(កំពត)៖ លោក មាស ប៊ុនឡី ប្រធានក្រុមការងារចុះជួយឃុំអង្គរភ្នំតូច ស្រុកអង្គជ័យ ខេត្តកំពត បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវត្រៀមឯកសារដែលពាក់ព័ន្ធ ដើម្បីទៅបោះឆ្នោត ឲ្យបានគ្រប់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដោយមិនត្រូវជឿតាមការញុះញង់ របស់បុគ្គលមួយចំនួននោះឡើយ។
ជាមួយគ្នានោះលោក មាស ប៊ុនឡី ថែមទាំងបានអំពាវនាវឲ្យប្រជាពលរដ្ឋបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ។ ការអំពាវនាវយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨នេះ ក្នុងឱកាសដែលលោក មាស ប៊ុនឡី ចុះជួបសំណេះសំណាល ជាមួយសមាជិកបក្ស នៅឃុំអង្គរភ្នំតូច ស្រុកអង្គជ័យ ខេត្តកំពត។
ក្រុមការងារបក្សរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំឲ្យជឿការញុះញង់របស់បុគ្គលមួយចំនួន ដែលឃោសនាមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ហើយសមត្ថកិច្ច ត្រូវចាត់វិធានការចំពោះបុគ្គលទាំងនោះ មកអប់រំផងដែរ។
បន្ថែមលើនេះ លោក មាស ប៊ុនឡី បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សចាស់ទុំមួយ ដែលប្រកាន់យកនូវការធ្វើអំពើល្អ និងតែងតែនៅរួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ ហើយបានកសាងប្រទេសតាំងពីបាតដៃទទេរ ឲ្យមានភាពរីកចម្រើនលើគ្រប់វិស័យ។
លោកថា ជាពិសេសនាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេស ដែលគ្មានគណបក្សណាអាចធ្វើបាននោះឡើយ ហើយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ខាងមុខនេះ គណបក្សប្រជាជនកម្ពុជា ចាប់ឆ្នោតបានលេខរៀងទី២០ ដែលជាលេខនាំមកសំណាង ដល់គណបក្សប្រជាជនយើង។
ក្នុងឱកាសនោះ សមាជិកបក្ស ក៏បានបង្ហាញការជឿទុកចិត្តផងដែរ ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងនាំគ្នាទៅចូលរួមបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា។
លោក មាស ប៊ុនឡី និងក្រុមការងារចុះជួយឃុំអង្គរភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត មានបំពាក់ខោអាវបញ្ជាការពារចំនួន៧៥ កំប្លេ និងផ្លូវមួយខ្សែប្រវ៉ែង ៥៦០ម៉ែត្រ និងខោអាវមួកបក្សចំនួន១០០ ព្រមទាំងថវិកាក្នុងម្នាក់ៗ១ម៉ឺនរៀលផងដែរ៕