(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ អញ្ជើញជាអធិបតីប្រារព្ធ ពិធីអបអរសាទរខួបលើកទី១១ឆ្នាំ នៃទិវាអតីតយុទ្ធជនកម្ពុជា ដែលពិធីនេះរៀបចំឡើងនៅ សាលមហោស្រពកោះពេជ្រ។
ខាងក្រោមនេះ ជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖
* ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីរីករាយ ដែលបានអញ្ជើញជាអធិបតីចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា នៅសាលមហោស្រពកោះពេជ្រ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការប្រារព្ធទិវាអតីតយុទ្ធជនកម្ពុជា ដើម្បីរំលឹកនូវគុណូបការៈរបស់វីរៈអតីតយុទ្ធជន និងយុទ្ធនារី ដែលបាហលះបង់យ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
* សម្តេចតេជោបានថ្លែងថា កម្ពុជាបានហែលឆ្លងទុក្ខវេទនាជាដំណាក់កាល ជាពិសេសនៅក្រោយពេលការធ្វើរដ្ឋប្រហាររបស់ លន់ នល់ ១៨ មីនា ១៩៧០ បានធ្វើឲ្យកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាមយ៉ាងវេទនា។
* សម្តេចបន្តថា ក្រោយពេលរបប លន់ នល់ បានដួលរលំនៅថ្ងៃ១៧ មេសា ១៩៧៥ ប្រជាពលរដ្ឋសង្ឃឹមថា បានរស់ក្នុងភាពសុខស្រួល តែទីបំផុតបែរជាធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ និងកាប់សម្លាប់យ៉ាងព្រៃផ្សៃជាទីបំផុត។
* សម្តេចតេជោបានរំលឹកថា យុទ្ធជនស្នេហាជាតិបានប្រឹងប្រែងរួមគ្នារំដោះប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ មករា ១៩៧៩ ដែលជាពេលមួយនាំឲ្យប្រជាជនកម្ពុជាបានរស់រានមានជីវិតជាថ្មី។
* សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការប្រឹងប្រែង ក្នុងការប្រឹងប្រែងរកសុខសន្តិភាព តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេច រហូតនាំខ្មែរក្រហម មករួមរស់ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយ នាំឲ្យមានការរួមរស់ជាមួយគ្នាដោយសុខសាន្ត រហូតមកដល់ពេលបច្ចុប្បន្ន។
* សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងផងដែរថា សម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី គឺបានដាក់ចេញនូវនយោបាយរួចហើយ ក្នុងការរក្សាឲ្យបាននូវសុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋកម្ពុជា។
* សម្តេចតេជោ ក៏បានលើកបង្ហាញពីការប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានដាក់ចេញនូវនយោបាយសំខាន់ៗជាច្រើន ដើម្បីធានាដល់ការដោះស្រាយបញ្ហា និងជួយឲ្យជីវភាពរបស់អតីតយុទ្ធជនកម្ពុជាកាន់តែល្អប្រសើរ។
