(កំពង់ស្ពឺ)៖ លោក សោម អូន សមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ស្ពឺ និងជាប្រធានសហជីពដ៏ធំនៅកម្ពុជា ដែលបានរួមចំណែកចរចាដំឡើងប្រាក់ខែកម្មករ តាំងពីទស្សវត្សឆ្នាំ៩០ រហូតមកនោះ បានថ្លែងប្រាប់កម្មករ-កម្មការិនីថា មានតែរាជរដ្ឋាភិបាលប៉ុណ្ណោះ ដែលជាអ្នកជួយដំឡើងប្រាក់ខែ។
ការថ្លែងបែបនេះ ត្រូវបានធ្វើឡើង នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ ក្នុងឱកាសលោក ជួបសំណេះសំណាលជាមួយ កម្មករនិយោជិត នៅក្នុងឃុំសំបូរ ចំនួន៦ភូមិ ដែលមានកម្មករនិយោជិតសរុបចំនួន ៧៣៥នាក់ ក្នុងនោះស្រ្តីមានផ្ទៃពោះចំនួន៤៥នាក់។
មេសហជីពរូបនេះ បានបញ្ជាក់ថា «តាំងពីដើមជាដ៏រាបមក គឺមានតែរាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនប៉ុណ្ណោះ ដែលជាអ្នកបង្កើតការងារជូនប្រជាពលរដ្ឋ និងជាពិសេសបានគិតគូរដំឡើងប្រាក់ខែជូនកម្មករនិយោជិត តាំងពី៤០ដុល្លារក្នុងមួយខែ រហូតដល់១៧០ដុល្លារក្នុងមួយខែ ហើយត្រូវបានកំណត់ជាយុទ្ឋសាស្ត្រ ដំឡើងជារៀងរាល់ឆ្នាំផងដែរ»។
លោកបន្ថែមថា សូមកម្មករទាំងអស់កុំយល់ច្រឡំ អំពីការដំឡើងប្រាក់ខែកម្មករ ថាជាការស្នើសុំរបស់គណបក្សណាមួយ ព្រោះកន្លងមកមានក្រុមអ្នកនយោបាយខ្លះ បានឃោសនាភូតកុហកថា ពួកគេជាអ្នកទាមទាដំឡើងប្រាក់ខែកម្មករ។ លោកបន្តថា ធាតុពិត គឺពួកទាំងនោះគ្មានតួនាទីអ្វីបន្តិចសោះនៅក្នុងសាច់រឿងនេះ ហើយផ្ទុយទៅវិញក្រុមទាំងនោះ គឺជាអ្នកបំផ្លាញប្រាក់ខែកម្មករ តាមរយៈការធ្វើយុទ្ឋនាការផ្សេងៗ ដូចជាការស្នើសុំមិនឲ្យបរទេសមកបណ្តាក់ទុន និងស្នើឲ្យបរទេសបញ្ឈប់ទិញទំនិញពីកម្ពុជាជាដើម។
លោក សោម អូន បានបន្ថែមថា ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺពិតជាមានសំណាង ដោយសារខេត្តមួយនេះបានប្រែប្រួលយ៉ាងឆាប់រហ័សពីខេត្តកសិកម្ម ទៅជាខេត្តកសិ-ឧស្សាហកម្ម ពាណិជ្ជកម្ម និងឧស្សាហកម្ម ដែលបច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រសហគ្រាស គ្រឹះស្ថាន ចំនួន២២៥ មានកម្មករនិយោជិតចំនួន ៩៨២១៣នាក់ ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ដេរកាបូប និងស្បែកជើងចំនួន១០៦ មានកម្មករនិយោជិតចំនួន ៩២០២៤នាក់ មានប្រាក់ឈ្នួលកម្មករសរុបប្រមាណជាង ២២០ដុល្លារក្នុង១ឆ្នាំ។
ជាចុងក្រោយ លោក សោម អូន បានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ ទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