(ប៉េកាំង)៖ នាយកប្រតិបត្តិរបស់ Fresh News លោក លឹម ជាវុត្ថា ក្នុងឱកាសចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិ «The First Shanghai Cooperation Organization (SCO Media Summit)» ជាមួយតំណាងអង្គភាពព័ត៌មានមកពី១៧ប្រទេសផ្សេងទៀត នៅរដ្ឋធានីប៉េកាំង បានបញ្ជាក់ប្រាប់សមាជិក SCO និងមេស្ថាប័នព័ត៌មានធំៗថា សេរីភាពព័ត៌មាននៅកម្ពុជាមានភាពទូលំទូលាយ គ្មានការគាបសង្កត់ និងគ្មានការត្រួតពិនិត្យមុនការចេញផ្សាយ។

កិច្ចប្រជុំខាងលើ ត្រូវបានធ្វើឡើងនាចុងសប្ដាហ៍នេះ ពោលឱកាសដែលលោក លឹម ជាវុត្ថា ទស្សនកិច្ចរយៈពេល៦ថ្ងៃ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

តំណាងអង្គភាពព័ត៌មានមកពីប្រទេសចំនួន១៧នោះ រួមមាន៖ ចិន (China) រុស្ស៊ី (Russia) ឥណ្ឌា (India) កាហ្សាក់ស្ថាន (Kazakhstan) គីហ្គីសស្ថាន (Kyrgyzstan) ប៉ាគីស្ថាន (Pakistan) តាជីគីស្ថាន (Tajikistan) អាហ្វហ្គានីស្ថាន (Afghanistan) អូសបេគីស្ថាន (Uzbekistan) បេឡារូស (Belarus) អ៊ីរ៉ង (Iran) ម៉ុងហ្គោលី (Mongolia) អាស៊ាបៃហ្សង់ (Azerbaijan) អាមេនី (Armenia) នេប៉ាល់ (Nepal) តួកគី (Turkey) និងស្រីលង្កា (Sri Lanka) រួមទាំងកម្ពុជា (Cambodia) ផងដែរ។

ខណៈដែលតំណាងស្ថាប័នព័ត៌មានធំៗទាំង១៨ប្រទេសខាងលើ បានផ្លាស់ប្ដូរ និងចែករំលែកចំណេះដឹងបទពិសោធន៍លើវិស័យព័ត៌មានទៅវិញទៅមកនោះ លោក លឹម ជាវត្ថា ក្នុងនាមតំណាងឲ្យសារព័ត៌មាន Fresh News នៅកម្ពុជាបានបញ្ជាក់ថា សេរីភាពព័ត៌មាននៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ប្រកបដោយភាពទូលំទូលាយខ្លាំងណាស់ គ្មានឡើយការគាបសង្កត់សេរីភាព និងទាំងការបញ្ចេញមតិនៅលើបណ្តាញទំនាក់ទំនងសង្គមនានាផងដែរ។

ក្រៅពីការចូលរួម និងលើកឡើងពីស្ថានភាពពិតជាក់ស្ដែងដូចមានរៀបរាប់ខាងលើនេះ លោក លឹម ជាវុត្ថា ក៏បានចូលទស្សនកិច្ចនៅក្នុងស្ថានីយទូរទស្សន៍ដ៏ធំរបស់ចិន គឺទូរទស្សន៍ស៊ីស៊ីធីវី (CCTV) និងបណ្តាញព័ត៌មាន CGTN (China Global Television Network) ព្រមទាំងទីស្នាក់ការសារព័ត៌មានដ៏ធំ និងល្បីទូទាំងពិភពលោករបស់ចិន គឺសារព័ត៌មានស៊ីនហួ (Xinhua) ផងដែរ៕