(ភ្នំពេញ)៖ ជំងឺបេះដូងសរសៃឈាម បណ្តាលមកពីការប្រើប្រាស់ថ្នាំជក់ និងការស្រូបផ្សែងបារីពីគេ បានសម្លាប់មនុស្ស ២លាននាក់ ជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០២០ ចំនួននេះនឹងឡើង៣លាននាក់។ ជាសរុបថ្នាំជក់សម្លាប់មនុស្ស៧លាននាក់លើពិភពលោក ចំពោះកម្ពុជាថ្នាំជក់ បានសម្លាប់មនុស្ស១ម៉ឺននាក់ក្នុងមួយឆ្នាំៗផងដែរ។
វេជ្ជបណ្ឌិត លឹម ស៊ីវុតថា ឯកទេសជំងឺបេះដូងសរសៃឈាមនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឲ្យដឹងថា ការជក់បារីបង្កឲ្យកកដុំកំណកខ្លាញ់ លើផ្ទៃនៃសរសៃឈាម ដែលបង្ករឲ្យស្ទះសរសៃឈាមបេះដូងទៅថ្ងៃក្រោយ លើសពីនេះទៀតវាធ្វើឲ្យកំណកឈាម នៅក្នុងសរសៃឈាមងាយកើតឡើង ដែលបណ្តាលអោយស្ទះសរសៃឈាមបេះដូង ក៏ដូចជាស្ទះសរសៃឈាមខួរក្បាល និងសរសៃឈាមផ្សេងៗទៀត។
នៅឆ្នាំ២០២០រៀងរាល់អ្នកស្លាប់១០នាក់ដោយសារជំងឺដែលទាក់ទង់នឹងថ្នាំជក់ មាន៧នាក់នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ តួយ៉ាងដូចប្រទេសកម្ពុជាជាដើម។ ធនាគារពិភពលោក បានឲ្យដឹងថាក្នុងមួយឆ្នាំៗពិភពលោកចំណាយថវិកា២០០ពាន់លានដុល្លារទៅលើការព្យាបាលជំងឺដែលបណ្តាលមកពីថ្នាំជក់ ហើយ៥០%នៃចំណាយនេះនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
វេជ្ជបណ្ឌិត លឹម ស៊ីវុតថា បន្ថែមទៀតថា អ្នកជំងឺបេះដូងសរសៃឈាម ប្រឈមមុខនឹងការព្យាបាលមួយជីវិត។ អ្នកជំងឺបេះដូងសរសៃឈាម ដែលរួចផុតពីការបាត់បង់ជីវិត គឺមិនអាចបំពេញការងារចិញ្ចឹមជីវិតប្រចាំថ្ងៃបានទេ ព្រមទាំងត្រូវចំនាយថវិការព្យាបាលជំងឺនេះពេញមួយជីវិតផងដែរ ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចគ្រួសារ។
លោក នូ ផល អ្នកជំងឺបេះដូងសរសៃឈាមដែលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានអោយដឹងថា គាត់ជក់បារីរយៈពេល២០ឆ្នាំហើយ ហើយឥឡូវគាត់មានអាការៈញ័រហត់ ពេញខ្លួន ស្ទើរទ្រាំមិនបាន។
ដូចនេះដើម្បីបន្ថយចំនួនអ្នកស្លាប់ និងពិការដែលបណ្តាលមកពីការប្រើប្រាស់ថ្នាំជក់នេះ គឺការអនុវត្តច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ត្រូវធ្វើឲ្យបានម៉ត់ចត់បំផុតដូចជា៖ ការបោះពុម្ពសារព្រមានសុភាពជារូបភាព និងជាភាសាខ្មែរនៅលើកញ្ចប់បារី ការហាមឃាត់ការជក់បារី នៅក្នុងអាគារនៃកន្លែងធ្វើការ និងកន្លែងសាធារណៈ កាហាមឃាត់ការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់គ្រប់ទំរង់ និងការដំឡើងពន្ធផលិតផលថ្នាំជក់ ៕