(ភ្នំពេញ)៖ ដើម្បីផ្សារភ្ជាប់ទៅនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ដូចជា បង្កើននូវភាពស្និតស្នាលជាមួយប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ និងអនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ រួមជាមួយអាជ្ញាធរដែនដី និងក្រុមការងារមួយចំនួនទៀត បានអញ្ជើញទៅជួបសំណេះសំណាល សួរសុខទុក្ខ និងស្តាប់សំណូមពរប្រជាពលរដ្ឋ ក្នុងបុរីសន្តិភាព២ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
នេះមិនមែនជាលើកដំបូងទេ ដែលលោកបានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋនៅសហគមន៍បុរីសន្តិភាព២ និងបានពិនិត្យស្ថានភាពរស់នៅជាក់ស្តែង របស់បងប្អូន នៅសហគមន៍នេះ ដែលកំពុងមានការរីកចំរើនគួរឲ្យកត់សំគាល់ ទាំងសំណង់លំនៅដ្ឋាន, ហេដ្ឋារចនាសម្ពន្ធ័ក៏ដូចជា ការរីកចំរើន លើផ្នែកជីវភាពរស់នៅរបស់បងប្អូនផងដែរ។
លោក ឃួង ស្រេង បានជំរាបទៅបងប្អូនប្រជាពលរដ្ឋ ដែលមកស្វាគមន៍លោកដោយភាពជឿជាក់ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សសន្យាធ្វើ មិនមែនសន្យាខ្យល់នោះទេ។ ជាក់ស្តែង យើងបានកសាងសមិទ្ធិផលជាច្រើន បំពេញតាមតម្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋនៅទីនេះ ដែលពីមុនតំបន់នេះគ្មានអ្វីទាំងអស់។ រហូតមកដល់ឥឡូវ បងប្អូនមានផ្ទះសំបែងរស់នៅសមរម្យ, មានទីផ្សារ, មានប្រពន្ធ័ទឹក, ភ្លើងរដ្ឋប្រើប្រាស់ មានសេវារថយន្តក្រុង និងសេវាសុខភាពជាដើម។
លោកបានជំរុញឲ្យមន្ត្រីជំនាញខិតខំធ្វើយ៉ាងណាបង្កើតប៉ុស្តិ៍សុខភាពមួយឲ្យបាននៅទីនេះ ដោយឲ្យសហគមន៍ផ្តល់ផ្ទះ២ល្វែង សំរាប់បង្កើតប៉ុស្តិ៍សុខភាពនេះ នៅចំកណ្តាលសហគមន៍ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋយើងមកទទួលសេវាសុខភាព។
លោកក៏បានណែនាំឲ្យមានការចាក់សាប និងដាក់ប្រពន្ធ័លូនៅចំណុចចំណតរថយន្តក្រុងឲ្យបានល្អប្រសើរផងដែរ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរដែនដីនឹង បន្តរៀបចំកែលំអរផ្លូវបេតុង និងដាក់ប្រពន្ធ័លូ ក្នុងសហគមន៍បន្តទៀត នៅក្រោយការបោះឆ្នោត និងក្រោយពីទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ ដែលនេះគឺជាការសន្យាធ្វើមិនមែនសន្យាខ្យល់នោះទេ។ សហគមន៍បុរីសន្តិភាព២ មានការអភិវឌ្ឍន៍ មិនចាញ់សហគមន៍ដទៃទៀត ក្នុងរាជធានីភ្នំពេញនោះឡើយ ក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, ការយកចិត្តទុកដាក់ពីរដ្ឋបាល រាជធានីភ្នំពេញ ដែលតែងតែចុះជាប់ដើម្បីបានដឹងពីសុខទុក្ខរបស់បងប្អូន ជាពិសេសទទួលបានការណែនាំ និងការគិតគូរដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាពលរដ្ឋជាប់ជានិច្ច។
លោក ឃួង ស្រេង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសិទ្ធបោះឆ្នោតសូមទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ ដើម្បីផ្តល់ឱកាសជូនសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំរាជរដ្ឋាភិបាលឆ្ពោះទៅរកការអភិវឌ្ឍន៏រីកចំរើនខ្លាំងក្លាបន្តទៀត។ សហគមន៍សន្តិភាព២ មានសហគមន៍ប្រជាពលរដ្ឋចំនួន៨ ស្មើនឹង២៥៥០គ្រួសារ ដែលភាគច្រើនបងប្អូន ប្រកបរបរលក់ដូរ, សេវាកម្ម និងកម្មកររោងចក្រ។
បងប្អូនទាំងជាង២ពាន់គ្រួសារនេះ ភាគច្រើនត្រូវផ្លាស់ប្តូរទីលំនៅបែបមិនរៀបរយចេញពីសហគមន៍ដីក្រហម, សហគមន៍បឹងកក់ និង១ផ្នែកទៀតមកពីប្រភពផ្សេងៗតាំងពីឆ្នាំ២០០៦, ២០០៩ និងឆ្នាំ២០១០៕