(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសថ្លែងអំណរគុណដល់សប្បុរសជននានា ដែលបានរួមចំណែកលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីជួយដោះស្រាយបញ្ហា របស់អតីតយុទ្ធជន និងធ្វើឲ្យអតីតយុទ្ធជនកាន់តែមានភាពកក់ក្តៅជឿជាក់ និងគាំទ្រ លើការដឹកនាំរបស់រដ្ឋាភិបាល។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាអតីតយុទ្ធជនកម្ពុជាខួបលើកទី១១ឆ្នាំ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨នេះ នៅសាលមហោស្រពកោះពេជ្រ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមកើតសរសើរចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញារធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានរួមសហការជិតស្និទ្ធ ជាមួយសមាគមន៍អតីតយុទ្ធជនកម្ពុជា ក្នុងការបង្ករគ្រប់លទ្ធភាពជួយដល់អតីតយុទ្ធជន និងគ្រួសារឲ្យទទួលបានការលើកកម្ពស់ជីវភាព សុខុមាលភាពកាន់តែប្រសើរឡើងជាលំដាប់ និងអរគុណយ៉ាងជ្រាវជ្រៅផងដែរ ចំពោះក្រុមការងារថ្នាក់ជាតិ ចុះជួយរាជធានីខេត្ត សប្បុរសជន ចំពោះដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល ដែលបានបរិច្ចាគជាថវិកា និងសម្ភារជូនដល់ អតីតយុទ្ធជនយើង ធ្វើឲ្យអតីតយុទ្ធជនកាន់តែមានភាពកក់ក្តៅជឿជាក់ និងគាំទ្រ លើការដឹកនាំរបស់រដ្ឋាភិបាល»។
សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយចំពោះព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ដែលព្រះអង្គតែងតែយកព្រះទ័យទុកដាក់ចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ជាពិសេស តែងតែផ្តល់ការឧបត្ថម្ភ គាំទ្ររបស់អតីតយុទ្ធជនគ្រួសារយុទ្ធជនពលីមរណៈ ជនពិការ ប្រកបដោយព្រះទ័យព្រហ្មវិហារធម៍ដ៏ខ្ពង់ខ្ពស់បំផុត។
សម្តេចបានបញ្ជាក់ទៀតថា កត្តាទាំងអស់នេះហើយ បង្ហាញពីស្មារតីលើកកម្ពស់តួនាទីអតីតយុទ្ធជននៅក្នុងសង្គម និងលើកទឹកចិត្តឲ្យបងប្អូនអតីតយុទ្ធជន ប្រកាន់ខ្ចាប់នូវស្មារតីសាមគ្គីភាព និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមកគ្រប់កាលៈទេសៈ។ ទន្ទឹមនេះបងប្អូនអតីតយុទ្ធជនកម្ពុជាគ្រប់រូបត្រូវចេះរួបរួម ចេះគោរពស្រលាញ់រាប់អានគ្នាទៅវិញទៅមក ដូចបងប្អូនក្នុងមហារគ្រួសារតែមួយ ។
សម្តេចបានបន្ថែមទៀតថា យើងត្រូវជឿជាក់លើការខិតខំរបស់យើង ព្រោះកត្តាជឿទុកចិត្តគ្នាសាមគ្គីផ្ទៃក្នុងរបស់ជាតិ ការបំពេញគ្នាទៅវិញទៅមក គឺជាកត្តាកំណត់លើភាពជោគជ័យជាតិ ពុំមានបរទេសជាអ្នកកំណត់ឲ្យយើងនោះទេ។ ជាងនេះទៀតយើងត្រូវធ្វើឲ្យស្មារតីទិវានេះ និងទៅជាអមតៈដោយរួមគ្នាធានាការពារឲ្យបានសុខសន្តិភាព ស្ថេរភាពនយោបាយមួយរឹងមាំ រក្សាបានគង់វង្ស នូវស្មារតីសាមគ្គីជាតិ និងឯកភាពជាតិ ទៅត្រូវបង់ក្នុងតម្លៃណាក៏ដោយ។
គួរំលឹកដែរថាបច្ចុប្ននេះ អតីតយុទ្ធជនសរុបមានចំនួន៨៦.៩០៥នាក់ ព្រមទាំងអ្នកនៅក្នុងបន្ទុកចំនួន១២៩.៧១៦នាក់ កំពុងទទួលបានរបបគោលនយោបាយពីរដ្ឋ ដែលប្រាក់របបនេះ ត្រូវបានកែរសំរួលជាបន្តបន្ទាប់ ស្របតាមកំណើនសេដ្ឋកិច្ចជាតិ និងការដំឡើងប្រាក់បៀរវត្សមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ៕