* សម្តេចតេជោ បានថ្លែងថា ចាប់ពីពេលនេះ ទៅមុខការសាងសង់លំនៅឋាន សម្រាប់អតីតយុទ្ធជន គឺជារឿងអាទិភាព ហើយសម្តេចឯកភាពឲ្យបង្វែថវិកា ពីតាមបណ្តាខេត្តនានា សម្រាប់ទ្រទ្រង់សកម្មភាព សមាគមអតីតយុទ្ធជនកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានសម្រេចដកថវិកាប្រមាណ១លានដុល្លារអាមេរិក ពីការសាងសង់បន្ទាយយោធាលេខ១២៨ សម្រាប់ទ្រទ្រង់សកម្មភាព សមាគមអតីតយុទ្ធជនកម្ពុជា និងដោះស្រាយបញ្ហារបស់អតីតយុទ្ធជន។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ក្រុមហ៊ុនឯកជននានា ចូលរួមជួយសាងសង់ផ្ទះ ជូនអតីតយុទ្ធជនកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា បច្ចុប្បន្នមានអតីតយុទ្ធជនជាង៨ម៉ឺននាក់ និងអ្នកនៅក្នុងបន្ទុកជាង១២ម៉ឺននាក់ កំពុងទទួលប្រាក់ពីរាជរដ្ឋាភិបាល។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្តល់សាច់ប្រាក់ឧបត្ថម្ភដល់ស្រ្តីគ្រប់រូប នៅពេលសម្រាលកូន។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលសម្រេចផ្តល់សាច់ប្រាក់ឧបត្ថម្ភ ដល់ស្រ្តីគ្រប់រូបស្ថិតក្នុងជីវភាពក្រីក្រ នៅពេលសម្រាលកូន ចាប់ពីពាក់កណ្តាលឆ្នាំ២០១៩។
* បើតាមសម្តេចតេជោ ហ៊ុន សែន ការផ្តល់នេះ នឹងចែកចេញជា៣ដំណាក់។ ដំណាក់កាលទី១ ឧបត្ថម្ភ៤ម៉ឺនរៀលម្តង រយៈ៤ដងពេលមានផ្ទៃពោះ, ដំណាក់កាលទី២ ផ្តល់២០ម៉ឺនរៀលពេលសម្រាលកូន និងដំណាក់កាលទី៣ ផ្តល់៤ម៉ឺន រយៈពេល១០ដងក្រោយសម្រាល រហូតដល់កុមារមានអាយុ២ឆ្នាំ។
* សម្តេចតេជោបានបញ្ជាក់ថា ការឧបត្ថម្ភនេះ នឹងត្រូវចំណាយថវិកាជិត៥លានដុល្លារនៅឆ្នាំដំបូង ហើយទឹកប្រាក់កើនដល់ជាង៧លានដុល្លារនៅឆ្នាំទី២។
* សម្តេចតេជោក៏បានប្រកាសផងដែរថា តើនឹងមានបក្សនយោបាយណាមួយ ចេញមកដេញថ្លៃលើនយោបាយផ្តល់ប្រាក់ឧបត្ថម្ភ ដល់ស្រ្តីមានជីវភាពក្រីក្រ ក្នុងពេលសម្រាលមានផ្ទៃពោះ សម្រាល និងក្រោយសម្រាលនេះ?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានសម្រេចជួយបង់ប្រាក់វិភាគទាន៣៥០០រៀល ក្នុងមួយខែដល់គ្រួសារអតីតយុទ្ធជនពលី និងមរណៈជាង២ម៉ឺននាក់ ជូនទៅសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីសម្រាលការចំណាយប្រចាំខែ។ តាមរយៈការចូលរួមវិភាគទាននេះ រាជរដ្ឋាភិបាលត្រូវចំណាយប្រមាណ៩៨០លានរៀលក្នុងមួយឆ្នាំ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសបន្ថែមថវិកាប្រមាណ១៦០០លានរៀលបន្ថែមទៀត ដើម្បីផ្តល់សេវាថែទាំងសុខភាព ជូនគ្រួសារអតីតយុទ្ធជន ដែលពលី និងមរណៈ តាមរយៈមូលនិធិសមធម៌។
* សម្តេចតេជោ បានកោតសរសើរដល់ក្រសួងអតីតយុទ្ធជន និងសមាគមអតីតយុទ្ធជន ដែលបានប្រឹងប្រែងបម្រើដល់អតីតយុទ្ធជនកម្ពុជា។
* សម្តេចក៏បានអរគុណដល់សប្បុរសជននានា ដែលបានរួមចំណែកលះបង់ធនធានផ្ទាល់ខ្លួន ដើម្បីជួយដោះស្រាយបញ្ហារបស់អតីតយុទ្ធជន។
* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំពាវនាវដល់អតីតយុទ្ធជនទាំងអស់ត្រូវចេះរួបរួមសាមគ្គីគ្នា។