(កំពង់ចាម)៖ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ គណចលនាសាសនា, ការិយាល័យធម្មការ និងសាសនា ស្រុកកំសៀម ខេត្តកំពង់ចាម បានសហការ រៀបចំវេទិកា «ប្រយុទ្ធប្រឆាំង និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់» និងជួបសំណេះសំណាល ជាមួយមេដឹកនាំសាសនាទូទាំង ស្រុកកំសៀម ខេត្តកំពង់ចាម និងសិស្សានុសិស្ស វិទ្យាល័យហាន់ជ័យ សរុប៣៦៥អង្គ/នាក់។
ពិធីនេះធ្វើឡើងក្រោមវត្ដមានលោក សេង សុមុនី អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា, ប្រធានគណចលនាសាសនាខេត្ត តំណាងលោក ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកស្រី មិន ចណ្ឌីណែត អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា, លោក ងួន សុវណ្ណារ៉ា អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងធម្មការ និងសាសនា គណអភិបាលស្រុក មេឃុំអាជ្ញាធរដែនដី រួមទាំងកងកម្លាំងទាំងបីផ្នែកស្រុក រួមទាំង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស វិទ្យាល័យហាន់ជ័យផងដែរ។
ក្នុងឱកាសនោះ លោក សេង សុមុនី ក៏បានលើកពីសកម្មភាព រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យលុបបំបាត់ គ្រឿងញៀន ខុសច្បាប់នៅទូទាំងប្រទេស រួមទាំងសាសនាផងដែរ ដោយគោរពលើគោលការណ៍សំខាន់ៗ រួមមាន៖
១៖ សាសនាប្តេជ្ញារួមគ្នា អប់រំ ផ្សព្វផ្សាយ លុបបំបាត់គ្រឿងញៀន តាមរយៈ ការទេសនា
២៖ បន្តការអប់រំ និងចុះជួបដោយផ្ទាល់ ក្នុងសហគមន៍ ឪពុក ម្តាយ អាណាព្យាបាល ដែលនៅជិតបំផុត ដោយប្រើប្រាស់យន្តការ បំបាត់អំពើហិង្សា គោរពច្បាប់ចរាចរណ៍ បញ្ជៀសជំងឺអេដស៍ និងមេរោគអេដស៍
៣៖ លើកកម្ពស់សិទ្ធិកុមារ
៤៖ ផ្តល់ក្តីស្រឡាញ់ដល់កុមារ
៥៖ គោលការគ្រឹស្ត កុមារជាទំពាំងស្នងឬស្សី
៦៖ រួមគ្នារក្សាសន្តិភាព នៅក្នុងសង្គម ជាមួយរាជរដ្ឋាភិបាល
៧៖ ប្តេជ្ញាទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្ស ប្រជាជនលេខរៀងទី២០ ឲ្យបានមួយរយភាគរយ។
សូមជម្រាបថា វេទិកា «ប្រយុទ្ធប្រឆាំង និងការប្រើប្រាស់ គ្រឿងញៀន ខុសច្បាប់» ដែលរៀបចំដោយ ការិយាល័យ ធម្មការ និងសាសនា ស្រុកកំសៀម ខេត្តកំពង់ចាម ខាងលើនេះ បានប្រើពាក្យស្លោកថា «យើងទាំងអស់គ្នា រួមគ្នាបំបាត់គ្រឿងញៀន», «យើងបោះជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ ទាំងអស់គ្នា»៕