(ភ្នំពេញ)៖ ភោជនីយដ្ឋាន សាគី សុគី និងប៊ីប៊ីឃ្យូ គឺជាភោជនីយដ្ឋានសុគីស៊ុប និងសាច់អាំងលំដាប់ស្តង់ដារ មកពីប្រទេសជប៉ុន រួមនឹងហាងកាហ្វេគ្លូរីជីន បានសម្ពោធបើកដំណើរការជាផ្លូវការ សាខា «សាលាបឋមសិក្សាទួលគោក» រួមនឹងការបញ្ចុះតម្លៃពិសេសរហូតដល់ទៅ២០ភាករយ ក្នុងរយៈពេលពេញមួយសប្តាហ៍ ដែលគិតចាប់ពីថ្ងៃសម្ពោធនេះតទៅ។

ការសម្ពោធជាផ្លូវការរបស់ភោជនីយដ្ឋាន សាគី សុគី និងប៊ីប៊ីឃ្យូ និងហាងកាហ្វេគ្លូរីជីន នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមក្រោមអធិបតីភាព លោកឧកញ្ញ៉ា ស្រី ងួន និងលោកស្រី ស្រី វុទ្ធី អនុប្រធានកិត្តិយស សាខាកាកបាទក្រហមរាជធានីភ្នំពេញ, លោក ប៊្រីស៊ីស ស្មីធ គណៈគ្រប់គ្រងទូទៅប្រចាំប្រទេស កាហ្វេគ្លូរីជីន ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើននាក់ នៅផ្លូវលេខ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នាឱកាសនោះ លោកស្រី ស្រី វុទ្ធី បានលើកឡើងថា៖ «ខ្ញុំរីករាយណាស់ ដែលមានកិត្តិយសចូលរួមក្នុងពិធីដ៏ពិសេសនេះ។ ភោជនីយដ្ឋាននេះទទួលបានអាជ្ញាប័ណ្ណ និងអនុញ្ញាតឲ្យមាន ដំណើរការនៅក្នុងប្រទេសកម្ពុជា ដោយសារតែការបម្រើអាហារដែលមានអនាម័យជាមួយនឹង គុណភាពខ្ពស់ ហើយជាងនេះទៅទៀត គឺអាហារដែលមិនមានជាតិគីមី ដែលផ្តោតទៅលើ សុខភាពរបស់អតិថិជន។ នៅក្នុងភោជនីយដ្ឋាននោះក៏មានភោជនីយដ្ឋានតូចមួយឈ្មោះ មេហ្គា ដែលជាផ្នែកតូចមួយរបស់ ភោជនីយដ្ឋាន សាគី សុគី។ មេហ្គា គឺភោជនីយដ្ឋានដែល មានបម្រើជូនម្ហូបខ្មែរជាច្រើនមុខ ព្រមទាំងម្ហូបនៅបណ្តាប្រទេសជិតខាងយើងផងដែរ។ គ្រប់គ្រឿងផ្សំ ត្រូវបានត្រួតពិនិត្យ ជាមួយនឹងក្រុមការងារពិនិត្យគុណភាពអាហារ ដើម្បីធានាពីសុវត្ថិភាពចំណីអាហារសម្រាប់អតិថិជន។ ភោជនីយដ្ឋាន មេហ្គា បើកបម្រើអាហារពេលព្រឹក និងពេលថ្ងៃ ហើយភោជនីយដ្ឋាន សាគី សុគី នឹងបម្រើអាហារពេលល្ងាច និងពេលយប់ជាមួយ សុគីស៊ុប និងសាច់អាំងបែបជប៉ុន»។

នៅក្នុងពីធីសម្ពោធជាផ្លូវការនេះ ភោជនីយដ្ឋាន សាគី សុគី និងប៊ីប៊ីឃ្យូ ក៏មានការដាក់តាំងបង្ហាញពីម្ហូបអាហារដែលមាន គុណភាព និងស្តង់ដារពីប្រទេសជប៉ុន ទៅកាន់គណៈអធិបតី និងភ្ញៀវកិត្តិយសទាំងអស់។ បន្ថែមពីនេះទៅទៀតក៏មាន ការបង្ហាញជាសិល្បៈកាហ្វេពីបុគ្គលិកដែលមានជំនាញ របស់ហាងកាហ្វេគ្លូរីជីនផងដែរ។ ជាចុងក្រោយ ភ្ញៀវកិត្តិយស ទាំងអស់នឹងមានឱកាសក្នុងការស្វែងយល់ដឹង ស៊ីជម្រៅអំពី ភោជនីយដ្ឋាន សាគី សុគី នៅក្នុងសន្និសីទសារព័ត៌មាន ដែលនឹងប្រារព្ធទ្បើងនៅក្នុងថ្ងៃដដែល។

