(កណ្ដាល)៖ លោក លី សាម៉េត ជាក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយអភិវឌ្ឍន៍នៅមូលដ្ឋាន នៅក្នុងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុងបានធ្វើការអំពាវនាវទៅដល់ប្រជាជនទូទាំងប្រទេស ត្រូវទៅចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ ខាងមុខនេះ សំរាប់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦។
ក្នុងពិធីសំណេះសំណាលជាមួយបុគ្គលិក កម្មករ របស់ក្រុមហ៊ុនអេង ឌី ប៉ូ អភិវឌ្ឍន៍ និងប្រជាពលរដ្ឋ នៅឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាលនាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៨ លោក លី សាម៉េត ថ្លែងថា “ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ រយៈពេលមិនដល់២ខែនោះទេ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់គ្នាត្រូវទៅចូលរួមបោះឆ្នោត ដើម្បីជ្រើសរើសអ្នកដឹកនាំល្អ ដែលដឹកនាំប្រទេសអោយមានការរីកចំរើនដូចសព្វថ្ងៃនេះ”។
លោកបន្តថាបច្ចុប្បន្នប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ គឺដោយសារសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវ យុទ្ធសាស្រ្តឈ្នះ ឈ្នះ និងបានធ្វើការបង្រួបបង្រួម ជាតិតែមួយ សម្តេចតេជោបានដឹកនាំប្រទេសដែលមានកំណើនសេដ្ឋកិច្ច ក្នុងស្រុករហូតដល់ជាង៧%ក្នុង១ឆ្នាំៗ។
ក្នុងពិធីសំណេះសំណាលនេះដែរ លោក លី សាម៉េត បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ និងរួមគ្នាថែរក្សានូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឲ្យបានគង់វង្ស សម្រាប់ទុកបន្តដល់កូនចៅ ជំនាន់ក្រោយៗទៀត។ ហើយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវតែប្រព្រឹត្តអំពើល្អ និងបម្រើសេវាសាធារណៈឲ្យបានល្អប្រសើរជូ នប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ រួមគ្នាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ អនុវត្ដឲ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីភូមិ-ឃុំមានសុវត្ថិភាព ជៀសឲ្យផុតពីគ្រឿងញៀន មិនត្រូវមានបងតូច បងធំ និងក្រុមក្មេងទំនើង និងចូលគោរពច្បាប់ចរាចរណ៍ និងមិនត្រូវជឿតាមការញុះញង់របស់ជនអគតិមួយក្តាប់តូច ដែលតែងតែរារាំងដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិនោះទេ។
លោក លី សាម៉េត បានលើកឡើងថា ផឹកទឹក កុំភ្លេចប្រភព បានផ្លែហូប កុំភ្លេចអ្នកដាំ យើងមានការរស់នៅរហូតដល់ថ្ងៃនេះ គឺរៀបចំដោយសុខសន្តិភាពនិងភាពសម្បូរសប្បាយ និងគ្មានការភិតភ័យអ្វីទាំងអស់ នេះហើយជាការដឹកនាំដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំធ្វើការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិដូចសព្វថ្ងៃនេះ ហើយពីមួយថ្ងៃទៅមួយថ្ងៃ ជីវភាពរស់នៅរបស់ប្រជាជន ក៏បានប្រែមុខមាត់គួរឲ្យកត់ សម្គាល់ផងដែរ។
លោកឧកញ៉ា ឌី ប៉ូ អគ្គនាយកកក្រុមហ៊ុនអេង ឌី ប៉ូ អភិវឌ្ឍន៍ ជាក្រុមហ៊ុនដែលវិនិយោគលើវិស័យកសិកម្មដំណាំស្រូវធំជាងគេ នៅក្នុងប្រទេសកម្ពុជា និងជាសមាជិកគណបក្សប្រជាជនកម្ពុជា បានលើកទឹកចិត្តទៅដល់បុគ្គលិក កម្មកររបស់ក្រុមហ៊ុន និងប្រជាពលរដ្ឋ សូមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស កំពុងបន្តដឹកនាំរដ្ឋាភិបាលដែលមានការរីកចំរើនដូចសព្វថ្ងៃនេះ។
លោកបានអំពាវនាវដល់ប្រជាជនត្រូវចូលរួមបោះឆ្នោតឲ្យបានគ្រប់គ្រប់គ្នា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ នាពេលខាងមុខកុំបីអាក់ខានឡើយ និងត្រូវជ្រើសរើសថ្នាក់ដឹកនាំដែលបានរួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ មិនចេះភូតភរ កុហកបោកប្រាស់ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកវឌ្ឍនភាព និងធានាបាននូវសុខសន្តិភាពជូនប្រទេសជាតិ៕