(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៨ នៅស្នាក់ការគណបក្សបករជាជនកម្ពុជា ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ មានការរៀបចំពិធីបញ្ចូលសមាជិកថ្មីគណបក្ស ចំនួន៣៤៤នាក់ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបរសេដ្ឋ។ ចូលរួមក្នុងពិធីនេះរួមមានលោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ និងជាប្រធានក្រុមការងារ អស់លោក លោកស្រីជា ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារចុះជួយឃុំភារីមានជ័យ លោកអភិបាលស្រុកបរសេដ្ឋ មេឃុំ មេភូមិ និងប្រជាជនដែលត្រូវប្រកាសបញ្ចូលជាសមាជិកបក្សថ្មី។
បន្ទាប់ពីស្តាប់ពាក្យស្នើសុំចូលបក្ស ការប្រកាសទទួលស្គាល់សមាជិកបក្ស និងការប្តេជ្ញាចិត្តរបស់សមាជិកថ្មីរួចមក
លោក យឹម សុខុម បានរំឭកជូនសមាជិកទាំងអស់អំពីការបង្កើតបក្សប្រជាជនបដិវត្តន៍ខ្មែរ នៅឆ្នាំ១៩៥១ ការតស៊ូប្រឆាំងបារាំង និងការទទួលបានឯករាជ្យនៅឆ្នាំ ១៩៥៣។ លោកបានបន្តថា រដ្ឋប្រហារលន់ នល់ បាននាំឱ្យប្រជាជនចូលព្រៃម៉ាគីតស៊ូតាមការអំពាវនាវរបស់ព្រះ ករុណានរោត្តម សីហនុ។ បន្ទាប់មកពួកប៉ុល ពត បានឡើងកាន់អំណាច និងបានកាប់សម្លាប់ប្រជាជន។ ថ្ងៃ៧មករា ១៩៧៩ បក្សប្រជាបដិវត្តន៍កម្ពុជាបាននាំប្រជាជនក្រោកឡើងរំដោះជាតិឱ្យរួចពីការកាប់សម្លាប់របស់ពួក ប៉ុល ពត។
ជាមួយគ្នានោះ លោក យឹម សុខុម បានផ្តាំផ្ញើថា ពេលក្លាយជាសមាជិកបក្ស យើងមានកាតព្វកិច្ចដូចខាងក្រោម៖
១) ត្រូវប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួនលក្ខន្តិកៈ កម្មវិធីនយោបាយ និងច្បាប់រដ្ឋ
២) ត្រូវមានទស្សនៈគោលជំហរច្បាស់លាស់ ជឿជាក់លើការដឹកនាំរបស់គណបក្ស
៣) កុំជឿលើការឃោសនា កុំចាញ់បោកគេ
៤) ត្រូវចេះជួយគ្នានៅក្នុងភូមិ ពេលមានបញ្ហាត្រូវរាយការណ៍
៥) ត្រូវទៅបោះឆ្នោត និងចលនាបងប្អូនទៅបោះឆ្នោត។
បន្ទាប់មក លោកទេសរដ្ឋមន្ត្រីបានមានថ្លែងថា ការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ។ ស្រុកយើងសព្វថ្ងៃបានសុខសន្តិភាពយ៉ាងតិច ២០ឆ្នាំហើយ។ ដោយសារមានសុខសន្តិភាព ទើបយើងអាចអភិវឌ្ឍ និងកសាងជាតិឱ្យមានការរីកចម្រើន។ រាល់ខែ ប្រាក់ខែកម្មករចូលស្រុកបរសេដ្ឋយ៉ាងតិច២លានដុល្លារ។ កម្មកររបស់យើងបានទទួលអត្ថប្រយោជន៍ជាច្រើនកន្លងមក ហើយនឹងបន្តទទួលបានអត្ថប្រយោជន៍តទៅទៀតនៅអាណត្តិខាងមុខ។ ពីឆ្នាំ២០១៨ដល់២០២៣ ប្រាក់ខែកម្មករយ៉ាងតិចនឹងទទួលបាន១លានរៀល។ យើងត្រូវបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តទទួលបានអត្ថប្រយោជន៍ និងបន្តរក្សាសមិទ្ធផលសង្គម។ យើងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺមានន័យថា យើងចង់បន្តរក្សាសមិទ្ធផលសង្គម។
