(ប៉េកាំង)៖ ស្ថានីយ៍ទូរទស្សន៍ដ៏ល្បី និងធំសម្បើមមួយរបស់ចិន CGTN (China Global Television Network) ដែលជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទៅកាន់ពិភពលោក បានផ្តល់ការសហការជាមួយអង្គភាពព័ត៌មាន Fresh News របស់កម្ពុជា ដើម្បីពង្រីកការផ្សព្វផ្សាយព័ត៌មានឲ្យកាន់តែទូលំទូលាយ។
ការផ្តល់សហការព័ត៌មានពីសំណាក់ស្ថានីយទូរទស្សន៍ដ៏ល្បី CGTN ត្រូវបានធ្វើឡើងបន្ទាប់ពីលោក លឹម ជាវុត្ថា នាយកប្រតិបត្តិរបស់ Fresh News និងគណៈប្រតិភូជាសមាជិក «The First Shanghai Cooperation Organization (SCO Media Summit)» មកពី១៧ប្រទេសផ្សេងទៀត បានអញ្ជើញទស្សនកិច្ចនៅ ស្ថានីយ៍ទូរទស្សន៍ CGTN ដែលមានទីតាំងនៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ដោយទទួលបានការស្វាគមន៍ពីសំណាក់អគ្គនាយកទូរទស្សន៍ CGTN លោក ជាំង ហឺពីង (Jiang Heping)។
នាយកប្រតិបត្តិ នៃអង្គភាពព័ត៌មាន Fresh News បានឲ្យដឹងថា ស្ថានីយទូរទស្សន៍ CGTN ជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានមួយរបស់ចិន មានភាពល្បីល្បាញយ៉ាងក្រៃលែង ដែលកំពុងផ្សព្វផ្សាយព័ត៌មានទៅកាន់ពិភពលោកចំនួន៨ភាសា។ លោកបញ្ជាក់ទៀតថា នៅពេលនេះកិច្ចសហប្រតិបត្តិរវាងកម្ពុជា-ចិន កំពុងត្រូវបានពង្រីកលើវិថីព័ត៌មាន។
ក្នុងនាមតំណាងឲ្យអង្គភាពព័ត៌មាន Fresh News លោកនាយក លឹម ជាវុត្ថា បានគោរពថ្លែងអំណរគុណចំពោះស្ថានីយ៍ទូរទស្សន៍ CGTN ដែលបានកិច្ចសហប្រតិបត្តិការលើវិស័យ ព័ត៌មានរវាងកម្ពុជា និងចិន ដើម្បីធ្វើឲ្យទំនាក់ទំនងកម្ពុជារឹតតែមានភាពជិតស្និទ្ធ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន។
សូមជម្រាបថា លទ្ធផលផ្លែផ្កាដ៏មានមោទនភាពនេះ ត្រូវបានលេចចេញឡើងក្នុងដំណើរទស្សនកិច្ចរបស់លោក លឹម ជាវុត្ថា ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ដែលក្នុងនោះ លោកក៏បានទៅទស្សនកិច្ចនៅស្ថានីយ៍ទូរទស្សន៍ដ៏ល្បីមួយទៀតរបស់ចិន CCTV និងទីស្នាក់ការសារព័ត៌មានចិន ស៊ីនហួ (Xinhua)។ ក្រៅពីនេះ លោក លឹម ជាវុត្ថា ក៏បានចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិដ៏ធំមួយនៅរាជធានីប៉េកាំង ជាមួយតំណាងស្ថាប័នព័ត៌មានមកពី១៧ប្រទេស ចូលរួមផងដែរ នោះគឺកិច្ចប្រជុំ The First Shanghai Cooperation Organization Media Summit (SCO) ផងដែរ៕