(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានឲ្យដឹងថា នៅវេលាម៉ោង០៨៖៣៣នាទីព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយ៍ទី២ (GS2-F13A) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន ស្ថិតនៅក្នុងខណ្ឌចំការមន និងខណ្ឌ៧មករា រាជធានីភ្នំពេញ។
អគ្គិសនីកម្ពុជា បានបន្ដទៀតថា តំបន់មួយចំនួន ដែលបានដាច់ចរន្តអគ្គិសនី ក្នុងខណ្ឌចំការមន និងខណ្ឌ៧មករា រួមមាន៖
១៖ មហាវិថីព្រះសីហនុ សង្កាត់វាលវង់ និងផ្លូវ១៦៣ សង្កាត់បឹងព្រលឹត ខណ្ឌ ៧មករា
២៖ ផ្លូវ៣៦០ និងផ្លូវ១០៥ សង្កាត់បឹងកេងកង២ ផ្លូវ៣៩៦ សង្កាត់បឹងកេងកង៣
៣៖ ផ្លូវ២៤៥ ផ្លូវ១០១ ផ្លូវ១០៣ ផ្លូវ២២៣ និងផ្លូវ៤៣៦ សង្កាត់បឹងត្របែក
៤៖ ផ្លូវ៦៣ និងមហាវិថីព្រះមុនីវង្ស
៥៖ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ
៦៖ ផ្លូវ២៤៥ សង្កាត់ទំនប់ទឹក
៧៖ ផ្លូវ៤៤០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
EDC បានបញ្ជាក់ថា ករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយ៍ទី២ (GS2-F13A) ខាងលើនេះ មូលហេតុដោយសារតែ ក្រុមហ៊ុនឯកជនជីកដីដាក់លូ ប៉ះកាប្លិ៍បណ្ដាញតង់ស្យុងមធ្យម (MV) ក្រោមដី។ ក្រុមការងារបច្ចេកទេស បានធ្វើការប្តូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តជូនអតិថិជន ឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញហើយ នៅវេលាម៉ោង១២៖០៤នាទីថ្ងៃត្រង់។
អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារ នៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