(ភ្នំពេញ)៖ ទីស្នាក់ការកណ្តាលដែលធ្លាប់តែជាទីកន្លែង បម្រើលើសមរភូមិនយោបាយរបស់គណបក្ស សម រង្ស៊ី អស់រយៈពេល ១៧ឆ្នាំនោះ នៅពេលនេះបានក្លាយជាទីស្នាក់កណ្តាលរបស់គណបក្ស «ឆន្ទៈខ្មែរ» របស់លោក គង់ ម៉ូនីកា កូនប្រុសលោក គង់ គាំ ដៃគូនយោបាយរបស់លោក សម រង្ស៊ី។ នេះបើតាមការផ្សព្វផ្សាយនៅលើ Facebook ផ្លូវការរបស់គណបក្សឆន្ទៈខ្មែរ នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨នេះ។
តាមរយៈ Facebook របស់គណបក្សឆន្ទះខ្មែរ បានបញ្ជាក់ថា «ស្នាក់ការ ៧១ ដែលធ្លាប់ជាទីស្នាក់ការកណ្តាលរបស់គណបក្ស សម រង្ស៊ី អស់រយៈពេល១៧ឆ្នាំ (១៩៩៥-២០១២) និងជាប្រភពនៃអ្នកស្រលាញ់ប្រជាធិបតេយ្យជាច្រើនកន្លងមក បច្ចុប្បន្ននេះបានក្លាយជាទីស្នាក់កណ្តាលរបស់គណបក្ស ឆន្ទៈខ្មែរ»។
សូមជម្រាបថា អតីតទីស្នាក់ការរបស់គណបក្ស សម រង្ស៊ី មួយនេះ មានទីតាំងស្ថិតនៅផ្ទះលេខ ៧១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។
ប៉ុន្តែក្រោយពេលគណបក្ស សម រង្ស៊ី បានចាប់ដៃជាមួយគណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា បង្កើតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៣ ទីស្នាក់ការកណ្តាលរបស់គណបក្ស សម រង្ស៊ី ត្រូវបានទុកចោល ហើយ គណបក្សសង្គ្រោះជាតិ បានជ្រើសយកទីស្នាក់ការកណ្តាលស្ថិតនៅផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
គួរជម្រាបជូនផងដែរថា បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ កូនប្រុសរបស់លោក គង់ គាំ អតីតសមាជិកបក្សនេះ បានសម្រេចចិត្តបង្កើតគណបក្សឆន្ទៈខ្មែរ ព្រោះលោកអស់ជំនឿចិត្តទៅលើទណ្ឌិត សម រង្ស៊ី ដែលធ្លាប់តែអះអាងថា គណបក្សសង្រ្គោះជាតិនឹងរស់ឡើងវិញ ព្រមទាំងចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ទៀតផង។
គណបក្សឆន្ទៈខ្មែរ ក៏បានប្រារព្ធពិធីសម្ពោធស្លាកគណបក្ស នៅទីស្នាក់ការកណ្តាលរបស់ខ្លួនរួចហើយ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨កន្លងទៅ។
ក្រោយលើកស្លាកថ្មីនៅលើដីអតីតគណបក្សសម រង្ស៊ីនោះ គណបក្សឆន្ទៈខ្មែរបានអះអាងថា ទីកន្លែងនេះ នឹងបន្តបេសកកម្ម ឧត្តមគតិ និងមនសិការបស់ប្រជាពលរដ្ឋ ដែលចង់បានការផ្លាស់ប្តូរជាវិជ្ជមាន ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ ក្នុងការបោះឆ្នោតខាងមុខនេះ៕