(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថារាជរដ្ឋាភិបាលអាណត្តិថ្មីនឹងសម្រេចឧបត្ថម្ភថវិកាប្រមាណ ៧៦ម៉ឺនរៀលដល់ស្រ្តីក្រីក្រនៅទូទាំងប្រទេសកម្ពុជា ចាប់ពីដំណាក់កាលមានផ្ទៃពោះ រហូតដល់ក្រោយពេលសម្រាល។ ការឧបត្ថម្ភនេះ នឹងចាប់ផ្តើមអនុវត្តន៍ចាប់ពីពាក់កណ្តាលឆ្នាំ២០១៩តទៅ។
ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវាអតីតយុទ្ធជនកម្ពុជាខួបលើកទី១១ឆ្នាំ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ នៅសាលមហោស្រពកោះពេជ្រ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភជាជំហ៊ានៗ សម្រាប់គ្រួសារក្រីក្រ នៅពេលសម្រាលកូន ដោយពួកគេនឹងទទួលបាននូវការឧបត្ថម្ភជាដំណាក់កាល ដោយដំណាក់កាលទី១៖ ឧបត្ថម្ភ ៤ម៉ឺនរៀលម្តង រយៈ៤ដង ពេលមានផ្ទៃពោះ, ដំណាក់កាលទី២៖ ផ្តល់២០ម៉ឺនរៀល ពេលសម្រាលកូន និងដំណាក់កាលទី៣៖ ផ្តល់៤ម៉ឺន រយៈពេល១០ដង ក្រោយសម្រាលរហូតដល់កុមារមានអាយុ២ឆ្នាំ»។
បើតាមសម្ដេចតេជោ ហ៊ុន សែន ការឧបត្ថម្ភនេះ នឹងត្រូវចំណាយថវិកាជិត ៥លានដុល្លារនៅឆ្នាំដំបូង ហើយទឹកប្រាក់កើនដល់ ៧.៧លានដុល្លារ នៅឆ្នាំទី២ និងបន្ដកើនឡើងរហូតដល់ជាង ១០លានដុល្លារនៅឆ្នាំទី៣។ តែទោះជាយ៉ាងណាការចំណាយនេះ នឹងមិនប៉ះពាល់ដល់ចរន្តថវិកាជាតិឡើយ ហើយសម្តេចរំពឹងថា ចំនួននៃការឧបត្ថម្ភនឹងធ្លាក់ចុះមកវិញ នៅពេលកម្រិតជីវភាពរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការដាក់ចេញនូវគោលនយោបាយថ្មីនេះ គឺជាការគិតគូរដ៏ល្អិតល្អន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីសម្រាលទុកលំបាករបស់ប្រជាពលរដ្ឋទូទៅ បន្ទាប់ពីរាជរដ្ឋាភិបាលបានធ្វើរួចមកហើយនូវការឧបត្ថម្ភថវិកាដល់ស្ត្រីជាមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងកម្មការិនីនៅពេលដែលពួកគេសម្រាលកូន។
ជាមួយការប្រកាសដាក់ចេញនូវគោលនយោបាយជួយឧបត្ថម្ភដល់ស្រ្តីក្រីក្រចាប់ពីពេលមានផ្ទៃពោះ ដល់ក្រោយពេលសម្រាលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសស្វែងរកគណបក្សនយោបាយដែលហ៊ាន ចេញមកដេញថ្លៃលើគោលនយោបាយនេះផងដែរ។
សូមជម្រាបថា កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា ក៏ដាក់ចេញនូវគោលនយោបាយគាំពារសង្គមនេះរួចមកហើយ សម្រាប់ស្ដ្រីជាកងកម្លាំងប្រដាប់អាវុធ និងក្របខ័ណ្ឌមន្ដ្រីរាជការស៊ីវិល នៅពេលឆ្លងទន្លេ ទទួលបានការឧបត្ថម្ភថវិកាចំនួន៨០ម៉ឺនរៀល, កម្មការិនីទទួលបានប្រាក់ឧបត្ថម្ភ ៤០ម៉ឺនរៀល សម្រាលបានកូនមួយ, កូនភ្លោះ២ ទទួលបានថវិកា ៦០ម៉ឺនរៀល និងកូនភ្លោះ៣ ទទួលបានថវិកា ៨០ម៉ឺនរៀល៕