(ភ្នំពេញ)៖ អង្គការមូលនិធិ សប្បុរសធម៌តៃវ៉ាន់ Lions club international Taiwan Area (Ping shin Lions) Organization បាននាំយកអំណោយជាសម្ភារៈសិក្សា ចែកជូនដល់សិស្សជួបការលំបាកចំនួន៤០នាក់ នៅវិទ្យាល័យជាស៊ីមចំរើនរដ្ឋក្នុងខណ្ឌឬស្សីកែវ ដើម្បីសម្រួលការលំបាកដល់សិស្ស ដែលកំពុងជួបការខ្វះខាត។
ការចែកអំណោយនេះធ្វើឡើងនារសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៨ នាវិទ្យាល័យជាស៊ីមចំរើន។ លោក Joe Su តំណាងអង្គការមូលនិធិ សប្បុរសធម៍ Lions club international Taiwan Area បានលើកឡើងថា ការឧបត្ថមជាសម្ភារៈសិក្សា ដែរមានសៀវភៅ ប៊ិច និងកាបូបដល់សិស្សជួបការលំបាកនាថ្ងៃនេះ ដើម្បីសម្រួលការលំបាកខ្លះៗរបស់សិស្ស ក៏ដូចជា លើកទឹកចិត្ត និងជំរុញបន្ថែម អោយសិស្ស មានកំលាំងចិត្ត ដើម្បីបន្ដការសិក្សាទៅមុន បានវែងឆ្ងាយ និងមិនសម្រេចចិត្តបោះបង់ចោលនូវការសិក្សា។
លោកបន្តថា «បើទោះបីជាខ្ញុំជនជាតិតៃវ៉ាន់ ក៏ដោយតែខ្ញុំចង់ឃើញ សិស្សានុសិស្សកម្ពុជាទាំងអស់ ខិតខំសិក្សា ដើម្បីអភិវឌ្ឍខ្លួនអោយក្លាយ ទៅជាធធានមនុស្សមួយដ៏ចាំបាច់ក្នុងសង្គម ហើយអាចប្រែក្លាយវាសនាខ្លួន គ្រួសារ និងសង្គមជាតិបាននាថ្ងៃខាងមុខ»។
លោកបញ្ជាក់ថា អង្គការមូលនិធិ សប្បុរសធម៍តៃវ៉ាន់ នឹងបន្តឧបត្ថមជាសម្ភារៈសិក្សា និងតម្រូវការក្នុងវិស័យអប់ជាច្រើនផ្សេងទៀត ដើម្បីរួមចំណែក លើកកម្ពស់វិស័យអប់រំ និងពង្រឹងធធានមនុស្សបន្ថែមនៅកម្ពុជា ពោលគឺប្រទេសជាតិមួយ អាចរីកចម្រើទៅបាន ក៏អាស្រ័យលើធនធានមនុស្សរឹងមាំ។
លោក ឌី ទេពកោសល្យ នាយកសាលាវិទ្យាល័យជាស៊ីមចំរើនរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ពលរដ្ឋតៃវ៉ាន់ ជាម្ចាស់ជំនួយនេះ ដែលបានផ្ដល់ សម្ភារៈសិក្សាជូនដល់ សិស្សជួបការលំបាកក្នុងវិទ្យាល័យនេះ។
លោកសង្ឃឹមថា អង្គការមូលនិធិ សប្បុរសធម៍តៃវ៉ាន់ នឹងបន្តជួយឧបត្ថមជាសម្ភារៈសិក្សា និងតម្រូវក្នុងផ្នែកអប់រំផ្សេងទៀត ដល់សិស្សជួបការលំបាកក្នុងវិទ្យាល័យជាស៊ីមថែមទៀត។
សូមបញ្ជាក់ថា អង្គការមូលនិធិ សប្បុរសធម៍ Lions club international Taiwan Area (Ping shin Lions) Organization គឺជាស្ថាប័នមួយ ដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់ ហើយត្រូវបានបង្កើតឡើង ដោយមានការសហការរួមគ្នារបស់ពលរដ្ឋតៃវ៉ាន់ ដើម្បីជួយដល់ពលរដ្ឋ ជួបការលំបាកក្នុងប្រទេស និងក្រៅប្រទេស ដោយផ្តោតសំខាន់លើការជួយលើផ្នែកអប់រំ ជនចាស់ជរា និងជនទីទល់ក្រ៕