(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានលើកឡើងថា ជាង៣០ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាក ហើយបានបន្តជំរុញការអភិវឌ្ឍប្រទេសជាតិ ឱ្យបានរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានគណបក្ស។
លោកស្រីបន្តថា ជាក់ស្តែងនៅខេត្តប៉ៃលិន ពីមួយអាណត្តិទៅមួយអាណត្តិ គឺបានខិតខំអភិវឌ្ឍន៍តាមមូលដ្ឋាន ឃុំ/សង្កាត់ ដែលពីមុនពុំធ្លាប់មានសោះ ឥឡូវមាន ផ្លូវ ស្ពាន សាលារៀន មណ្ឌលសុខភាព ប្រព័ន្ធ ទឹក ភ្លើង និងសមិទ្ធផលនានាជាច្រើនទៀត ដែលបំរើឱ្យផលប្រយោជន៍ ក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ការថ្លែងរបស់លោកស្រីតំណាងរាស្ត្រ បានធ្វើឡើង នៅរសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨នេះ ក្នុងឳកាសដែលលោកស្រី និងលោក អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន ព្រមទាំងក្រុមការងារ ជួបសំណេះសំណាល សាកសួរសុខទុក្ខ សមាជិកបក្សចំនួន ២៣៤១នាក់។
សមាជិកបក្សទាំងនោះ មកពីភូមិចំនួន៨ គឺភូមិថ្មី ភូមិអូរច្រាកើត ភូមិអូរតាពុកក្រោម ភូមិវាលវង្ស ភូមិអូរពឺត ក្នុងសង្កាត់ទួលល្វា និងភូមិបរហ៊ុយជើង ភូមិបរតាំងស៊ូ ភូមិបរហ៊ុយត្បូង ក្នុងសង្កាត់បរយ៉ាខា ខេត្តប៉ៃលិន ដើម្បីផ្សព្វផ្សាយបន្ថែមពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការដឹកនាំប្រទេសជាតិនៅអណត្តិទី៦ បន្តទៀត។
នៅក្នុងឱកាសនោះដែរ លោក អ៊ី ឈាន បានជំរុញដល់សមាជិកគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ទាំងអស់ ត្រូវខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងបក្ស និងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ ដើម្បីពង្រីកសមាជិកបក្ស និងការគាំទ្រឱ្យកាន់តែច្រើនឡើង ជាពិសេស សមាជិកទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ សម្រាប់ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៦ ដែល គ.ជ.ប បានកំណត់ ឱ្យបានគ្រប់ៗគ្នា។
ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន បានផ្តាំសមាជិក និងប្រជាពលរដ្ឋទាំងអស់គ្នាថា សូមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីផ្តល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ សែន ជាប្រមុខ បន្តដឹកនាំ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាមូលដ្ឋានរបស់ពលរដ្ឋ ឱ្យកាន់តែរីកចម្រើនឡើងបន្ថែមទៀត៕