(ត្បូងឃ្មុំ)៖ លោក កែវ ពិសិដ្ឋ អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតទាំងអស់ទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

ការអំពាវនាវនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ ខណៈលោកបានអញ្ជើញជួបសំណេះសំណាល និងចូលរួមក្នុងពិធីទទួលទានអាហារស្រាយបួស រ៉ាម៉ាឌន ជាមួយសាសនិកឥស្លាមនៅភូមិថ្មី ស្ថិតក្នុងឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

នៅក្នុងឱកាសនោះលោក កែវ ពិសិដ្ឋ បានលើកឡើងថា «យើងទាំងអស់គ្នា ពិតជាមានមោទនភាព ដែលប្រទេសជាតិរបស់យើង ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍ ហើយអ្វីដែលយើងមានមោទនភាពជាងគេនោះ គឺប្រទេសជាតិយើង មានសុខុដុមនីយកម្មខាងជាតិសាសន៍សាសនា ដែលបណ្តាប្រទេសតំបន់ខ្លះ ក៏ដូចប្រទេសមួយចំនួន នៅលើពិភពលោកនេះ ពុំទាន់ទាន់អនុវត្តបានដូចកម្ពុជា»។

លោកបានបន្តថា នេះជាគោលនយោបាយដ៏ត្រឹមត្រូវមួយ របស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែបន្តអនុវត្តន៍លើកកម្ពស់ការចូលរួម ក៏ដូចការធ្វើសមាហរណកម្ម ពហុសាសនានៅក្នុងសង្គមជាតិ ដើម្បីសេចក្តីសុខុដុមរមនារបស់សង្គមជាតិ។ ទន្ទឹមនឹងនេះលោកតំណាងរាស្រ្ត បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតទាំងអស់ទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាង មុខនេះ។

ក្នុងឱកាសនេះ តំណាងរាស្រ្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងនាំយកនូវអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តត្បូងឃ្មុំ ដោយឧបត្ថម្ភដល់សហគមន៍ខ្មែរឥស្លាម នៅតាមបណ្តាស្រុកទាំង៥របស់ខេត្តត្បូងឃ្មុំ នូវថវិកាចំនួន១០,៥៥៦ដុល្លារអាមេរិក សម្រាប់យកទៅប្រើប្រាស់ក្នុងខែបួសរ៉ាម៉ាឌននេះ។

ជាមួយគ្នានោះ លោកតំណាងរាស្រ្ត បានជួយឧបត្ថម្ភដល់វិហារ៣ និងសារ៉ាវ៧ នៅក្នុងឃុំពពេល នូវថវិកាចំនួន៥,៨០០,០០០ រៀល និង២,០០០ដុល្លារអាមេរិក។

ទីបញ្ចប់លោកតំណាងរាស្រ្ត បានអរគុណបងប្អូនខ្មែរឥស្លាម ដែលតែងតែបោះឆ្នោតគាំទ្រ CPP យ៉ាងច្រើនលើសលុប ដើម្បីរួមគ្នាការពារ សុខសន្តិភាព និងការអភិវឌ្ឍ៕