(កណ្តាល)៖ ក្រុមគ្រូពេទ្យមកពីសហរដ្ឋអាមេរិក ២០នាក់ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានចុះទៅព្យាបាលជំងឺកុមារ និងស្ត្រីមានផ្ទៃពោះដោយគិតថ្លៃនៅមន្ទីរពេទ្យបង្អែកស្រុកខ្សាច់កណ្តាល ស្ថិតក្នុងឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ការចុះព្យាបាលនេះធ្វើឡើងក្រោមកិច្ចសម្របសម្រួលរបស់លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប អនុធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាលតំណាងលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈអចិន្ត្រៃយ៍គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំង ២០នាក់នេះ ដឹកនាំដោយលោកស្រី Julie Rhodes, MSN, RN មកពីសាកលវិទ្យាល័យ Weber State University នៃសហរដ្ឋអាមេរិក។
ការចុះពិនិត្យព្យាបាលលើកនេះ ក្រុមគ្រូពេទ្យបាននាំមកនូវវិធីសាស្ត្រ និងបច្ចេកវិទ្យាទំនើបថ្មីៗបន្ថែមទៀត ដើម្បីធ្វើការបង្ហាត់បង្ហាញ និងបង្រៀនបុគ្គលិកពេទ្យបង្អែក ជាពិសេសពេទ្យឆ្មបឲ្យបានយល់អំពីការមើលថែទាំសុខភាពមាតា និងទារក ទាំងមុន និងក្រោយពេលសម្រាល។
ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោកស្រី Julie Rhodes, MSN, RN ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំពោះកាយវិការ ក៏ដូចជាសកម្មភាពមនុស្សធម៌នេះ ដែលជាការចូលរួមចំណែកជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ដើម្បីផ្តល់សេវាសុខភាពសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬ និន្នាការនយោបាយ ថែមទាំងបានចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈសកម្មភាពផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋក្រីក្រដល់ទីកន្លែង ជាពិសេសតាមទីជនបទដាច់ស្រ យាលនានាទៀតផង។
ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានចាត់ទុកសុខភាពប្រជាពលរដ្ឋ ជាស្នូលនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដោយប្តេជ្ញាចិត្តបន្តទៀត ក្នុងការកែលម្អជីវភាពប្រជាជនឲ្យបានកាន់តែប្រសើរ និងការធានាឲ្យសម្រេចបានជោគជ័យនូវសូចនាករសំខាន់ៗក្នុងវិស័យសង្គមកិច្ច។ ជាពិសេសវិស័យសុខាភិបាល ក្នុងគោលដៅធានាបង្កើនវិសាលភាព ប្រសិទ្ធភាព នៃសេវាសុខាភិបាលសាធារណៈ ឲ្យកាន់តែប្រសើរឡើងគួរជាទីទុកចិត្តពីប្រជាពលរដ្ឋ តាមរយៈការកែទម្រង់ប្រព័ន្ធសុខាភិបាលកាន់តែស៊ីជម្រៅបន្ថែមទៀត។
លោកបន្តថា រហូតដល់ពេលនេះ ស្ថានភាពទូទៅនៃសុខភាពរបស់ប្រជាជនត្រូវទទួលបានការគាំពារ តំាងពីថ្នាក់កណ្តាលរហូតដល់មូលដ្ឋាន។ ជាក់ស្តែងការពងឹ្រងការអនុវត្តច្បាប់ និងនីតិក្រមសុខាភិបាល ប្រព័ន្ធតាមដាន និងឆ្លើយតបជំងឺឆ្លង និងបញ្ហាសុខភាពសាធារណៈ ការប្រើប្រាស់បច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន ការងារគ្រប់គ្រងបុគ្គលិកសុខាភិបាល ក៏សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។ ជា មួយគ្នានេះ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសុខាភិបាល បានកើនឡើងជាលំដាប់ ដូចជាកំណើនចំនួនមណ្ឌលសុខភាពថ្មីៗ និងមន្ទីរពេទ្យបង្អែក បានរុញសេវាថែទាំសុខភាពឲ្យកាន់តែខិតជិតប្រជាពលរដ្ឋ និងកាន់តែងាយស្រួលទទួលសេវាថែទាំសុខភាពជាប់ជាប្រចាំ។
មុននឹងបញ្ចប់លោកបណ្ឌិតសភាចារ្យកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមន្ដ្រីរាជការបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យបង្អែក ដែលបានខិតខំលើកកម្ពស់ការផ្តល់សេវាអប់រំសុខភាព ពិនិត្យព្យាបាល និងថែទាំសុខភាពជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងចុះផ្តល់សេវាតាមមូលដ្ឋានភូមិ-ឃុំ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីសំណាក់ដៃគូសុខាភិបាល ដោយរាប់បញ្ចូលទាំងវិស័យពាក់ព័ន្ធនានា ព្រមទាំងអាជ្ញាធររាជធានី/ខេត្ត/ក្រុង/ខណ្ឌ/ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ គណៈវិជ្ជាជីវៈសុខាភិបាល សមាគមនានា វិស័យឯកជន ដែលបានផ្ដល់កិច្ចសហការ និងការគាំទ្រយ៉ាងពេញទំហឹងដល់ការអនុវត្ដសកម្មភាពនានានៃវិស័យសុខាភិបាលនាពេលកន្លងមក៕