ប្រទេសយើងសព្វថ្ងៃ ប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស។ នៅពេលបោះឆ្នោតមានគណបក្សច្រើន ហើយយើងរៀបចំការបោះឆ្នោតជាទៀងទាត់ ៥ឆ្នាំម្តង។ ចំណុចសំខាន់នៅត្រង់ថា យើងទាំងអស់គ្នាស្រលាញ់ប្រជាធិប តេយ្យ ដូច្នេះ ត្រូវនាំគ្នាទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ បើមិនទៅបោះឆ្នោត គឺមិនមានបញ្ហាទេ។ តែកុំរារាំងគេមិនឱ្យទៅបោះឆ្នោត និងកុំយកម្រាមដៃជ្រលក់ថ្នាំលាបសក់។ អំពើទាំងនេះនឹងទទួលរងការផាកពិន័យជាប្រាក់ពី៥ ទៅ១០លានរៀល និងទទួលរងការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌផងដែរ។
កន្លងមក គណបក្សប្រឆាំងវាយតម្លៃមិនដែលត្រូវទេ។ គណបក្សសង្គ្រោះជាតិបានរលាយហើយ។ គាត់មិនអាចរស់ឡើងវិញទេ។ គាត់សារភាពថា បានរៀបចំធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរបប។ យើងឃើញថា ពួកប្រឆាំងអសមត្ថភាព គ្រាន់តែទូរទស្សន៍ក៏រៃអង្គាសពីប្រជាជន ហើយធ្វើមិនបានទៀត។ អាងលើបរទេស ឱ្យបរទេសដាក់គំនាប និងផ្តាច់ជំនួយ។ គាត់ក៏ប្រាប់បរទេសកុំឱ្យបរទេសមកវិនិយោគនៅស្រុកខ្មែរ ដែលជានយោបាយបំបែកឆ្នាំងបាយរបស់កម្មករ។ នៅពេលរោងចក្របិទទ្វារ យើងអត់ការងារធ្វើ។ ជាមួយគ្នានោះ ពួកប្រឆាំងបានធ្វើនយោបាយតាមការបង្គាប់បញ្ជារបស់បរទេស និងបំផ្លាញសន្តិភាព។ ទាំងនេះជាអំពើក្បត់ជាតិ។
ដូច្នេះ ពេលបោះឆ្នោតថ្ងៃទី២៩ កក្កដាខាងមុខ ប្រជាជនយើងទៅបោះឆ្នោតឱ្យបានគគ្រឹកគគ្រេង នោះនឹងបញ្ចប់ជីវិតនយោបាយរបស់ពួកប្រឆាំងហើយ។ សមាជិកគណបក្សយើង ត្រូវទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា ហើយនាំអ្នកផ្សេងឱ្យទៅបោះឆ្នោតផងដែរ។
មុននឹងបញ្ចប់ លោកទេសរដ្ឋមន្រ្តីបានសួរបញ្ជាក់ និងផ្តល់រង្វាន់ដល់សមាជិកថ្មីដែលឆ្លើយយ៉ាងច្បាស់ស្រុះគ្នាថា៖ ១) ប្រទេសយើងជាប្រទេសកាន់របបប្រជាធិបតេយ្យសេរីពហុបក្ស យើងមានការបោះឆ្នោតជាទៀងទាត់៥ឆ្នាំម្តង, ២) យើងសព្វថ្ងៃជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប កម្រិតជីវភាពប្រជាពលរដ្ឋបានប្រសើរជាងមុន, ៣) បងប្អូនប្រជាពលរដ្ឋនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គ្រប់ៗគ្នា។
នៅទីបញ្ចប់ លោកទេសរដ្ឋមន្ត្រីបានផ្តាំផ្ញើដល់សមាជិកទាំងអស់ថា យើងស្រឡាញ់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ កក្កដា ត្រូវគូសឱ្យចំលេខរៀងទី២០ ដែលមានរូបទេវតាបាចផ្កា៕