(ភ្នំពេញ)៖ ការរក្សាជំហរចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨របស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានក្លាយទៅជាដំបងរបស់អតីតអ្នកគាំទ្រ និងអតីតថ្នាក់ដឹកនាំជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ វាយសំពងមកលើគណបក្សនយោបាយថ្មីថ្មោងមួយនេះយ៉ាងខ្លាំង។

រាប់ចាប់តាំងពីអតីតអ្នកគាំទ្រតូចតាច អតីតថ្នាក់ដឹកនាំជាន់ រួមនឹងលោក សម រង្ស៊ី អតីតមេដឹកនាំបក្សដែលរំលាយព្រោះតែទង្វើក្បត់ជាតិនោះ បានរួមគ្នាប្រតិកម្ម រិះគន់ ជេរប្រមាថគណបក្សប្រជាធិបតេយ្យមូលដ្ឋានយ៉ាងខ្លាំង។ ពួកគេបានហៅបក្សប្រជាធិបតេយ្យ បង្កើតឡើងដោយបណ្តុំដោយមន្ត្រីអង្គការសង្គមស៊ីវិលធ្លាប់តែគាំទ្រអតីតបក្សសង្គ្រោះជាតិនេះ ជាបក្សអាប បក្សឡានបុក បក្សអាយ៉ង បក្សរណប បក្សទ្រជើងគ្រែ។ល។
ការប្រតិកម្មរបស់ក្រុមជនអស់សង្ឃឹមក្នុងសមរភូមិនយោបាយព្រោះទង្វើក្បត់ជាតិនេះ ក៏ព្រោះតែពួកគេមើលឃើញថា បក្សប្រជាធិបតេយ្យមូលដ្ឋានជាជម្រើសថ្មី និងកំពុងប្រមូលយកអតីតអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិ។

លោក យ៉ង់ សាំងកុមារ ថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាននៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានចេញសារឆ្លើយតបខ្លីមួយនៅលើទំព័រ Facebook របស់លោក ចំពោះការវាយប្រហារពីក្រោមអ្នកនយោបាយអស់ផ្លូវទាំងអស់នោះ។ លោក យ៉ង់ សាំងកុមារ បានចោទសួរថា តើពួកគេមានអារម្មណ៍យ៉ាងណា ប្រសិនបើពួកគេរង់ការចោទប្រកាន់បែបនេះ?

លោក យ៉ង់ សាំងកុមារ ថែមទាំងបានឆ្លើយតបទៅទណ្ឌិត សម រង្ស៊ី និងថ្នាក់ដឹកនាំអតីតបក្សសង្គ្រោះជាតិថា ការចូលរួមបោះឆ្នោត គឺជាជម្រើប្រសើរជាងពហិកា។

លោក យ៉ង់ សាំងកុមារ បានលើកឡើងថា «នៅពេលដែលមានគេវាយប្រហារថាគណបក្សរបស់អ្នកជា បក្សអាប បក្សឡានបុក បក្សអាយ៉ង បក្សរណប បក្សទ្រជើងគ្រែ។ល។ តើអ្នកមានអារម្មណ៍យ៉ាងណាដែរ? យើងមានការយោគយល់ និងគោរពនូវសេរីភាពបញ្ចេញមតិរបស់លោកអ្នក។ តែយើង ក៏ចង់បញ្ចេញមតិដែរ គឺការចូលរួមបោះឆ្នោតជាជម្រើសប្រសើរជាងពហិកាការបោះឆ្នោត»

គួរម្លឹកថា មួយរយៈកាលចុងក្រោយនេះ មន្ត្រីជាន់ខ្ពស់ គបម តែងតែបានបន្តវាយប្រហារទៅលើទណ្ឌិតសម រង្ស៊ី។ ជាក់ស្តែង កាលពីម្សិលមិញនេះ លោក សាម អ៉ីន អគ្គលេខាធិការ គបម ដែលជាអ្នកធ្លាប់ជួយជ្រោមជ្រែងអតីតគណបក្សសង្គ្រោះរបស់ទណ្ឌិត សម រង្ស៊ី កាលពីឆ្នាំ២០១៣ បានចាត់ទុកយុទ្ធនាការ «ដេកផ្ទះ ឈ្នះឯង» ថាជាគំនិតដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ជាងគិតពីប្រយោជន៍ប្រជាធិបតេយ្យនៅកម្ពុជា៕