(ព្រៃវែង)៖ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨នេះ តាំងពីព្រលឹម រហូតដល់ពេលរសៀល គ្រូពេទ្យស្ម័គ្រចិត្តរបស់ក្រុមការងារស្រុកបាភ្នំ ដែលដឹកនាំដោយ លោក ចាន់ ស៊ីវ៉ាន់ថា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារស្រុក និងលោកស្រី ព្រុំ ឆោមសាយឿន ទីប្រឹក្សាក្រសួងសុខាភិបាល រួមជាមួយលោកគ្រូ អ្នកគ្រូពេទ្យ និងបុគ្គលិកសុខាភិបាល មកពីភ្នំពេញ ការិយាល័យប្រតិបត្តិស្រុក មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាពឃុំ រួមជាមួយនឹងគ្រូពេទ្យមួយចំនួនមកពីស្រុកព្រះស្តេច សរុបទាំងអស់មានចំនួន ៥០នាក់ ដោយមានកិច្ចសហការពីប្រធានភូមិ អនុប្រធានភូមិ សមាជិកភូមិ និងប្រជាពលរដ្ឋក្នុងការផ្តល់ព័ត៌មាន និងការដឹកជញ្ជូនចល័តតាមម៉ូតូ បានចុះទៅពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ តាមខ្នងផ្ទះអ្នកជំងឺ ក្នុងភូមិទាំង ១៨ ក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ក្នុងដំណើរការនៃការពិនិត្យ ព្យាបាលនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ត្រូវបានបែងចែកជា០៨ ក្រុមតូច ទទួលចុះទៅតាមខ្នងផ្ទះអ្នកជំងឺ និងនៅតាមគោលដៅប្រមូលផ្តុំពី៣ ទៅ៤កន្លែងក្នុងភូមិនីមួយៗ។
ដំបូងក្រុមតូចនីមួយៗ បានចុះទៅដល់ខ្នងផ្ទះអ្នកជំងឺធ្ងន់ដែលមិនអាចធ្វើដំណើរបានជាអាទិ៍៖ អ្នកជំងឺស្លាប់មួយចំហៀងខ្លួន ឆ្គួតជ្រូកប្រកាច់ ទាចទឹក ឈឺសន្លាក់ និងចាស់ជរា បន្ទាប់មកគ្រូពេទ្យស្ម័គ្រចិត្តបានធ្វើការពិនិត្យ ព្យាបាលនៅនឹងកន្លែងប្រមូលផ្តុំនៅក្នុងភូមិ។
សរុបលទ្ធផលរយៈពេលមួយថ្ងៃនេះ គ្រូពេទ្យស័្មគ្រចិត្តរបស់ក្រុមការងារស្រុកបាភ្នំសម្រេចពិនិត្យ ព្យាបាល អ្នកជំងឺធ្ងន់នៅតាមខ្នងផ្ទះចំនួន ៣២៩នាក់ ពិនិត្យ ពិគ្រោះ និងព្យាបាលចែកថ្នាំដល់អ្នកជំងឺនៅនឹងកន្លែងតាមភូមិនីមួយៗបានចំនួន១៣១២នាក់ ក្នុងនោះ មនុស្សចាស់រួមទាំងកុមារជាអ្នកជំងឺ ដែលមានរោគសញ្ញាធ្ងន់ធ្ងរដូចជា ជំងឺថ្លើម របេងសួត របេងឆ្អឹងខ្នង របេងកូនកណ្តុរ រោគស្ត្រី ចំនួន១៦នាក់ ត្រូវបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរៀបចំសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចជាផ្នែកជំនាញសុខាភិបាល ដើម្បីបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក ខេត្ត និងនៅទីក្រុងភ្នំពេញ។
លោក ព្រុំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារស្រុកបាភ្នំ អមដំណើរដោយ លោក លី ដេត អនុប្រធានក្រុមការងារស្រុក និងជាប្រធានក្រុមការងារឃុំធាយ ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងមន្ត្រីក្រុមការងារស្រុកមួយចំនួនទៀតក៏មានវត្តមាននៅតាមកន្លែងពិនិត្យព្យាបាលជំងឺផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោកប្រធានក្រុមការងារស្រុកបាភ្នំ ក៏បានជួបសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងបានអំពាវនាវឱ្យបងប្អូនទាំងអស់កុំជឿតាមការឃោសនាអកុសលដែលថា “ដេកផ្ទះឈ្នះឯងនោះ” គឺសុំឱ្យបងប្អូនទាំងអស់ត្រូវទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កុំបីខាន បោះឆ្នោត ដើម្បីឱ្យស្រុកភូមិយើងបានសុខចម្រើនបន្តទៅទៀត និង ដើម្បីកូនចៅរបស់យើងមានអនាគតភ្លឺស្វាង៕