សម្រាប់លោក ប៊្រី ស៊ីសស្មីធ អ្នកគ្រប់គ្រងទូទៅភោជនីយដ្ឋាន និងហាងហ្វេ បានឲ្យដឹងដែរថា កាហ្វេគ្លូរីជីន គឺជាកាហ្វេលំដាប់ អន្តរជាតិដំបូងគេ ដែលបានឈានចូលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយក៏មិនទាន់មាននរណាម្នាក់ បានដឹងនៅពេលនោះថាឧស្សាហកម្មកាហ្វេ នឹងក្លាយទៅជាយ៉ាងដូចម្តេចនោះទេ។ អ្វីដែលជាចំណុចដំបូងដែលនឹងក្លាយជាឧស្សាហកម្ម រីកលូតលាស់លឿនបំផុតនោះ ហាងកាហ្វេគ្លូរីជីន គឺជាហាងកាហ្វេមួយនៅក្នុងចំណោមហាងកាហ្វេធំជាងគេនៅលើពិភព លោកដែលមានហាងជិតដល់ ១០០០ ហាងនៅក្នុងប្រទេសចំនួន ៤៤។

លោកបន្តថា ឥឡូវនេះពួកយើងបានពង្រីកសាខារបស់ យើងបានដល់ទៅ ១២ ហាង នៅក្នុងប្រទេសកម្ពុជាដូចជា៖ ៨ សាខា នៅក្នុងរាជធានីភ្នំពេញ ២ សាខានៅលើទឹកដី ខេត្តសៀមរាប ១ សាខានៅក្នុងខេត្តបាត់ដំបង និង ១ សាខានៅក្នុងខេត្តព្រះសីហនុ។ ហាងកាហ្វេគ្លូរីជីន បម្រើជូន គ្រប់ភេសជ្ជៈកាហ្វេពិសេសសម្រាប់អតិថិជនមានដូចជា៖ ឡាតេ កាពូស៊ីណូ ម៉ូកា និងគ្រឿងផ្សំនៃរូបមន្តផ្ទាល់​ «Chillers»។
ហាងកាហ្វេគ្លូរីជីន មានប្រភពតែមួយគត់ពីកាហ្វេអារ៉ាប៊ីកា ដែលជាប្រភេទកាហ្វេមានគុណភាពល្អបំផុត នៅលើពិភពលោក ជាមួយនិងកន្លែងលីងកាហ្វេដែលមានទីតាំងនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។

ភោជនីយដ្ឋាន សាគី សុគី និងប៊ីប៊ីឃ្យូ និងហាងកាហ្វេគ្លូរីជីន សាខាបឋមសិក្សាទួលគោក ក៏មានការផ្តល់ជូនកម្មវិធីពិសេសសម្រាប់អតិថិជនផងដែរ។ សម្រាប់ភោជនីយដ្ឋាន សាគី សុគី និង ប៊ីប៊ីឃ្យូ រួមទាំង ភោជនីយដ្ឋានមេហ្គា អតិថិជនអាចរីករាយជាមួយនឹងសុគីស៊ុប និងសាច់អាំងបែបជប៉ុន និងអាហារខ្មែរ ដោយមានការបញ្ចុះ តម្លៃ២០% រយៈពេលពេញមួយអាទិត្យផងដែរ សម្រាប់ព័ត៌មានបន្ថែម៖ 011 613 631។

ចំណែកឯហាងកាហ្វេគ្លូរីជីន ក៏មានការផ្តល់ជូនគ្រប់ភេសជ្ជៈទាំងអស់ តម្លៃតែ២ដុល្លារអាមេរិកប៉ុណ្ណោះ ជាមួយរយៈពេល៣ថ្ងៃផងដែរ។ ភោជនីយដ្ឋាន សាគី សុគី និងប៊ីប៊ីឃ្យូ មានជំនាញក្នុង ការបម្រើសុគីស៊ុបបែបជប៉ុន ដែលមានគោលបំណងក្នុងការលើកកម្ពស់អាហារដែលប្រកបដោយអនាម័យ គុណភាព និង ស្តង់ដារបែបអន្តរជាតិ ពិសេសអាហារគ្មានជាតិគីមី សម្រាប់អតិថិជនទាំងអស់។ ភោជនីយដ្ឋាន សាគី សុគី និងប៊ីប៊ីឃ្យូ គឺជាផ្ទះទីពីររបស់លោកអ្នក៕