(ភ្នំពេញ)៖ លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ដើម្បីជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឲ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុង និងក្រៅស្រុក រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីរៀបចំប្រាព្ធទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
លោក ពេជ សោភ័ន បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័តមានស្តីពី «ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ» លើកទី១ ឆ្នាំ២០១៨ នាព្រឹកថ្ងៃទី០៤ ខែមិថុនានេះ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោកបានលើកឡើងថា ទិវាជាតិនេះរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឲ្យបានយល់ដឹងអំពីសារសំខាន់ នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ការរៀបចំប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជា្ជជីវៈ លើកទី១ ឆ្នាំនេះ មានរយៈពេល២ថ្ងៃ គឺថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០១៨ ចាប់ពីម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៨៖០០នាទីនាទីយប់ នៅអាគារពិព័ណ៍ពាណិជ្ជកម្មកោះពេជ្រ។
លោកបានបន្តទៀតថា សម្រាប់ព្រឹត្តការណ៍ នៃទិវាជាតិខាងមុខនេះ នឹងអាចស្រូបយកអ្នកចូលរួមប្រមាណជាង ២ម៉ឺននាក់ ពីសំណាក់យុវជន សិស្ស និស្សិត និងសាធារណជន ឲ្យពួកគាត់បានយល់ ជ្រាបកាន់តែច្រើនអំពីព័ត៌មាន និងសារសំខាន់ពីវិស័យអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ និងទទួលបាននូវព័ត៌មានទីផ្សារការងារដែលត្រូវការអ្នកបច្ចេកទេស ពិសេសបង្កើនទំនាក់ទំនង រវាងអ្នកផ្តល់ការបណ្តុះបណ្តាល និងអ្នកប្រើប្រាស់កម្លាំងពលកម្មជំនាញជាដើម ជាពិសេស ក្នុងឱកាសពេលនោះ ក៏មានក្រសួងស្ថានប័នពាក់ព័ន្ធ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន និងក្រុមហ៊ុនជាច្រើននឹងចូលរួមតាំងពិព័រណ៍ផងដែរ។
លោកសង្កត់ធ្ងន់ថា «ដើម្បីរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងទៅជាប្រទេសអភិវឌ្ឍ នៅឆ្នាំ២០៥០ យុវជនយុវនារីកម្ពុជាត្រូវតែបន្តអភិវឌ្ឍសមត្ថភាព និងជំនាញរបស់ខ្លួនឱ្យក្លាយជាធនធានមនុស្សដែលមានសក្តានុពល ក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ នាពេលអនាគត»។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៧ កន្លងទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយដល់សិស្សានុសិស្ស យុវជន និងសាធារណជនបានចំនួនសរុប ៤៨,៦៩៣នាក់ ក្នុងនោះសម្រាប់វេទិកាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ២០១៧ មានអ្នកចូលរួមសរុបចំនួន ៩,០៥៧នាក់ ក្រៅពីនេះ ចុះផ្សព្វផ្សាយតម្រង់ទិសវិជ្ជាជីវៈផ្ទាល់របស់ក្រសួង និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំង៣៩ ក្រោមឱវាទក្រសួងជូនដល់សិស្សានុសិស្សសាលាចំណេះទូទៅគ្រប់រាជធានី-ខេត្ត។
សូមទំនាក់ទំនងព័ត៌មានលម្អិត អំពីការចូលរួមតាំងពិព័រណ៍តាមលេខទូរស័ព្ទ ០៦១ ៧៧៧ ៦៣៧ និង ០១៧ ៧៤៧ ៧៧៣៕