(វ៉ាស៊ីនតោន)៖ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានឱ្យដឹងថា មន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងជើង ០៣រូប ត្រូវបានផ្លាស់ប្ដូរតួនាទី ដែលនេះអាចទំនងជាបណ្ដាលមកពីការខ្វែងគំនិតគ្នា ជុំវិញយុទ្ធសាស្ត្រយោធារបស់លោក គីម ជុងអ៊ុន ប្រឈមមុខជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែមិថុនា ឆ្នាំ២០១៨។
មន្ត្រីអាមេរិកខាងលើ ដែលថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះប្រាប់ យ៉ុនហាប់ មិនបានបញ្ជាក់ពីអត្តសញ្ញាណ នៃមន្ត្រីកូរ៉េខាងជើងទំាងបីរូបនេះទេ។ ប៉ុន្តែយ៉ុនហាប់ បានអះអាងថា មន្ត្រីកូរ៉េខាងជើងទាំងបីរូបនោះមានដូចជា រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ផាក យ៉ុងស៊ីក (Pak Yong Sik), លោក រី ម្យុងស៊ូ (Ri Myong Su) ជាប្រធានសេនាធិការកងទ័ពប្រជាជនកូរ៉េ (KPA) និងនាយកការិយាល័យនយោបាយ KPA លោក គីម ចុងហ្គាក់ (Kim Jong Gak)។
បន្ថែមពីលើនេះ ដោយផ្អែកលើប្រភពពីក្រុមមន្ត្រីចារកម្មកូរ៉េខាងត្បូង យ៉ុនហាប់ក៏បានបង្ហើបដែរថា លោក ណូ ក្វាងចុល (No Kwang Chol) ជាអនុរដ្ឋមន្ត្រីទី ១ នៃក្រសួងកងទ័ពប្រជាជន ត្រូវបានគេតែងតាំងឱ្យឡើងកាន់តំណែង ជារដ្ឋមន្ត្រីការពារជាតិជំនួសលោក Pak Yong Sik ខណៈលោក Ri Myong Su ត្រូវបានជំនួសដោយអនុប្រធានរបស់លោក គឺលោក រី យ៉ុងហ្គីល (Ri Yong Gil) រីឯលោក គីម ស៊ូហ្គីល (Kim Su Gil) ជំនួស លោក គីម ចុងហ្គាក់ (Kim Jong Gak)។
គួរជម្រាបថា សេចក្ដីរាយការណ៍ស្ដីពីការដកតំណែងមន្ត្រីយោធាជាន់ខ្ពស់កូរ៉េខាងជើងទាំង ០៣រូបនេះ កើតមានឡើងនៅមុនពេល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន គ្រោងនឹងត្រូវជួបគ្នាក្នុងជំពូលនៅឯប្រទេសសិង្ហបុរី នៅថ្ងៃទី១២ ខែមិថុនានេះ ដែលព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ កំពុងទទួលការចាប់អារម្មណ៍ខ្លាំងបំផុត៕