(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ១,៦៣៣គ្រឿង រកឃើញល្មើសច្បាប់១២២គ្រឿង (ម៉ូតូ៦១ភាគរយ) អប់រំ៦១គ្រឿង និងផាកពិន័យ៦១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី០៣ ខែមិថុនានេះ ត្រួតពិនិត្យរួមបានចំនួន ៥៨៥គ្រឿង អប់រំ៤២គ្រឿង និងផាកពិន័យចំនួន ៣៣គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ សមត្ថកិច្ចនគរបាលឃាត់បានយានយន្ត៥១៩គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមិថុនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៨,៨០៨គ្រឿង រកឃើញយានយន្តល្មើស ១,២៥១គ្រឿង (ម៉ូតូ៧៤ភាគរយ) ក្នុងនោះអប់រំ ៤១៥គ្រឿង និងផាកពិន័យ ៨៣៦គ្រឿង (ម៉ូតូ៩៧%)៕