(កំពង់ឆ្នាំង)៖ នៅការិយាល័យគណៈអ៊ីម៉ាំខេត្តកំពង់ឆ្នាំង ក្នុងភូមិព្រៃពីស ស្រុកកំពង់ត្រឡាច មានរៀបចំពិធីជួបជុំទទួលទានអាហារស្រាយបួសសាសនិកឥស្លាម ជាង១,០០០នាក់ អញ្ជើញពីបណ្តាភូមិក្នុងស្រុកកំពង់ត្រឡាច និងតំណាងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង។
ពិធីនេះធ្វើឡើងនារសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងលោកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា ក្រោមការរៀបចំរបស់គណៈអ៊ីម៉ាំខេត្តកំពង់ឆ្នាំង ដែលឧបត្ថម្ភដោយសប្បុរសជនម៉ាឡេស៊ី។
លោក សុះ កំរ៉ី លើកឡើងថា បួសជាពិធីបែបសាសនា ដែលព្រះជាមម្ចាស់ បានដាក់ជាកាតព្វកិច្ចដល់មនុស្សលោក តាំងពីដើមកំណើតមនុស្សលោក ដើម្បីសម្របខ្លួនបុគ្គលគ្រប់រូប និងការដាក់ខ្លួនឲ្យមានភាពស្មើគ្នា ហើយជាការរក្សាតុល្យភាពរបបអាហារ ក្នុងកម្រិតវេលាដ៏ជាក់លាក់ ដែលផ្តល់ផលអត្ថប្រយោជន៍ជាច្រើន ទាំងសុខភាព បុគ្គល និងសង្គម។
ជាមួយគ្នានេះ លោក អូស្មាន ហាស្សាន់ បានលើកឡើងថា ពិធីទទួលទានអាហារស្រាយបួស ក៏ជាសមិទ្ធផលមួយដ៏ត្រចះត្រចង់ ក្នុងសមិទ្ធផលសាសនាជាច្រើន ដែលតែងតែទទួលបានកាគាំទ្រ និងឲ្យតម្លៃខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ហើយក្រោមការយកចិត្តទុកដាក់នេះហើយ ពិធីស្រាយបួសលក្ខណៈជាតិ ក៏ត្រូវប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំជូនសហគមន៍អ្នកកាន់សាសនាឥស្លាមនៅកម្ពុជា ដែលឆ្នាំ២០១៨នេះ គឺជាការរៀបចំលើកទី៥ បានរៀបចំឡើងនាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ក្រោមវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលមានសាសនិកអញ្ជើញពីទូទាំងប្រទេស មកចូលរួមជិត៥០០០នាក់ ក្នុងនោះក៏មានបរទេស មកពី៣៣ប្រទេស ជាង២០០នាក់។
លោក អូស្មាន ហាស្សាន់ ក្រើនរំលឹកដល់បងប្អូនអំពីគុណបំណាច់ជាច្រើន ដែលសហគមន៍ទទួលបានអត្ថប្រយោជន៍ពីរាជរដ្ឋាភិបាល ស្របពេលជាមួយនេះដែរ លោកក៏បានអំពាវនាវ ដល់មហាជនចូលរួមក្នុងពិធី សូមពង្រឹងគោលជំហគាំទ្ររាជរដ្ឋាភិបាលឲ្យកាន់តែខ្លាំងឡើងថែមទៀត ជាពិសេសនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ជាឱកាសសម្រាប់យើងគ្រប់គ្នា ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលឈរនៅលេខរៀងទី២០៕