(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានជួបសំណេះសំណាលជាមួយប្រជាការពារទាំង៥សង្កាត់ របស់ក្រុងច្បារមន ដែលមានប្រជាការពារជិត៧០០នាក់។
នាឱកាសសំណេះសំណាលនេះដែរ លោក វ៉ី សំណាង បានលើកឡើងថា កម្លាំងប្រជាការពារ គឺជាកម្លាំងស្នូលដ៏សំខាន់ សម្រាប់អាជ្ញាធរក្នុងមូលដ្ឋាន ក្នុងការដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួម សហការគ្រប់សកម្មភាពរបស់អាជ្ញាធរមិនថា កិច្ចការងារសន្តិសុខ មនុស្សធម៌ ឬការងាររដ្ឋបាលផ្សេងៗ ដូចជា ការជួយសម្រួលចរាចរណ៍កកស្ទះ រៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានជាដើម គឺតែងតែមានវត្តមានរបស់ពួកគាត់ នៅជាមួយសកម្មភាពទាំងនេះជានិច្ចផងដែរ។
លោក វ៉ី សំណាង ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ថា «ចំពោះបងប្អូនជាប្រជាការពារទាំងអស់ ដែលបានលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយអាជ្ញាធរដែនដី ធ្វើឲ្យភូមិ-ឃុំ មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិ-ឃុំ ប្រកបដោយសុវត្ថិភាព ពិសេសគឺចូលរួមការពារសមិទ្ធផលនានា ដែលជាសម្បត្តិ រួមរបស់ប្រជាពលរដ្ឋឲ្យបានគង់វង់យូរអង្វែង ដើម្បីជាប្រយោជន៍របស់យើងទាំងអស់គ្នា និងកូនចៅជំនាន់ក្រោយ»។
អភិបាលបានបន្តថា ដោយមានការគាំទ្ររាជរដ្ឋាភិបាល តាមរយៈការអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អ បង្ក្រាបបានបទល្មើសគ្រប់ប្រភេទ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅដោយសុខដុមរម្យនា ដោយមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ និងធ្វើឲ្យភាពក្រីក្រ ក្នុងមូលដ្ឋានបានថយចុះមួយកម្រិតផងដែរ។
លោក វ៉ី សំណាង បានសង្កត់ធ្ងន់ថា សន្តិភាពនេះ រកបានមកដោយលំបាក ក្រោមការតស៊ូប្តូផ្តាច់យកជីវិតទៅប្តូរ យកសន្តិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាប្រមុខដឹកនាំប្រទេសដ៏ឈ្លាសវៃ បានប្រែក្លាយប្រទេសជាតិ តាំងពីបាតដៃទទេរ រហូតនាំឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងនៅក្នុងប្រទេស និងនៅលើឆាកអន្តរជាតិផងដែរ៕