Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅព្រឹកនេះ តុលាការបន្តសវនាការបុរសប៊ែលស៊ិកម្នាក់ រឿងដឹកគ្រឿងញៀនជាង១គីឡូក្រាម ចូលមកកម្ពុជា

04-06-2018 11:47

(ភ្នំពេញ)៖ លោក ម៉េង តូនី ប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានបើកសវនាការកាត់ទោសបុរសជនជាតិប៊ែលស៊ិកម្នាក់ ពាក់ព័ន្ធសំណុំរឿងដឹកគ្រឿងញៀន ចូលមកកម្ពុជាជាង១គីឡូក្រាម។

លោក ស្រី ម៉ាកនី ជាតំណាងអយ្យការសវនាការ បានចោទប្រកាន់លើឈ្មោះ CATRY DAVID NOEL ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ ប៊ែលស៊ិកពីបទ «ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន» ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នៅចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

នៅក្នុងសវនាការជនជាប់ចោទ បានសារភាពថា រូបគេបានស្គាល់ជនជាតិប្រេស៊ីលម្នាក់ឈ្មោះ តាំង ហ្គី បានជិត២ឆ្នាំ។ ក្រោយមកឈ្មោះ តាំង ហ្គី បានឲ្យរូបគេទៅយកគ្រឿងញៀន ពីប្រទេសប្រេស៊ីល មកលក់នៅកម្ពុជា ដោយឲ្យតម្លៃឈ្នួល៣ម៉ឺនដុល្លារ។

ក្រោយពីជនជាប់ចោទទៅយកគ្រឿងញៀនពីប្រទេសប្រេស៊ីល ឆ្លងកាត់ទីក្រុងបាងកក មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ក៏ត្រូវសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងឃាត់ខ្លួនបានតែម្តង។ នៅពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតគ្រឿងញៀនម្ស៉ៅប្រភេទ កាកូអ៊ីន ចំនួន១០០៣.២៤ ក្រាម (ជាង១គីឡូ) ដែលរក្សាទុកនៅក្នុង វ៉ាលីខោអាវ។

ទោះយ៉ាងណា សំណុំរឿងនេះត្រូវតុលាការលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៨ខាងមុខ៕