោជន៍ប្រកប ដោយសមធម៌តាមរយៈវិស័យទេសចរណ៍។
ប្រធាននាយកដ្ឋានរូបនេះ បានគូសបញ្ជាក់ថា ក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០១៨ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន១,៧១១,២៥៣នាក់ កើនឡើង១៣,៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧។ តាមការព្យាករណ៍ កម្ពុជានឹងទទួលបានភ្ញៀវអន្តរជាតិ ប្រមាណ៦,២លាននាក់ នៅឆ្នាំ២០១៨ និងប្រមាណ៧លាននាក់ នៅឆ្នាំ២០២០ និងនាំមកនូវចំណូលសរុបប្រមាណ៥,០០០លានដុល្លារ បង្កើតនូវឱកាសការងារប្រមាណ១លាននាក់ និងភ្ញៀវទេសចរអន្តរជាតិ ប្រមាណ១៥លាននាក់ នៅឆ្នាំ២០៣០ ដោយនាំមកនូវចំណូលសរុបប្រមាណ១០,០០០លានដុល្លារ បង្កើតឱកាសមានការងារ ធ្វើប្រមាណ២លាននាក់។
បន្ទាប់ពីគណអធិបតីមានមតិក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះរួច ដោយបានបញ្ជាក់ពីអត្ថប្រយោជន៍ចំណេះដឹង ដ៏មានសារសំខាន់ណាស់សម្រាប់សិក្ខាកាម និងធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេស ដើម្បីក្រេបយកចំណេះដឹងក្នុងរយ:ពេល៥ថ្ងៃនេះ សម្រាប់យកទៅប្រើប្រាស់ជាប្រយោជន៍ខ្លួនឯង និងសហគមន៍របស់ខ្លួនផងដែរ៕