Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈគ្រប់គ្រងសាកលវិទ្យាល័យ UME ថ្លែងប្រាប់និស្សិតដែលត្រូវឡើងការពារសារណាថា «ការសិក្សាគ្មានដែនកំណត់នោះទេ»

03-06-2018 14:07

(កំពង់ចាម)៖ ថ្ងៃដែលនិស្សិតការពារសារណា មិនមែនជាថ្ងៃបញ្ចប់ការសិក្សានោះទេ ព្រោះចំណេះដឹង គឺយើងម្នាក់ៗត្រូវសិក្សាពេញមួយជីវិត។ នេះជាការលើកឡើងរបស់លោក មួន វាសនា ប្រធានគណៈគ្រប់គ្រងសាកលវិទ្យាល័យ UME និងជាទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន ក្នុងពិធីបើកឲ្យនិស្សិតការពាររបាយការណ៍ស្រាវជ្រាវ បញ្ចប់ការសិក្សារបស់ខ្លួន គឺនិស្សិតបរិញ្ញាបត្រជំនាន់ទី១៣ ឆ្នាំ២០១៨ ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម។

លោក មួន វាសនា បានថ្លែងថា ការសិក្សាខុសពីយើងធ្វើផែនការ ក្នុងកិច្ចការកសិកម្ម ដែលមានកំណត់ ៣ខែ ឬ៦ខែ ឬ៣ទៅ៥ឆ្នាំ -ល- ប៉ុន្តែ ការសិក្សាថ្វីត្បិតតែ ថ្ងៃនេះនិស្សិតទាំងអស់ ត្រូវ ឡើងការពាររបាយការណ៍ស្រាវជ្រាវ បញ្ចប់ការសិក្សារបស់ខ្លួនពិតមែន ប៉ុន្តែមិនមានន័យថា ការចេះដឹងនោះគ្រប់គ្រាន់អស់ហើយនោះទេ បានន័យថាសម្រាប់និស្សិតម្នាក់ៗត្រូវតែ បន្តការសិក្សារបស់ខ្លួនពេញមួយជីវិតតែម្តង ដើម្បីឲ្យតាមឲ្យទាន់ទៅនិងការអភិវឌ្ឍន៍របស់អ្នកវិទ្យាសាស្ត្រក្នុងសម័យទំនើបនេះ។

លោក មួន វាសនា បានថ្លែងទៅកាន់និស្សិតចំនួន១៣២នាក់ថា ក្នុងនាមយើងជាយុវជន ក្រោយការបញ្ចប់ការសិក្សា ត្រូវចេះជួបជុំគ្នា ជជែកវែកញែកគ្នា ដើម្បីរកគំនិតថ្មី សម្រាប់យក មកធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនផង និងប្រយោជន៍សង្គមជាតិផង ជៀសវាងការជួបជុំហើយនាំគ្នាផឹកតែគ្រឿងស្រវឹង ដែលជាប្រការនាំឲ្យខូចសុខភាព ឬអាចជួបបញ្ហាផ្សេងៗ ឬ ជាការ ចំណាយពេលឥតប្រយោជន៍។

ជាមួយគ្នានោះ ប្រធានគណៈគ្រប់គ្រង សាកលវិទ្យាល័យ UME រូបនេះ ក៏បានផ្តាំផ្តាំផ្ញើដល់និស្សិតទាំងអស់ផងដែរថា ក្នុងថ្ងៃការពារសារណានេះ សូមនិស្សិតទាំងអស់បង្កើនភាពក្លាហាន និងត្រូវអនុវត្តន៍តាមការណែនាំ របស់គណៈកម្មការដែលបានណែនាំ ក្នុងពេលឡើងការពារសារណានោះ៕