(សៀមរាប)៖ ក្រសួងទេសចរណ៍ សហការជាមួយអង្គការ GIZ របស់អាល្លឺម៉ង់ រៀបចំសិក្ខាផ្សព្វផ្សាយស្តីពីស្តង់ដារសហគមន៍ទេសចរណ៍កម្ពុជា និងស្តង់ដារសហគមន៍ទេសចរណ៍អាស៊ាន ក្រោមអធិបតីភាពលោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្ត្រី ថោង ខុន និងលោក ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុកបន្ទាយស្រី ទៅដល់សហគមន៍ចំនួន១០ មកពីស្រុកចំនួន៥ នៃខេត្តសៀមរាប (ស្រុកបន្ទាយស្រី ស្រុកប្រាសាទបាគង ស្រុកស្វាយលើ ស្រុកវារិន្ទ និងស្រុកសូទ្រនិគម)។

សហគមន៍ដែលបានចូលរួមក្នុងសិក្ខាសាលានេះមាន៖ សហគមន៍ទេសចរណ៍កំពង់ឃ្លាំង សហគមន៍ទេសចរណ៍ត្បែង សហគមន៍ទេសចរណ៍ស្រះដូនរី សហគមន៍ទេសចរណ៍បឹងឈូក សហគមន៍ទេសចរណ៍ខ្នារពោធិ៍ សហគមន៍ទេសចរណ៍ចង្រ្កានរយ សហគមន៍ទេសចរណ៍កំពង់ភ្លុក សហគមន៍ទេសចរណ៍បាយ័នញញឹម សហគមន៍ទេសចរណ៍បន្ទាយស្រី និងសហគមន៍ទេសចរណ៍ត្រាវកុដ្ឋិ។

សិក្ខាសលានេះ ត្រូវបានរៀបចំឡើងនាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ ក្នុងគោលបំណងផ្សព្វផ្សាយអំពីស្តង់ដារសហគមន៍ទេចរណ៍កម្ពុជា និងអាស៊ាន ដើម្បីពង្រឹងសមត្ថភាព និងគុណភាពសេវាកម្មនៅក្នុងសហគមន៍ និងត្រៀមខ្លួនចូលរួមក្នុងចលនាប្រឡងប្រណាំងសហគមន៍គំរូលើកទី១ និងឈានទៅដល់កម្រិតស្តង់ដារសហគមន៍ទេសចរណ៍អាស៊ាន នៅក្នុងដំណាក់កាលបន្ទាប់ ជាពិសេសចូលរួមបង្កើតផលិផលទេសចរណ៍ថ្មីៗ សម្រាប់ខេត្តសៀមរាប និងតំបន់ជុំវិញ ក្រោមយុទ្ធនាការផ្សព្វផ្សាយ «សៀមរាបក្រៅពីប្រាសាទ»។

នាឱកាសនេះដែរ លោក តុប សុភ័ក បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន តាមរយៈការផ្តល់ឱកាសការងារ និងការបង្កើតប្រាក់ចំណូល ជាពិសេសរួមចំណែកដល់ការអភិរក្ស ការថែរក្សា ការការពារធនធានធម្មជាតិ និងជីវចម្រុះប្រកបដោយនិរន្តរភាព ទប់ទល់ការបម្រែបម្រួលអាកាសធាតុ និងការបង្កើតទម្លាប់ស្រឡាញ់បរិស្ថាន។

លោកថា បច្ចុប្បន្នកម្ពុជាមានសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ចំនួន ៥៦កន្លែង ដែលបាននឹងកំពុងរៀបចំស្វាគមន៍ទទួលភ្ញៀវទេសចរ។ តាមរយៈសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទំាងនេះ ភ្ញៀវទេសចរអាចទស្សនាភាពទាក់ទាញ និងចូលរួមសកម្មភាពពិសេសៗជាច្រើនដូចជា សម្រស់ទេសភាពស្រុកស្រែធម្មជាតិតំបន់ភ្នំ ភាពសម្បូរបែបនៃធម្មជាតិ រុក្ខជាតិ សត្វព្រៃ សត្វផ្សោតទន្លេមេគង្គ លក្ខណៈពិសេសនៃការរស់នៅរបស់សហគមន៍ជនជាតិដើមភាគតិច ការនិទានរឿង និងស្វែងរកបទពិសោធន៍ដ៏ល្អៗពីសកម្មភាព និងដំណើរទស្សនកិច្ចផ្សងព្រេងផេ្សងៗរបស់ភ្ញៀវទេសចរ។

លោក តុប សុភ័ក ក៏បានផ្តាំផ្ញើឲ្យសមាជិកសហគមន៍ដែលបានចូលរួមក្នុងសិក្ខាសាលានេះខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានចំណេះដឹងបន្ថែមអំពីការរៀបចំ និងគ្រប់គ្រងសហគមន៍ស្របតាមស្តង់ដារជាតិ និងអាស៊ាន និងផ្សព្វផ្សាយបន្តចំណេះដឹងទាំងអស់នេះទៅដល់សមាជិកសហគមន៍របស់ខ្លួនឲ្យបានទូលំទូលាយដើម្បីធ្វើឲ្យសហគមន៍អាចរៀបចំទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើន។

គួរបញ្ជាក់ផងដែរថា ស្តង់ដារសហគមន៍កម្ពុជា មានសូចនាករគោលចំនួន៨ បែងចែកជាសូចនាករលម្អិត ២៣ និងលក្ខណៈវិនិច្ឆ័យសរុប ១៦៨ ដែលរួមមានដូចជា៖ គុណភាពម្ហូបអាហារ និងភេសជ្ជៈ កន្លែងស្នាក់នៅ ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព ។ល។ ហើយស្តង់ដាសហគមន៍ទេសចរណ៍អាស៊ានមាន សូចនាករគោលចំនួន០៨ បែងចែកជា សូចនាករលម្អិត ២៣ និងលក្ខណៈវិនិច្ឆ័យសរុប ១៧១៕