(បាត់ដំបង)៖ គណៈពង្រឹងមូលដ្ឋាន គណបក្សប្រជាជនកម្ពុជា (CPP) ឃុំភ្នំសំពៅ ខេត្តបាត់ដំបង បានចុះសំណេះសំណាល និងចែកសៀវភៅគ្រួសារបក្ស តាមខ្នងផ្ទះក្រុមបក្ស គ្រួសារបក្សបានជាង៣ពាន់គ្រួសារ។

ក្រុមការងារ ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា។

ក្រុមការងារនេះ ដឹកនាំដោយលោក ហែម ថេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយឃុំភ្នំសំពៅ ព្រមទាំងមានការចូលរួមពី សហការី ថ្នាក់ដឹកនាំមូលដ្ឋាន ជាច្រើនរូបទៀតផងដែរ។

លោកបានដឹកនាំក្រុមការងារពង្រឹងមូលដ្ឋានភូមិទាំង១០ ក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយបានចុះតាមខ្នងផ្ទះ ដើម្បីសំណេះសំណាល និងចែកសៀវភៅគ្រួសារបក្ស នាចុងខែឧសភា ឆ្នាំ២០១៨ បានចំនួន៣៣៣៧គ្រួសារ និងបន្តចុះបញ្ចប់ទាំងស្រុង១សប្តាហ៍ទៀត នាដើមខែមិថុនានេះ។

ក្នុងការដឹកនាំមន្រ្តីមូលដ្ឋានចុះតាមខ្នងផ្ទះ លោកបានពន្យល់ ប្រជាពលរដ្ឋជាសមាជិកបក្សថា «យើងទាំងអស់គ្នាត្រូវទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ឲ្យបានគ្រប់គ្នាដើម្បីដណ្តើមជ័យជម្នះជូនបក្ស បានដឹកនាំប្រទេសក្នុងនីតិកាលទី៦បន្តទៀត នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជាតិកាន់តែរីកចម្រើនបន្ថែមទៀត»

លោកប្រធានបញ្ជាក់ថា នៅក្នុងប្រវត្តិសាស្រ្តខ្មែរចុងក្រោយនេះ គ្មានបក្សណាដែលមាន សមត្ថភាព លក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូចបក្សប្រជាជនឡើយ នេះដោយសារតែមានប្រមុខដឹកនាំ ដែលមានសម្តេចជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន មានគុណបំណាច់ ស្នាដៃល្អគ្មាន២ ក្នុងរំដោះប្រទេសជាតិ រួចផុតពីរបបកាប់សម្លាប់ ប្រល័យពូជសាសន៍ជាតិឯងពីបាតដៃទទេ ហើយបានអភិវឌ្ឍន៍ជាតិ មានការរីកចម្រើន និងទប់ស្កាត់មិនឲ្យមានសង្រ្គាមបន្តទៀត។

ជាមួយគ្នានេះ លោកបានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋផងដែរថា កុំជឿតាមការឃោសនារបស់ពួកក្រុមប្រឆាំងមិនបានទៅបោះឆ្នោត ហើយបានក្លែងបន្លំយកទឹកលាបសក់ ឬទឹកលាក្រចកមកជ្រលក់ដៃ គឺជាក្លែងបន្លំអាចជាប់ទោសទណ្ឌដល់ខ្លួន។

លោកថា គ្មានពួកក្រុមបោកទាំងនោះអាចមកជួយខ្មែរបានឡើយ ដូច្នេះត្រូវតែបំពេញការតព្វកិច្ចជាពលរដ្ឋល្អម្នាក់ ទៅបោះឆ្នោតដែលខ្លួនពេញចិត្ត ធ្លាប់រួមសុខ រួមទុក្ខជាមួយគ្នា និងមានសន្តិភាព សេរីភាព ក្នុងការរស់នៅប្រចាំថ្ងៃសប្បាយរីករាយផងដែរ៕