(ភ្នំពេញ)៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា កាលពីថ្ងៃទី២៥ ខែឧសភា បានប្រកាសក្នុងសន្និសីទមួយថា គណបក្សលោក នឹងដាក់ញ្ញត្តិតវ៉ាទៅស្ថាប័នរដ្ឋធំៗចំនួន៤ គឺស្ថាប័នរដ្ឋសភា, ខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម។ ការដាក់ញ្ញត្តិនេះ នឹងធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ ស្អែកនេះតែម្តង។
នៅចំពោះមុខបេក្ខជនឈរឈ្មោះទាំង១៧មណ្ឌល សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ លោក ពេជ្រ ស្រស់ បន្ថែមថា ការដាក់ញ្ញត្តិទៅក្រសួងកសិកម្ម គឺដើម្បីក្រសួងជួយយកទីផ្សារកសិកម្ម និងតម្លៃថ្លៃទីផ្សារកសិកម្ម ព្រោះលោកចង់សម្រួលដល់ប្រជាកសិករ ឲ្យមានជីវភាពកាន់តែប្រសើរ។
ដូចទៅនឹងការប្រកាសរបស់ខ្លួនកាលពីថ្ងៃទី២៥ ខែឧសភា កន្លងទៅ លោក ពេជ្រ ស្រស់ នៅតែអះអាងថា ថ្ងៃស្អែកនេះ គណបក្សយុវជនកម្ពុជារបស់លោក នឹងដាក់ញ្ញត្តិតវ៉ាទៅស្ថាប័នរដ្ឋសភា និងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធករណីប្រេងសាំងចេះតែបន្ដឡើងថ្លៃ និងតម្លៃផលិតផលកសិកម្មរបស់ប្រជាកសិករខ្មែរ ចេះតែបន្ដចុះថោក មិនសមស្របជាមួយការចំណាយ។
ថ្លែងលើបណ្តាញ Facebook នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ពេជ្រ ស្រស់ បានបញ្ជាក់ដូច្នេះ «នៅព្រឹកស្អែកនេះ (04/06/2018) វេលាម៉ោង 8:30ព្រឹក ខ្ញុំ ពេជ្រ ស្រស់ នឹងថ្នាក់ដឹកនាំគណបក្ស ១៧ខេត្តរបស់គណបក្ស យុវជនកម្ពុជា នឹងយកញត្តិទៅដាក់ជូនរដ្ឋសភា និងខុទ្ទកាល័យនាយករដ្ឋមន្រ្តី ដើម្បីទាមទារឲ្យក្រសួងពាណិជ្ជកម្មបញ្ចុះតម្លៃប្រេងសាំង និងទាមទារឲ្យក្រសួងកសិកម្មតម្លើងតម្លៃផលិតផលកសិកម្មជូនកសិករខ្មែរយើងក្នុងការធានានូវជីវភាពរបស់ពួកគាត់»៕