(កំពង់ធំ)៖ លោក ថោង ខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋ ឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងណែនាំឲ្យក្រុមការងារគណបក្សរៀបចំមធ្យោបាយឲ្យបានរួចជាស្រេច ដើម្បីត្រៀមក្នុងការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នាពេលខាងមុខ។
លោកលើកឡើងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយក្រុមបក្ស និងសាខាបក្សប្រមាណ៣០០នាក់ នៅឃុំស្រឡៅ ស្រុកបារាយណ៍ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨។
លោកបានលើកឡើងអំបពីនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន ទើបធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព មានការបង្រួបបង្រួមជាតិ មានរដ្ឋធម្មនុញ្ញាតែមួយ មានកងកម្លាំងប្រដាប់អាវុធតែមួយ មាន ស្ថិរភាពនយោបាយ ដែលនាំមកនូវការអភិវឌ្ឍរហូតដល់សព្វថ្ងៃ។
ពាក់ព័ន្ធនឹងគណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី២០ ត្រូវបានលោក ថោង ខុន បានបញ្ជាក់ថា ការបិទបញ្ចប់សង្គ្រាមនៅកម្ពុជាមានរយៈពេល២០ឆ្នាំមកហើយ តាំងពីឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០១៨នេះ។ លោក ថោង ខុន បានប្រាប់ប្រជាពលរដ្ឋថា នេះជាភ័ព្វសំណាង និងជាចំណុចល្អពិសេសមួយដែលគណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី២០ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ដែលស្របនឹងខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា។
លោកបានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋទៀតថា កម្ពុជាជាប្រទេសប្រកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងជាប្រទេសប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ ប្រទេសជាច្រើនលើសកលលោកដែលស្រលាញ់ និងប្រកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងសន្តិភាព (ដូចអ្វីដែលកម្ពុជាបាននិងកំពុងអនុវត្ត) បានគាំទ្រចំពោះដំណើរការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មានដូចជា ចិន រុស្សី ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា បារាំង តួកគី អូស្ត្រាលីជាដើម។
ជាមួយគ្នានោះ លោកបានណែនាំឲ្យសមាជិកបក្សរៀបចំស្លាកសញ្ញាគណបក្ស មធ្យោបាយ និងឧបករណ៍បម្រើដល់ការឃោសនាបោះឆ្នោត នាថ្ងៃទី០៧-២៧ ខែមិថុនា ឆ្នាំ២០១៨ ខាងមុខ សំដៅសម្រេចឲ្យបានជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោត សូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់គ្នា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ។
លោកថែមទាំងបានផ្ដាំផ្ញើប្រាប់ប្រជាពលរដ្ឋថា មុនគូសសញ្ញាធិក (√) គាំទ្រគណបក្ស ត្រូវពិនិត្យមើលលេខរៀង ឈ្មោះគណបក្ស រូបសញ្ញាគណបក្ស និងគូសសញ្ញាធិក ឲ្យបានត្រឹមត្រូវនៅលើប្រអប់សញ្ញាគាំទ្រ ឬក្រឡោន៤ជ្រុងទ្រវែងរបស់គណបក្សប្រជាជនកម្ពុជា។ លោកក៏បានហាមប្រាមប្រជាពលរដ្ឋកុំចូលរួមជាមួយចលនា «ដេកផ្ទះឈ្នះឯង» តាមការអំពាវនាវរបស់ក្រុមប្រឆាំងឲ្យសោះ ព្រោះការអំពាវនាវនេះជាសកម្មភាពខុសច្បាប់៕