(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានបន្តប្រាប់ដល់មន្ត្រីឲ្យយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ក្នុងការអនុវត្តតាមអភិក្រម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃកម្ពុជា ទាំង៤ឲ្យមានប្រសិទ្ធភាព ក្នុងនោះមាន «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល» ឬមិនព្យាបាលចំប្រភេទជំងឺទេ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមនូវអភិក្រមថ្មី១ទៀត គឺ «វះកាត់» តែម្ដង។

លោកបន្តថា អភិក្រមទាំង៥ចំណុច របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានេះ គឺជាការរំឭកទៅដល់មន្ត្រីរាជការឲ្យខិតខំប្រឹងប្រែងបំពេញការងារ បម្រើផលប្រយោជន៍ ដល់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ពស់ ដោយអនុវត្តតាម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» ដោយសំដៅលើការដោះស្រាយបញ្ហានានា របស់ប្រជាពលរដ្ឋ ឲ្យទាន់ពេលវេលាពីសំណាក់អាជ្ញាធរមូលដ្ឋាន រហូតដល់មន្ត្រីថ្នាក់ជាតិ ពោលគឺមិនត្រូវទុកបញ្ហារបស់ប្រជាពលរដ្ឋជាបញ្ហាធំ។

លើសពីនេះ លោក ជា ពិសី បានថ្លែងថា ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ គឺជាតួនាទី និងភារកិច្ចរបស់មន្ត្រីរាជកាគ្រប់រូប គឺត្រូវធ្វើយ៉ាងណាឲ្យបានឆាប់រហ័ស ប្រកបដោយតម្លាភាព និងទន់ភ្លន់ ដែលសមស្របតាមពាក្យមួយឃ្លាលើកឡើងថា «មន្ត្រីរាជការ គឺជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយរាស្ត្រទេ» តាមអនុសាសន៍របស់សម្ដេចតេជោ។

អភិបាលខណ្ឌឬស្សីកែវ បានលើកឡើងបែបនេះ នៅព្រឹកថ្ងៃចន្ទ៦រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធមួយចំនួន និងប្រជាពលរដ្ឋជាច្រើនក្រួសារ ក្នុងពិធីប្រកាសបើកការដ្ឋានជាផ្លូវការ ដើម្បីដាក់ឲ្យស្ថាបនាស្ដារប្រព័ន្ធលូមុខកាត់០,៨ម៉ែត្រ ប្រវែង១,៦៦១ម៉ែត្រ និងជួសជុលអណ្ដូងលូ ចំនួន៥០អណ្ដូង និងស្ថាបនាលូមុខកាត់ ០,៨ម៉ែត្រ ប្រវែង២៥០ម៉ែត្រ ស្ថិតនៅតាមផ្លូវជាតិលេខ៥ ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ភូមិសាមគ្គី ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ និងជួសជុលផ្លូវបេតុងឆ្អឹងដែកបណ្ដោយ ៤៥៧ម៉ែត្រ ទទឹង៨ម៉េត្រ កម្រាស់០,១៥ម៉ែត្រ ស្ថិតនៅផ្លូវលេខ៩០៧ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ និងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ដោយគម្រោងទាំង៣នេះ ចំណាយថវិកាអស់ ចំនួន១,៣៦៧,៣៧៧,២០០រៀល ជាមូលនិធិរដ្ឋបាលខណ្ឌឆ្នាំ២០១៨។

ក្នុងពិធីបើកការដ្ឋានខាងលើនេះ លោក ជា ពិសី បានថ្លែងថា លោកនៅចងចាំមិនអាចបំភ្លេចបានទេ នៅថ្ងៃទី២ធ្នូ ឆ្នាំ១៩៧៨ គឺជាថ្ងៃប្រវត្តិសាស្រ្តមួយរបស់ខ្មែរ ដែលកាលណោះបដិវត្តន៍មួយ បានកកើតឡើង ដើម្បីវាយផ្តួលរំលំក្នុងរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដែលរំដោះយកមកវិញបាននូវសន្តិភាព ជាពិសេសថ្ងៃ២ ធ្នូ ១៩៧៨ មិនត្រឹមតែជាថ្ងៃ ដែលកម្ពុជាបោះជំហ៊ានចេញពីភាពហិនហោច ខ្លោចផ្សានោះទេ និងមិនត្រឹមតែបានបង្ហាញពីស្មារតី នៃការរួបរួមតស៊ូស្នេហាជាតិមាតុភូមិរបស់ខ្មែរ រំដោះប្រទេសចេញពីក្នុងរបបឃោរឃៅនោះទេ ប៉ុន្តែថ្ងៃ២ ធ្នូ ១៩៧៨ ក៏បានក្លាយទៅជាកញ្ចក់ ប្រវត្តិសាស្រ្ត ដ៏សំខាន់ផងដែរ សម្រាប់កម្ពុជាយកធ្វើជាមេរៀន ក្នុងការដឹកនាំប្រទេសជាតិ ក្រោមគោលនយោបាយឈ្នះឈ្នះ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានោះ លោក ជា ពិសី បានដាស់តឿន និងសំណូមពរដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោតគ្រប់ៗគ្នា ឲ្យចូលរួមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដាខាងមុខ ពីព្រោះមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលអាចដឹកនាំប្រទេសកម្ពុជា ប្រកបដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ដោយមានលេខរៀងទី២០ ជាលេខរៀងដ៏ល្អ ងាយស្រួលចាំ, ស្រួលគិត, ស្រួលគូស ហើយក៍ជាលេខរៀងចុងក្រោយគេបំផុត (កូនពៅ) មានរូបផ្លាកសញ្ញាគណបក្សប្រជាជនកម្ពុជា «ទេវតាបាចផ្កា» ជាពិសេសលេខរៀងទី២០ កឺប៉ះចំឆ្នាំខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា៕